(ហ្សឺណែវ, ស្វីស)៖ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបរយៈពេលជិត៣ម៉ោង នៅយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លៀតបកស្រាយជាច្រើនពាក់ព័ន្ធការខ្ចីបំណុលរបស់ចិន ក៏ដូចជាការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការព្យាយាមរិះគន់ និងបង្កើតការបន្ទុចបង្អាក់នានាលើទំនាក់ទំនងរវាងកម្ពុជា-ចិន គឺជារឿងភូមិសាស្ត្រនយោបាយ។
ឆ្លើយតបទៅនឹងការលើកឡើងថា ចិនកំពុងបង្កើតអន្ទាក់ដើម្បីធ្វើអណានិគមលើកម្ពុជាតាមរយៈការផ្តល់កម្ចីនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមិនមែនខ្ចីតែប្រទេសចិននោះទេ គឺបានខ្ចីពីប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនថែមទៀត។ ប៉ុន្តែអត្រាបំណុលរបស់កម្ពុជានាពេលបច្ចុប្បន្ន មានត្រឹមប្រមាណ២១ភាគរយប៉ុណ្ណោះធៀបនឹងផលិតផលក្នុងស្រុកសរុប ខណៈដែលច្បាប់កម្ពុជាអនុញ្ញាតឱ្យរហូតដល់ជិត៤០ភាគរយ នៃផលិតផលក្នុងស្រុកសរុបនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការខ្ចីនេះទៀតសោត កម្ពុជាបានគិតគូរល្អិតល្អន់ និងច្បាស់លាស់ណាស់ ពោលកម្ពុជាខ្ចីតែប្រាក់កម្ចីមានអត្រាការប្រាក់ទាបតែប៉ុណ្ណោះ។
នៅចំពោះមុខប្រជាពលរដ្ឋប្រមាណជា ១ពាន់នាក់នោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីតួនាទីដ៏សំខាន់របស់ចិនក្នុងការកសាង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ប្រទេសដែលជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា មានតែ៣ប៉ុណ្ណោះ គឺជប៉ុន ចិន និងកូរ៉េខាងត្បូង។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចថា ចិន គឺជាតួអង្គដ៏សំខាន់ក្នុងការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។ សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា បើគ្មានចិនជួយទេ តើនរណាបំពេញចន្លោះប្រហោងរបស់កម្ពុជា? សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «បើមិនមានវត្តមានចិន តើស្ពានជ្រោយចង្វារទី២កើតទេ ស្ពានព្រែកក្តាម ស្ពានព្រែកតាម៉ាក់ ស្ពានសេកុងស្ទឹងត្រែង...កើតទេ។ ផ្លូវប្រវែង ២ពាន់គីឡូម៉ែត្រវាកើតទេ បើចិនមិនជួយ»។
សម្តេចតេជោ ហ៊ុន សែន ក៏ឆ្លៀតឆ្លើយតបចំពោះការរិះគន់ជុំវិញការវិនិយោគរបស់ចិននៅកម្ពុជាផងដែរ។ សម្តេចតេជោ បានថ្លែងថា មានប្រទេសជាច្រើនសុទ្ធតែបានរកស៊ីជាមួយចិន តែហេតុអ្វីក៏មានរិះគន់រឿងកម្ពុជារកស៊ីជាមួយចិនទៅវិញ?
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងចំអកទៅឱ្យប្រទេសដែលរិះគន់ការវិនិយោគរបស់ចិននៅកម្ពុជានោះថា ឱ្យវិនិយោគនៅកម្ពុជាឱ្យច្រើនដូចប្រទេសចិនទៅ បើគេខ្លាចចិនជះឥទ្ធិពលខ្លាំងលើកម្ពុជាតាមរយៈការវិនិយោគនេះ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា មិនមានការរើសអើងសម្រាប់អ្នកវិនិយោគបរទេសនោះទេ៕