(ភ្នំពេញ)៖ ពីរដ្ឋធានីប៉េកាំង ប្រទេសចិន​ទីដែលកំពុងអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចដាក់ចេញវិធានការបន្ទាន់ចំនួន៣ចំណុច ដើម្បីដោះស្រាយបញ្ហាដឹកជញ្ជូនតបតាមសំណើរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលកំពុងប្រឈមក្នុងកំលុងពេលនៃប្រតិបត្តិការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងបណ្ណបើកបរនៅកំពង់ផែស្វយ័តភ្នំពេញ និងក្រុងព្រះសីហនុ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទពីប្រទេសចិននៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា វិធានការទាំង៣ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះរួមមាន៖

១៖ បើកការបង្រៀនអ្នកបើកបរមិនទាន់មានបណ្ណបើកបរប្រមាណ ៧០នាក់ ដោយឥតគិតថ្លៃនៅកំពង់ផែស្វយ័តភ្នំពេញ ពីថ្ងៃចន្ទ ដល់សុក្រ ហើយប្រលងយកបណ្ណបើកបរនៅថ្ងៃសៅរ៍។ ជំហានបន្ទាប់នឹងអនុវត្តន៍នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

២៖ ដាក់រថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ចល័តចំនួនពីរគ្រឿងនៅជិតកំពង់ផែស្វយ័តភ្នំពេញ ដើម្បីឆៀករថយន្តដែលរកឃើញថាមិនទាន់បានឆៀក។

៣៖ កន្លែងឆៀករថយន្តក្នុងរាជធានីភ្នំពេញទាំង ៥ទីតាំង នឹងបន្ថែមម៉ោងផ្តល់សេវារហូតដល់ម៉ោង ១០យប់ ដើម្បីជួយសម្រួលត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តឱ្យបានទាន់ពេលវេលា៕

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ បានសម្រេចចុះធ្វើប្រតិបត្តិការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងបណ្ណបើកបររបស់អ្នកបើកបរដោយផ្ទាល់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។ រយៈពេល ១៥ថ្ងៃ (១៥-៣០ មិថុនា) នៃប្រតិបត្តិការនេះ គេបានពិនិត្យទៅលើរថយន្តចំនួន ១,៩៥៤គ្រឿង នៅកំពង់ផែទាំងពីរ ហើយរកឃើញរថយន្តល្មើសច្បាប់ ២២៤គ្រឿង ស្មើនឹង ១១ភាគរយ។

ប្រតិបត្តិការចុះពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងបណ្ណបើកបររបស់អ្នកបើកបរដល់កំពង់ផែស្វយ័តទាំងពីរនេះ ជាវិធានក្តៅមួយក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរលើដងវិថីបណ្តាលមកពីរថយន្តដឹកទំនិញធំៗ បន្ទាប់ពីបានមើលឃើញថា អត្រាគ្រោះថ្នាក់ចរាចរប្រមាណ ២០ភាគរយបង្កឡើងដោយរថយន្តដឹកទំនិញធំៗ។ រថយន្តដឹកទំនិញបង្កគ្រោះថ្នាក់នេះបណ្តាលមកពីបញ្ហាបច្ចេកទេសយានយន្ត និងការធ្វេសប្រហែសរបស់អ្នកបើកបរជាដើម។

ប្រតិបត្តការនេះ បើទោះបីមានការសាទរច្រើនពីសាធារណជនយ៉ាងណាក្តី តែក៏បានបង្កើតឱ្យមានបញ្ហាប្រឈមមួយចំនួនសម្រាប់អ្នកវិនិយោគ និងធុរជនផងដែរ។ ពោលការត្រួតពិនិត្យរថយន្តដែលខុសលក្ខណៈបច្ចេកទេស និងបណ្ណបើកបរនេះ ធ្វើឱ្យរថយន្តគ្មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ឬអ្នកបើកបរគ្មានបណ្ណបើកបរជាដើមមិនហ៊ានចូលកំពង់ផែ ហើយនាំដល់ការរាំងស្ទះដល់ការដឹកជញ្ជូនទំនិញ។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានអំពាវនាវដល់រាជរដ្ឋាភិបាល ក៏ដូចជាលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្វែងរកវិធានការដ៏ប្រសើរណាមួយ ដើម្បីបញ្ចប់បញ្ហារាំងស្ទះដល់ការដឹកជញ្ជូនទំនិញ៕