(ភ្នំពេញ)៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ជាថ្ងៃខួបលើកទី៤២ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩) ថ្ងៃសម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook បានបង្ហោះបទចម្រៀងមួយបទដែលមានចំណងជើងថា «សំបុត្រដែលពិបាកសរសេរបំផុត» ដើម្បីរំលឹកដល់ការឈឺចាប់នៅពេលនោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ទោះបីបច្ចុប្បន្ននេះ សម្តេច និងប្រជាជនកម្ពុជា កំពុងទទួលបាននូវសេចក្តីសុខ តែសម្តេចមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺនរាប់សែនដំណក់ នៅពេលដែលសម្តេចឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះ ពិសេសចាកចេញចោលភរិយាដ៏កំសត់ ដែលកំពុងមានផ្ទៃពោះ។ នៅពេលនោះ សម្តេចអត់មានជម្រើសឲ្យល្អជាងការយកជីវិតធ្វើដើមទុននោះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ថ្ងៃ២០ មិថុនា ២០១៩នេះ ជាខួបលើកទី៤២ឆ្នាំ នៃថ្ងៃដែលខ្ញុំសម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩)។

ទោះបីពេលនេះ ខ្លួនខ្ញុំ និងប្រជាជនកម្ពុជា កំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺនរាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិ ចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោលភរិយាដ៏កំសត់ ដែលកំពុងមានផ្ទៃពោះ។ ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។

ដើម្បីរំលឹកដល់ការឈឺចាប់នាពេលនោះ ខ្ញុំបានរៀបចំចម្រៀងមួយបទមានចំណងជើងថា «សំបុត្រដែលពិបាកសរសេរបំផុត» ទុកសម្រាប់ការស្តាប់ និងស្វែងយល់របស់បងប្អូនជនរួមជាតិ»៕