(ភ្នំពេញ)៖ ការពិតរឿងក្តីក្តាំរបស់ក្រុមហ៊ុន World City ដែលជាក្រុមហ៊ុនកំពុងវិនិយោគទីក្រុងរណប CAMKO CITY បាននិងកំពុងអូសបន្លាយ និងត្រូវបានអ្នកនយោបាយកូរ៉េ ចូលរួមពាក់ព័ន្ធលើកិច្ចការនេះ ដែលធ្វើឲ្យនីតិវិធីក្នុងតុលាការកម្ពុជា កាន់តែមានភាពស្មុគ្រស្មាញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមិថុនានេះ។

ដំណើរការនីតិវិធីដើម្បីបញ្ចប់នូវជម្លោះនេះ កាន់តែមានសភាពកាន់តែមានភាពស្មុគ្រស្មាញ បើទោះបីជាក្រុមហ៊ុន World City តែងតែបង្ហាញសឆន្ទៈដោះស្រាយ ដើម្បីបញ្ចប់បញ្ហាក្តី។ រឿងវិវាទនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៤ ហើយរឿងក្តីនេះ បានបន្តអូសបន្លាយរហូតទល់ពេលនេះ ខណៈសំណុំរឿងនេះបានឈានមកដល់សាលាឧទ្ទរណ៍ មុនពេលរឿងក្តីនេះ ត្រូវជំនំជំរះបញ្ចប់។

កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៩ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន World City ប្រចាំកម្ពុជា លោក Kim Sang Joo បានឲ្យដឹងថា កន្លងមកសមាជិកសភាកូរ៉េខាងត្បូង លោក Jeon Jae Su ដែលបានមកកម្ពុជា និងបានចូលរួមក្នុងសវនាកាសាលាឧទ្ទរណ៍កាលពីសប្តាហ៍មុន បានចោទប្រកាន់ក្រុមហ៊ុន World City ថាជាអ្នកធ្វើឲ្យធនាគារប៊ូសាន ដែលជាធនាគារផ្តល់មូលនិធិដល់ការបង្កើតទីក្រុងរណបដំបូងគេ នៅក្រុងភ្នំពេញដួលរលំ។

លោក KIM បានឆ្លើយតបថា ការលើកឡើងរបស់សមាជិកសភារូបនោះ គឺមិនត្រឹមត្រូវទេ ព្រោះថាក្នុងគ្រានៃការដួលរលំរបស់ធនាគារនេះ ទឹកប្រាក់កម្ចីខូចមានចំនួនជាង ៤០០០លានដុល្លារអាមេរិក ខណៈដែលទឹកប្រាក់ប្រហែលជាជិត១៣៧លានដុល្លាអាមេរិកតែប៉ុណ្ណោះ ត្រូវបានវិនិយោគគម្រោងទីក្រុង Camko។

លោកបានបន្តទៀតបន្តថា បន្ទាប់ពីធនាគារប៊ូសានដួលរលំ ស្ថាប័នមួយឈ្មោះក្រុមហ៊ុនធានារ៉ាប់រងប្រាក់បញ្ញើកូរ៉េ Korea Deposit Insurance Corporation (KDIC) បានទទួលបន្ទុកការងារប្រមូលកម្ចីខូច ដែលធនាគារប៊ូសានធ្លាប់ផ្តល់ឲ្យទៅគម្រោងនានា នៅគ្រាមុនក្ស័យធន។ ជាការកត់សម្គាល់ ស្ថាប័ននេះប្រមូលបានតិចជាង៤០ភាគរយនៃទឹកប្រាក់ ដែលធនាគារប៊ូសាន បានផ្តល់ទៅឱ្យគម្រោងផ្សេងៗ នៅប្រទេសកម្ពុជាប៉ុណ្ណោះ។

តាមពិតស្ថាប័ននេះ មិនទាន់បានប្រមូលកម្ចីដែលខ្លួន បានឱ្យគម្រោងទីក្រុង Camko នៅឡើយទេ ដោយសារតែមានការតវ៉ាពីក្រុមហ៊ុន World City ទៅលើទឹកប្រាក់ដែលស្ថាប័ននេះ បានទាមទារលើសលុបពី World City ។

លោកបន្ថែមថា ក្រុមហ៊ុន World City មិនមែនជាអ្នកខ្ចីកម្ចីពីធនាគារប៊ូសាននោះទេ ។ តាមពិតទៅធនាគារនេះ បានផ្តល់កម្ចីឲ្យក្រុមហ៊ុនកូរ៉េមួយឈ្មោះ LMW ហើយក្រុមហ៊ុន LMW នេះបានផ្តល់កម្ចីមកក្រុមហ៊ុន World City ក្នុងទឹកប្រាក់ចំនួនប្រហែលជា១៣៧ លានដុល្លារអាមេរិក។ ដូច្នេះ ក្រុមហ៊ុន World City មានកាតព្វកិច្ចទូទាត់ប្រាក់ជូន តែទៅក្រុមហ៊ុន LMW តែប៉ុណ្ណោះ ហើយក្រុមហ៊ុន LMW និងធនាគារប៊ូសាន គួរដោះស្រាយវិវាទផ្ទាល់ខ្លួន មិនគួរឲ្យពាក់ព័ន្ធនឹងក្រុមហ៊ុន World City ទេ។ ប៉ុន្តែ ក្រុមហ៊ុន World City ក៏ចង់ជួបបញ្ចប់វិវាទរវាងក្រុមហ៊ុនទាំងពីរនេះដែរ ទើបខ្លួនបានស្នើយល់ព្រមកាត់ដី៥០ហិកតា ដែលមានតម្លៃរហូតដល់៥០០លានដុល្លារ ជូនដល់ស្ថាប័ន KDIC ក្តី ប៉ុន្តែស្ថាប័ននេះ បានទាមទារសំណងរហូតដល់៦០០លានដុល្លារពី World City ដែលជាការទាមទារមិនអាចទទួលយកបាន។

លោក Kim Sang Joo បានបន្តដោយបង្ហាញសុឆន្ទៈក្នុងការដោះស្រាយបញ្ហានេះ ដោយលោកបានមានប្រសាសន៍ឲ្យដឹងទៀតថា «ក្រុមហ៊ុន World City នៅតែស្វាគមន៍ និងអង្គុយចរចា ដើម្បីបញ្ចប់សំណុំរឿងនេះ ហើយគ្មានចេតនាណាមួយ ដើម្បីគេចវេសមិនដោះស្រាយនោះទេ»។

លោកបន្តថា «យើងចង់បញ្ចប់រឿងនេះ ដើម្បីអាចឲ្យក្រុមហ៊ុនបន្តអភិវឌ្ឍន៍គម្រោងនេះតទៅមុខទៀត ហើយបើទោះ World City ឈ្នះរឿងក្តីនេះ នៅតុលាការកម្ពុជាក៏ដោយ ក៏ក្រុមហ៊ុននៅតែមានចេតនា បន្តផ្តល់លុយដែលធនាគារប៊ូសាននេះ ផ្តល់ដល់គម្រោង Camko ត្រឡប់ទៅធនាគារនេះវិញជាមួយ នឹងប្រាក់បន្ថែមសមរម្យ»

លោក Kim បានចាត់ទុកសមាជិកសភាកូរ៉េខាងត្បូងលោក Jeon Jae Su ដែលបានលូកដៃចូលក្នុងរឿងនេះ និងបានទៅកាន់សាលាឧទ្ទរណ៍ កាលពីថ្ងៃទី១៤ មិថុនាកន្លងមកនេះ ជាបុគ្គលប្រើអារម្មណ៍ផ្ទាល់ខ្លួន តាមរយៈការលើកឡើងពីអ្វីដែលគាត់បាននិយាយថា ដើម្បីជួយប្រជាជនរងគ្រោះជាជនជាតិកូរ៉េ ប៉ុន្តែការពិតគាត់ចង់បានប្រជាប្រិយភាព ដើម្បីប្រជាជនបោះឆ្នោតជូនគាត់ ព្រោះប្រទេសកូរ៉េនឹងធ្វើការបោះឆ្នោតជ្រើសរើសសមាជិកសភា នៅឆ្នាំ២០២០ខាងមុខនេះ។

លោកបានបន្តថា “ប្រសិនជាសមាជិកសភាកូរ៉េរូបនេះមានចេតនាដោះស្រាយរឿងនេះ និងមានសុឆន្ទៈដោះស្រាយរឿងនេះដើម្បីជួយប្រជាជនកូរ៉េពិតប្រាកដ លោកគួរជម្រុញស្ថាប័ន KDIC អោយទទួលយកសំណើរដែលក្រុមហ៊ុនវើលដ៌ ស៊ីធីបានធ្វើឡើង ដើម្បីយកជូនប្រជាជនកូរ៉េ ដែលលោកអះអាងថាពួកគេជាអ្នករងគ្រោះ”។

លោក Kim Sang Joo បានបន្តឲ្យដឹងថា តុលាការកម្ពុជាក៏ធ្លាប់ព្យាយាមសម្របសម្រួលរឿងនេះផងដែរ ប៉ុន្តែ KDIC បន្តបដិសេធ ហើយ World City ក៏ព្យាយាមសម្របសម្រួល និងចរចាដើម្បីបញ្ចប់ក្តីក្តាំនេះផងដែរ។

ទាក់ទងករណីអគ្គនាយកក្រុមហ៊ុននេះ ត្រូវប៉ូលីសស្វែងរកចាប់ខ្លួន លោក Kim Sang Joo បានពន្យល់ថា ករណីនេះជាការរៀបចំមួយរវាង KDIC និងស្ថាប័នអយ្យការកូរ៉េ ដើម្បីដាក់សម្ពាធដល់អ្នកគ្រប់គ្រងក្រុមហ៊ុន LMW តាមរយៈការចាប់ខ្លួនលោក Lee ដោយពួកគេបង្វិលសាច់រឿងនេះ ពីរឿងបែបរដ្ឋប្បវេណី ទៅជារឿងព្រហ្មទណ្ឌ ដោយសារតែលោក Lee មិនបានចូលខ្លួនទៅស្ថាប័នអយ្យការ សម្រាប់ការស៊ើបអង្កេត ព្រោះលោកមមាញឹកការងារនៅកម្ពុជា។

លោក Lee ក៏បានជូនដំណឹងពីមូលហេតុ ដែលលោកមិនអាចទៅទីនោះបាន ហើយបានស្នើឱ្យតំណាងអយ្យការផ្ញើជាលិខិត សម្រាប់គោលបំណងលើការស៊ើបអង្កេត ព្រមទាំងសន្យាថា នឹងឆ្លើយតបនូវរាល់សំណួរដោយស្មោះត្រង់។

លោកបន្តថា «ករណីបែបនេះធ្លាប់ត្រូវបានធ្វើឡើងម្តងរួចមកនៅ អយ្យការតុលាការកំពូលប្រទេសកូរ៉េក្នុងឆ្នាំ២០១១ ប៉ុន្តែតុលាការកំពូលប្រទេសកូរ៉េសម្រេចថា លោក Lee គ្មានទោសទេ ហើយសំណុំរឿងនោះក៏បានបញ្ចប់។ ប៉ុន្តែពេលនេះពួកគេបានរៀបចំជាថ្មី ធ្វើយ៉ាងណាដើម្បីចាប់ខ្លួនលោក Lee ឲ្យបានសិន»។

លោក Kim Sang Joo បានពន្យល់ថា តាមពិតស្ថាប័ន KDIC មិនមានសមត្ថភាព ឬមូលដ្ឋានណាមួយ ដើម្បីប្រមូលលុយនោះទេ ហេតុនេះហើយទើបពួកគេយកសមាជិកសភាកូរ៉េ មកចូលរួមដើម្បីបង្កើត ឲ្យមានការចាប់អារម្មណ៍។ ទី២ ក្រុមហ៊ុន World City ចង់បញ្ជាក់ថា យើងនៅតែមានឆន្ទៈសងត្រឡប់ទៅតាមទំហំសាច់ប្រាក់ តាមពេលវេលាសមស្របណាមួយ ដើម្បីបញ្ចប់រឿងក្តីនេះ, ទី៣៖ យើងជឿជាក់ថាតុលាការកម្ពុជា នឹងផ្តល់នូវយុត្តិធ៌មដល់សំណុំរឿងនេះ និងមិនរងសម្ពាធណាមួយពីភាគីណានោះទេ។

ជាមួយគ្នានេះលោក Kim Sang Joo បានសំណូមពរដល់រដ្ឋាភិបាលកម្ពុជា មេត្តាផ្តោតការយកចិត្តទុកដាក់ជាបន្ទាន់ និងគាំទ្រដល់គម្រោងទីក្រុងរណប CAMKO ដែលជាគម្រោងធំជាងគេនៅកម្ពុជា ដែលបានផ្តល់ការអភិវឌ្ឍ និងផ្លាស់ប្តូរមុខមាត់រាជធានីភ្នំពេញ និងបានផ្តល់ការងារ និងប្រាក់ចំណូលជាច្រើនដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត៕