(ភ្នំពេញ)៖ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងអំពីប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ហើយ នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។
តុល្យការជនរងគ្រោះដែលក្រុមការងារបានជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ ស្រី០៤នាក់ និងរងរបួសចំនួន២៦នាក់ ស្រី០២នាក់។ ចំពោះជនរងគ្រោះបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារមកបំពេញឯកសារទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណីចំនួន២៧នាក់សព ដោយឡែកសពដែលនៅសល់មួយទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ សូមក្រុមគ្រួសារទាក់ទងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
នៅមុនបិទបញ្ចប់ប្រតិបត្តិការរុករកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានចុះពិនិត្យផ្ទាល់នៅកន្លែងកើតទាំងថ្ងៃទាំងយប់រយៈពេល២ថ្ងៃនេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានសាកសួរអំពីករណីរលំបាក់អគារនេះ។
ក្នុងសន្និសីទសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការនូវការសោកស្តាយ ចំពោះករណីរលំបាក់អគារដ៏ធំនេះ ហើយសម្តេចក៏បានបង្ហាញអំពីវិធានការ ទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល រហូតដល់មានការផ្ទេរអភិបាលខេត្តព្រះសីហនុផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសាលាខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់មន្រ្តីរាជរដ្ឋាភិបាល អាជ្ញាធរ សមត្ថកិច្ច ក្រុមអ្នករុករកជនរងគ្រោះ រួមទាំងអ្នកពាក់ព័ន្ធនានា ដែលបានជួយក្នុងប្រតិបត្តិការរុករក និងជួយជនរងគ្រោះ រយៈពេល២ថ្ងៃកន្លះមកនេះ។
សូមបញ្ជាក់ថា ករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានកើតឡើងកាលពីទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ រហូតដល់ពេលនេះចំនួនអ្នកស្លាប់ ដែលត្រូវបានកាយឃើញបានកើនដល់២៨នាក់ និងអ្នករបួស២៦នាក់ ក្នុងករណីរលំបាក់អគារខាងលើនេះ។
បើតាមក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តព្រះសីហនុ គឺសំណង់អគារនេះ មិនមានច្បាប់អនុញ្ញាតនោះទេ ហើយក៏ធ្លាប់ត្រូវបានហាមឃាត់មិនឱ្យ សាងសង់ចំនួន២ដងរួចទៅហើយ៕