(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញសំណេះសំណាល សួរសុខទុក្ខ ផ្តល់អំណោយមនុស្សធម៌ និងរៀបចំអាហារមួយពេលដល់ កុមារី យុវនារី បុគ្គលិក អ្នកស្ម័គ្រចិត្តបរទេសសរុបចំនួន១១១នាក់ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងទាំងអួលដើមក លាយឡំជាមួយទឹកភ្នែក ប្រាប់ទៅដល់កុមារីរងគ្រោះ ត្រូវចេះការពារខ្លួន រក្សានូវកិត្ដិយស និងភាពថ្លៃថ្នូរជាប់ជានិច្ច ដើម្បីជៀសផុតពីការទទួលរង ការរំលោភពាន ដូចនៅកុមារតទៅទៀត ។
សម្ដេចកិត្ដិទព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា «គិតមកដល់ថ្ងៃនេះ យាយបានបែកពីចៅៗរយៈពេល៤ខែ១៣ថ្ងៃហើយ ដូច្នេះក្នុងនាមជាម្ដាយ ជាយាយ ទោះមិនបានមកដល់ទីនេះ ក៏អារម្មណ៍របស់ម្ដាយនឹកមកដល់កូនចៅដែរ រហូតដល់ពេលខ្លះ ម្ដាយសុបិន្ដឃើញ កូនៗចៅៗនៅទីនេះ។ ដូច្នេះហើយនៅថ្ងៃនេះ ចុះមកសួរសុខទុក្ខកូនៗដោយផ្ទាល់ ក្នុងនោះ សម្ដេចតេជោ ជាឪពុក ក៏បានផ្ដាំសួរសុខទុក្ខតាមរយៈម្ដាយផងដែរ ដល់កូនៗក្មួយៗចៅៗទាំងអស់ ពីសុខទុក្ខយ៉ាងណានោះ»។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងបន្ដថា «ពេលនេះ កូនៗចៅ មានពន្លឺរស្មីវិញហើយ បន្ទាប់ពីបានមករស់នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ដោយមូលហេតុ គឺមានរាជរដ្ឋាភិបាល យកចិត្ដទុក្ខដាក់លើកូនៗ មានអាជ្ញាធរគ្រប់ជាន់ថ្នាក់ មានក្រសួងដែលមានការពាក់ព័ន្ធ យកចិត្ដទុកដាក់លើកូនៗទាំងអស់ មិនមែនតែនៅទីនេះទេ គឺនៅគ្រប់មណ្ឌល ខេត្ដក្រុងទាំងអស់ ឱ្យតែមានការរងគ្រោះណាមួយកើតឡើង»។
ជាងនេះទៅទៀត សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា «ប្រទេសយើងមាននូវសុខសន្ដិភាព ដូច្នេះម៉ែៗនៅនេះ ពូៗនៅនេះ តាយាយ នៅទីនេះ គឺនៅគ្រប់គ្រងចៅៗគ្រប់ពេលវេលាទាំងអស់។ ប៉ុន្ដែក្នុងនាមជាម្ដាយ ជាយាយ សូមផ្ដាំផ្ញើទៅកូនៗថា ការរស់នៅរាល់ថ្ងៃ គឺកូនៗ ចៅៗត្រូវប្រឹងប្រែងយកចិត្ដទុក្ខដាក់ គោរពវិន័យ សីលធម៌រស់នៅ ក្នុងមណ្ឌលនេះ ត្រូវស្ដាប់អ្នកទទួលខុសត្រូវនៅទីនេះ បើសិនជាអ្នកទទួលខុសត្រូវ មិនឱ្យទៅណា យើងជៀសវាងកុំទៅ ព្រោះកូនៗចៅៗ ធ្លាប់មានវិប្បដិសារីម្ដងរួចមកហើយ ដូច្នេះបើកមានគ្រួសារ បងប្អូនណាយើងមិនសូវទុកចិត្ដមកយក ក៏ត្រូវសូមការអនុញ្ញាតពីអ្នកទទួលខុសត្រូវ នៅមណ្ឌលយើងសិន បើមិនឱ្យទៅ ចៅដាច់ខាតកុំទៅឱ្យសោះ កុំឱ្យចាញ់បោក និងត្រូវគេធ្វើបាបបន្ដទៅទៀត»។
សូមជម្រាបថា ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចុះទៅជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រកាសធ្វើជាបង្អែករបស់មជ្ឈមណ្ឌល ដោយធានាមិនឲ្យមជ្ឈមណ្ឌលនេះ ដួលរលំនោះឡើយ ជាមួយគ្នាក៏បានសម្រេចឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន ទទួលយកបុគ្គលិកក្នុងមជ្ឈមណ្ឌល ៣២នាក់ ចូលក្នុងក្របខណ្ឌរបស់ក្រសួង, ផ្តល់អគារមួយខ្នង៣ជាន់ចំនួន ២១បន្ទប់ សម្រាប់ការស្នាក់នៅ កន្លែងសិក្សា កន្លែងសមាធិ និងកន្លែងពិនិត្យ ព្យាបាលជំងឺជាដើម។
ជាងនេះទៅទៀត ធ្វើបណ្ណបេឡាជាតិរបបសន្តិសុខសង្គមជូនដល់កុមារី យុវតី និងបុគ្គលិកបម្រើការងារនៅក្នុងមជ្ឈមណ្ឌល រួមទាំងផ្តល់ប្រាក់ឧបត្ថម្ភដល់កុមារី និងយុវតីរងគ្រោះក្នុងមជ្ឈមណ្ឌលចំនួន ៨៩នាក់ ក្នុងម្នាក់១០ម៉ឺនរៀលក្នុងមួយខែ ស្មើនឹងប្រមាណ ៣០០ដុល្លារក្នុងមួយឆ្នាំ។ ឧបត្ថម្ភអង្ករ១តោន ២០០គីឡូ និងថវិកា១០លានរៀលក្នុងមួយខែ,ឧបត្ថម្ភរថយន្តមួយគ្រឿង ដល់មជ្ឈមណ្ឌល សម្រាប់ដឹកកុមារី និងយុវតីទៅសិក្សា និងផ្ដល់នូវអាហារូបករណ៍ បើពួកគាត់រៀនដល់មហាវិទ្យាល័យនោះ។
ព្រមជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក៏បានឧបត្ថម្ភថវិកា ក្នុងមួយឆ្នាំចំនួន៣០លានរៀលផងដែរ គិតចាប់ពីឆ្នាំ២០១៩នេះ ហើយក៏បានប្រគល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំសម្រាប់ឆ្នាំនេះ ដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី រួចរាល់ផងដែរ កាលពីថ្ងៃទី២០ ខែមីនាកន្លងទៅថ្មីៗនេះ ។ការសម្រេ ច ផ្ដល់ជូននេះ ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចុះជួបសំណេះសំណាលសួរសុខទុក្ខ កុមារី យុវនារី បុគ្គលិក និងអ្នកស្ម័គ្រចិត្តបរទេស នៃមជ្ឈមណ្ឌលខាងលើនេះ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។
ចំណែកឯក្នុងឱកាស សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន អញ្ជើញសំណេះសំណាល សួរសុខទុក្ខ ផ្តល់អំណោយមនុស្សធម៌ និងរៀបចំអាហារមួយពេលដល់ កុមារី យុវនារី បុគ្គលិក អ្នកស្ម័គ្រចិត្តបរទេសសរុបចំនួន ១១១នាក់ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ដែលស្ថិតនៅផ្លូវបេតុងព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅ ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ក៏បានផ្ដល់នូវអំណោយសម្រាប់មណ្ឌលរួមមាន៖ ផ្លែក្រូចឃ្វិច៣កេស, ផ្លែទំពាំងបាយជូ៣កេស, ផ្លែប៉ោម ៣កេស, ទឹកក្រូច១០កេស, ទឹកសុទ្ធ ១០កេស និងថវិកា៥លានរៀល។ កុមារី យុវនារី៧៧នាក់ ម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល។ បុគ្គលិក-គ្រូ៣១នាក់ ម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល។ អ្នកស្ម័គ្រចិត្តបរទេស ៣នាក់ម្នាក់ៗទទួលបានក្រមា១ និងថវិកា១០ម៉ឺនរៀលផងដែរ ។
គួររម្លឹកថា នេះជាលើកទី៣ហើយ ដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ដល់កុមារី យុវនារី បុគ្គលិក និងអ្នកស្ម័គ្រចិត្តបរទេស នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ដោយលើកទី១ នៅថ្ងៃទី០៧មីនា, ថ្ងៃទី២ នៅ១០ ខែមីនា និងលើកទី៣ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ៕