(ភ្នំពេញ)៖ សាលារៀនជំនាន់ថ្មី គឺជាកម្មវិធីសិក្សាថ្មីមួយ ដែលក្រសួងអប់រំ បានដាក់ឱ្យអនុវត្តន៍ក្នុងដំណាក់កាលសាកល្បងនៅឆ្នាំ២០១៥ ដោយការអនុវត្តន៍នេះ គឺធ្វើទាំងថ្នាក់បឋម និងថ្នាក់មធ្យមសិក្សាផងដែរ ក្នុងបំណងធ្វើឲ្យការអប់រំនៅកម្ពុជាកាន់តែល្អប្រសើរ ដូចទៅនឹងប្រទេសមួយចំនួននៅក្នុងតំបន់ និងលើពិភពលោក។
បច្ចុប្បន្នមានសាលាចំនួន១០ហើយ កំពុងដាក់ឱ្យអនុវត្តកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មីនេះ។ ក្នុងនោះសាលាបឋមសិក្សាមានចំនួន៤ និងសាលាមធ្យមសិក្សាមានចំនួន៦។ សាលាទាំងនោះរួមមាន៖ វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យហ៊ុនសែនកំពង់ចាម វិទ្យាល័យព្រែកលៀប វិទ្យាល័យ សម្តេចជាស៊ីម ព្រែកអញ្ចាញ វិទ្យាល័យ ហ៊ុន សែន ពាមជីកង អនុវិទ្យាល័យ គោកព្រីង សាលាបឋមសិក្សា ហ៊ុន សែន កំពង់ចាម សាលាបឋមសិក្សា ព្រះរាជអគ្គមហេសី សាលាបឋមសិក្សាអង្គរបាន និងសាលាបឋមសិក្សាព្រហូត។កម្មវិធីសិក្សាសិក្សានេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ លើការបញ្ចូលប្រព័ន្ធបច្ចេកវិទ្យា ទៅក្នុងការអប់រំទាំងអ្នករៀន និងអ្នកបង្រៀន ព្រមទាំងបំពាក់ឧបករណ៍សិក្សាសម្បូរបែបផងដែរ។ ជាពិសេសម៉ោងសិក្សាមានច្រើនជាងកម្មវិធីសិក្សាចាស់។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ វិទ្យាល័យព្រះស៊ីសុវត្ថិ ដែលកំពុងដាក់ឱ្យអនុវត្ដន៍កម្មវិធីសិក្សាសាលារៀនជំនាន់ថ្មី និងជាសាលារដ្ឋដំបូងគេបំផុត ដែលបានដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របតាមគោលនយោបាយសាលារៀនសតវត្សទី២១ គឺកម្មវិធី
«Wiki School» ដែលជាប្រព័ន្ធគ្រប់គ្រងសាលារៀន ដែលមានមុខងារ គ្រប់គ្រងព័ត៌មានសិស្ស គ្រូ និងបុគ្គលិកអប់រំរបស់សាលារៀន បានរៀបប្រារព្ធកម្មវិធីពិព័រណ៌ ស្តែម ( STEM) រាត្រីជួបជុំឪពុកម្ដាយ អាណាព្យាបាលសិស្ស ។
ក្នុងឱកាសនោះ នាយរងវិទ្យាល័យព្រះស៊ីសុវត្ថិ លោក សម កំសាន្ដ បានថ្លែងថា សាលារៀនជំនាន់ថ្មី គឺជាកម្មវិធីថ្មីមួយរបស់សាលារដ្ឋ ក្រោយពីធ្វើកំណែទម្រង់កន្លងទៅនេះ ដែលធ្វើឱ្យកម្មវិធីអប់រំមានលក្ខណៈទំនើប ទាន់សម័យ ឱ្យប្រហាក់ប្រហែលនឹងសាលា នៅបណ្ដាប្រទេសដែលអភិវឌ្ឍ និងកំពុងអភិវឌ្ឍ។ ជាពិសេសបង្កើនគុណភាពសិក្សាអប់រំ ឱ្យបានកាន់តែប្រសើរឡើង និងដើម្បីឆ្លើយតប នឹងតំរូវការទីផ្សារការងារ។ សម្រាប់សិស្សានុសិស្ស គឺយើងបង្រៀនឱ្យពួកគាត់ចេះយកចំណេះដឹង នៅក្នុងថ្នាក់នូវមុខជំនាញនីមួយៗ យកផ្សារភ្ជាប់គ្នា ដើម្បីធ្វើការដោះស្រាយបញ្ហារបស់ខ្លួនបាន ដោយការប្រើប្រាស់ ចំណេះដឹង បទពិសោធន៍ជំនាញ និងឥរិយាបថ ដែលនេះជាធនធានមនុស្សពោរពេញទៅដោយសក្ដានុពល ដើម្បីអភិវឌ្ឍប្រទេសយើង ។តាំងពីឆ្នាំ២០១៦ -២០១៩ បង្ហាញស្នាដៃកូនសិស្ស យកមកបង្ហាញនៅថ្ងៃនេះ ។
ជាងនេះទៅទៀតលោកបន្ដថា «សាលារៀនជំនាន់ថ្មី ជាសាលាដែលយើងផ្ដោតទៅការគ្រប់គ្រងការសិក្សាឱ្យកាន់តែមានប្រសិទ្ធិភាព ដូច្នេះ ដើម្បីឱ្យការងារនោះបានជោគជ័យ សាលាតែងតែគិតរកវិធីគ្រប់គ្រងឱ្យបានច្បាស់លាស់ ម៉ត់ចត់ ហើយមនុសស្សយើងពេលខ្លះធ្វើការងារ មិនដូចម៉ាស៊ីនទេ វាត្រូវការចំណាយថាមពលច្រើន ហើយការងារមិនបានទាន់ចិត្ដទៀត ។ហេតុនេះហើយ ទើបសាលាយើង ក៏បានជ្រើសរើសកម្មវិធី «Wiki School » ជាកម្មវិធីសម្រាប់គ្រប់គ្រង រដ្ឋបាលសាលារៀន ប្រកបដោយភាពងាយស្រួលមែនទែន ក្នុងការគ្រប់គ្រងទាំងកម្មវិធីសិក្សា ទាំងពិន្ទុក ទាំងអវត្ដមាន យ៉ាងសុក្រិត ជាពិសេស ងាយស្រួលទំនាក់ទំនងរវាងសាលារៀន ជាមួយមាតាបិតា អាណាព្យាបាលសិស្ស ដែលនេះ នឹងធ្វើឱ្យភាពជឿជាក់ទៅលើប្រព័ន្ធគ្រប់គ្រងនៅក្នុងសាលានេះមានភាពសុក្រិត» ។
តាមការលើកឡើងរបស់សិស្សានុសិស្ស របស់សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ កញ្ញា លីវ អេនជែលឡា រៀនថា្នក់ទី៧B បានលើកឡើងថា «កម្មវិធី «Wiki School »នេះ មានភាពងាយស្រួល គ្រប់គ្រងលើអវត្ដមាន ដោយមិនចាំបាច់ប្រើប្រាស់ក្រដាស បង្កមានភាពរញេញៃ និងសុក្រិត ហើយពេលយើងឈឺអី ក៏ដឹងព័ត៌មានពីសុខភាពរបស់យើងដែរ ហើយប៉ាម៉ាក់ខ្ញុំអាចតាមដានការសិក្សា និងព័ត៌មានលម្អិតពីការសិក្សារបស់ខ្ញុំ។ ជាងនេះទៅទៀត «Wiki School »នេះ មានគុណប្រយោជន៍ច្រើនណាស់ ក្នុងការផ្ដល់សេចក្ដីជូនដំណឹងផ្សេងពីសាលារៀន កាលវិភាគ និងកម្មវិធីផ្សេងៗទៀត» ។
ចំណែកឯកញ្ញា ខូយ មុនីរតនា រៀនថា្នក់ទី៧B ក៏បានលើកឡើងផងដែរថា មានកម្មវិធី «Wiki School » ក្នុងដៃគឺមានភាពងាយស្រួល សម្រាប់ការតាមដានការសិក្សារបស់ពួកយើងយ៉ាងខ្លាំង ហើយវាក៏ជាចំណែកអភិវឌ្ឍប្រទេសយើង, ពិសេសយើងមិនពិបាកកាន់សៀវភៅអវត្ដមាន ឬក្រដាសច្រើននោះទេ ហើយវាជួយដល់បរិស្ថានទៀត ដោយមិនចាប់បាច់កាប់បំផ្លាញព្រៃឈើ មកធ្វើក្រដាសនោះទេ។ ដោយបច្ចុប្បន្ន យើងមានទូរស័ព្ទស្មាតហ្វូនក្នុងដៃ ដូច្នេះពេលស្ដរកម្មវិធីចូលក្នុងទូរស័ព្ទដៃយើងហើយ យើង និងពុកម្ដាយយើង ងាយស្រួលដឹងកម្មវិធីសិក្សារបស់កូនៗ និងប្រវត្ដិសិក្សាកូនយ៉ាងណានោះ»។
រីឯការលើកឡើងរបស់អាណាព្យាបាលរបស់សិក្សានុសិស្សវិញ លោក កេត ច័ន្ទត្រា បានថ្លែងឱ្យដឹងថា «ខ្ញុំពិតជាពេញចិត្ដណាស់ នឹងកម្មវិធីសិក្សារបស់សាលារៀនជំនាន់ថ្មីនេះ ពិតជាល្អ និងពូកែច្នៃប្រឌិត ដែលធ្វើឱ្យសិស្សានុសិស្ស ចេះគិត ចេះពិចារណា ដោះស្រាយដោយខ្លួន ហើយសូមឱ្យក្រសួងបន្ដគាំទ្រសាលាជំនាន់ថ្មី ឱ្យដំណើរការ ជារៀងរហូត។ ដោយសារសាលានេះ មានប្រព័ន្ធបច្ចេកវិទ្យាថ្មីទំនើបៗថែមទៀត ជាមួយកម្មវិធី «Wiki School » បានធ្វើឱ្យយើងអាចតាមដានការសិក្សារបស់កូន ឱ្យទៀងទាត់ពេលវេលា ពេលកូនយើងគេចសាលា យើងអាចដឹងពីប្រវត្ដិសិក្សារបស់គាត់ ។ដែលធ្វើឱ្យយើង ជាអាណាព្យាបាល សប្បាយរីករាយណាស់ ដែលបង្កើតភាពងាយមាននេះ ដល់ពួកខ្ញុំ, លើសពីនោះ បានធ្វើឱ្យសិស្សយើង ជៀសវាងពីការដើរផ្លូវខុស រហូតឈានដល់ការប្រើប្រាស់គ្រឿងញៀនផងដែរ»។
ជាមួយគ្នានោះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ជា ជាតិ បានថ្លែងបញ្ជាក់ថា សាលារៀន ជំនាន់ ថ្មី ជា កម្មវិធី កំណែទម្រង់ ប្រព័ន្ធ អប់រំ របស់ រាជរដ្ឋាភិបាល កម្ពុជា ដែល ជា មាគ៌ា អភិវឌ្ឍថ្មី មួយ នៅ ក្នុង ប្រព័ន្ធ អប់រំ នា ពេល បច្ចុប្បន្ន ដែល ជួយ បង្កើត សាលារៀន សាធារណៈ ស្វយ័ត ។ គោលបំណង របស់សាលារៀនជំនាន់ថ្មី គឺ ការ បង្កើត សាលា រដ្ឋ ដែល រក្សា បាន ស្តង់ដារ នៃ ការ អប់រំ បាន ខ្ពង់ខ្ពស់ បំផុត ។ ស្របពីពេលសាលាជំនាន់ថ្មីព្រះស៊ីសុវត្ថិ បានប្រើប្រាស់បច្ចេកវិទ្យាទំនើបថែមទៀត ពិតជាល្អណាស់ ខ្ញុំសូមលើកទឹកចិត្ដ ដែលបានខិតខំកសាងនូវសម្ភារៈជាច្រើន ដែលបង្ហាញពីបច្ចេកវិទ្យាទំនើបៗ។
ទន្ទឹមនឹងនោះ លោក ងន់ ម័រ សហស្ថាបនិក និងជានាយកប្រតិបត្ដិ ក្រុមហ៊ុន POSCAR Cambodia បានថ្លែងថា កម្មវិធី «Wiki School» ជាប្រព័ន្ធគ្រប់គ្រងសាលារៀន ដែលមានមុខងារ គ្រប់គ្រងព័ត៌មានសិស្ស គ្រូ និងបុគ្គលិកអប់រំរបស់សាលារៀន។ ជាមួយស្មាតកាតរ បស់សិស្ស និងបុគ្គលិកអប់រំ សាលារៀនអាចយកវត្តមានជាមួយឧបករណ៍វត្តមានឌីជីថលផងដែរ និងអាចពិនិត្យមើលរបាយការណ៍តាមស្មាតហ្វូនបានឆាប់រហ័ស។ Wiki School អាចឱ្យសាលារៀនបង្កើតកាលវិភាគបានងាយស្រួល ហើយអាចចេញជាកាលវិភាគសម្រាប់សិស្ស និងសម្រាប់គ្រូ ហើយព័ត៌មាននេះអាចមើលតាម Mobile App។ សាលារៀនអាចជូនដំណឹងដល់បុគ្គលិកអប់រំ និងអ្នកអាណាព្យាបាលបានតាមប្រព័ន្ធ Wiki School បានយ៉ាងឆាប់រហ័ស។
លោកថ្លែងបន្ថែមថា «ប្រព័ន្ធ Wiki School បានអភិវឌ្ឍដោយ ក្រុមហ៊ុន POSCAR Cambodia ដោយក្រុមបច្ចេកទេសសុទ្ធតែជាបញ្ញាវ័ន្តខ្មែរ ដែលមានបទពិសោធន៍ជាង១០ឆ្នាំក្នុងវិស័យអប់រំ និងផ្នែកបច្ចេកវិទ្យាទំនើប។ គោលបំណងនៃការបង្កើតប្រព័ន្ធ Wiki School គឺជួយដល់សាលារៀន ឱ្យគ្រប់គ្រងរបាយការណ៍ផ្សេងៗបានឆាប់រហ័យ កាត់បន្ថយការបោះពុម្ពរបាយការណ៍ សេចក្តីជូនដំណឹង ដោយជំនួយដោយ Mobile App Wiki School។ ហើយក្រុមហ៊ុន POSCAR បានសហការណ៍រៀបចំប្រព័ន្ធ Wiki School និងឧបករណ៍វត្តមានឌីជីថល នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា សាលាភូមិន្ទរដ្ឋបាល សាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារាជធានីភ្នំពេញ និងក្រសួងព័ត៌មាន»។
នៅក្នុងកម្មវិធីពិព័រណ៍ស្តែម (STEM) នៅវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី ក្រុមបច្ចេកទេសនៃក្រុមហ៊ុន POSCAR បានស្រាវជ្រាវបច្ចេកវិទ្យាស្កេនមុខ (face recognition) ដែលសមស្របនឹងបដិវត្តន៍ឧស្សាហកម្មទី៤.០ ដាក់ចូលក្នុងប្រព័ន្ធគ្រប់គ្រងសាលារៀន Wiki Schoolផងដែរ៕