(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់ឱ្យមានការធ្វើសន្និសីទព័ត៌មានរៀងរាល់មួយសប្តាហ៍ ដើម្បីឆ្លើយតបរាល់បញ្ហាកើតមាននៅក្នុងសង្គម។ អង្គភាពនេះ ក៏បានកំណត់ឱ្យមានជំនួបរៀងរាល់មួយខែម្តងរវាងសមាសភាពនៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមកពីតាមក្រសួងនានា ជាមួយអ្នកព័ត៌មានផងដែរ ដើម្បីផ្តល់ឱកាសឱ្យអ្នកនាំពាក្យមកពីតាមក្រសួងបង្ហាញសមិទ្ធផលដែលខ្លួនបានធ្វើ ក៏ដូចជាផ្តល់ឱកាសឱ្យអ្នកព័ត៌មានសួរសំណួរពាក់ព័ន្ធការងាររបស់ក្រសួងនីមួយៗ។
ការសម្រេចរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាធ្វើឡើងនៅក្នុងកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួននៅព្រឹកមិញនេះ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានបើកិច្ចប្រជុំសមាជិក សមាជិកាជាលើកដំបូង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញសេចក្តីសម្រេចតែងតាំងសមាសភាពនៃអង្គភាពមួយនេះកាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅនោះ។
ក្នុងកិច្ចប្រជុំនេះ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយអនុប្រធាន និងសមាជិក២៩រូបផ្សេងទៀត បានជជែកគ្នាយ៉ាងផុលផុសស្វែងរក និងដាក់ចេញនូវយន្តការនានា ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាចំពោះបញ្ហាដែលបានកើតឡើង។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបញ្ជាក់ដូច្នេះ «ក្នុងកិច្ចប្រជុំនេះយើងបានលើកឡើងអំពីបែបបទការងារ តើអង្គអ្នកនាំពាក្យត្រូវរៀបចំយ៉ាងដូចម្តេច? យើងបានរៀបចំជាពីរ បង្កើតគណៈកម្មការប្រឹក្សាយោបល់ស្ថិតនៅក្នុងអង្គអ្នកនាំពាក្យ ដើម្បីផ្តល់យោបល់ និងហ្វឹកហ្វឺនពង្រឹងសមត្ថភាពឆ្លើយតប និងប្រាប់ដល់អ្នកសារព័ត៌មាន»។
«ក្នុងទិសដៅជួយពង្រឹងសមត្ថភាពអ្នកនាំពាក្យ ជួយរៀបចំធ្វើយ៉ាងដើម្បីឱ្យព័ត៌មានរបស់ក្រសួងនីមួយៗបានធ្លាយតាមអ្នកសារព័ត៌មានដល់ប្រជាពលរដ្ឋរបស់យើង ដែលលោកបានបោះឆ្នោតគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ផៃ ស៊ីផាន។
ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពទៅលើបញ្ហាកើតឡើងក្នុងសង្គមនោះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសម្រេចរៀបចំឱ្យមានសន្និសីទព័ត៌មានរៀងរាល់មួយសប្តាហ៍។ ប្រធានបទដែលលើកឡើងក្នុងសន្និសីទនោះ គឺបញ្ហាដែលកើតមានភ្លាមៗនៅក្នុងសង្គមតែម្តង។
លោក ផៃ ស៊ីផាន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ក្នុងហ្នឹងយើងបានរៀបចំឱ្យមានកាលវិភាគមួយសប្តាហ៍ម្តងសន្និសីទសារព័ត៌មានជ្រើសរើសយកអ្វីទៅដែលជាការចង់ដឹង ការចង់យល់ពីមហាជនពីរឿងនីមួយៗ»។
បើតាមលោក ផៃ ស៊ីផាន បន្ថែមពីលើការធ្វើសន្និសីទរៀងរាល់មួយសប្តាហ៍ម្តងហើយនោះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏នឹងរៀបចំឱ្យមានការជួបជុំរវាងសមាសភាពអ្នកនាំពាក្យទាំងជាមួយក្រុមអ្នកព័ត៌មានរៀងរាល់មួយខែម្តងផងដែរ។
ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ លោក ផៃ ស៊ីផាន ក៏បានផ្តល់ជាទស្សនៈឱ្យសមាជិកអ្នកនាំពាក្យរាជរដ្ឋាភិបាលមកពីតាមបណ្តាក្រសួងទាំងអស់ ត្រូវចេះត្រៀមខ្លួនត្រៀមប្រតិកម្មតប ក៏ដូចជាបង្ហាញសមិទ្ធផលពាក់ព័ន្ធក្រសួងសាម៉ីរបស់ខ្លួន ដោយមិនត្រូវរង់ចាំតែអ្នកព័ត៌មានចោទសួរនោះឡើយ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ ក៏បានរំលឹកដល់សមាជិកអ្នកនាំពាក្យទាំងអស់ផងដែរថា អ្នកនាំពាក្យគឺជាយុទ្ធជនបង្ក្រាបព័ត៌មានចចាមអារ៉ាម និងព័ត៌មានក្លែងក្លាយទាំងឡាយ តាមរយៈការផ្តល់ព័ត៌មានពិតរហ័សឆ្លើយតបទាន់សភាពការណ៍ និងការចង់ដឹងរបស់មហាជន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចតែងតាំងសមាសភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលមានលោក ផៃ ស៊ីផាន ជាប្រធាន អមដោយអនុប្រធាន៣រូប និងមានសមាជិក សមាជិកាជាអ្នកនាំពាក្យមកពីគ្រប់ក្រសួងទាំងអស់។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលត្រូវបានរៀបចំឱ្យមានជារូបរាងនៅក្នុងអាណត្តិទី៦នេះ។ តាមរយៈអង្គភាពអ្នកនាំពាក្យត្រូវបានគេរំពឹងថា ជាការបើកនូវលំហរព័ត៌មានកាន់តែទូលំទូលាយជូនដល់ប្រជាពលរដ្ឋ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ ក៏ជាយន្តការមួយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយដែលជាក្តីបារម្ភរបស់ពិភពលោកនាពេលបច្ចុប្បន្នផងដែរ៕