(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា វិធានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តធំៗ និងបណ្ណបើកបររបស់អ្នកបើកនៅតាមកំពង់ផែស្វយ័តភ្នំពេញ និងក្រុងព្រះសីហនុនៅតែធ្វើដោយគ្មានការលើកលែងនោះឡើយ ដើម្បីទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចររាចរ ដែលបណ្តាលមកពីរថយន្តធំៗនេះ។

ការបញ្ជាក់ពីចំណាត់ការច្បាប់មិនរាថយចំពោះរថយន្តធំៗនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយក្រុមហ៊ុនដឹកជញ្ជូន (អ្នកដំណើរ ទំនិញ និងឆ្លងដែន) សរុបចំនួន ១៧៩ក្រុមហ៊ុន នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ។ ជំនួបនេះធ្វើឡើងដើម្បីពិភាក្សាលើវិធានការមួយចំនួនក្នុងការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចំពោះរថយន្តដឹកជញ្ជូនធំៗ ដើម្បីរួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរ។

ជំនួបរវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុនដឹកជញ្ជូននេះ បានធ្វើឡើងបន្ទាប់ពីមានក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនមិនព្រមចូលរួមក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។ ជាពិសេសមិនព្រមសហការជាមួយមន្ត្រីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលចុះត្រួតពិនិត្យបច្ចេកទេសយានយន្ត និងបណ្ណបើកបរនៅតាមកំពង់ផែស្វយ័តភ្នំពេញ និងក្រុងព្រះសីហនុ។

ក្នុងប្រតិបត្តិការរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍របស់រថយន្តដឹកទំនិញធំៗចេញចូលកំពង់ផែស្វយ័តភ្នំពេញ និងព្រះសីហនុ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ មានរថយន្តដឹកទំនិញភាគច្រើនសុទ្ធតែបានគោរពច្បាប់ត្រឹមត្រូវ តែមានរថយន្តប្រមាណ ១១ភាគរយមិនបានគោរពច្បាប់ឱ្យបានត្រឹមត្រូវនោះទេ។ ក្រៅពីនោះមានរថយន្តរបស់ក្រុមហ៊ុនមួយចំនួនបានព្យាយាមគេចវេសត្រួតពិនិត្យមិនចូលកំពង់ផែជាហេតុនាំឱ្យមានការកកស្ទះដល់ការដឹកជញ្ជូនទំនិញថែមទៀតផង។

នៅចំពោះមុខថ្នាក់ដឹកនាំ និងតំណាងឱ្យក្រុមហ៊ុនដឹកជញ្ជូនលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ទោះបីរថយន្តដឹកទំនិញទាំងនោះព្យាយាមគេចវេសមិនបើកចូលកំពង់ផែ ក៏ត្រូវតែពិនិត្យដែរមិនលើកលែងនោះឡើយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា «គ្រប់រថយន្តទាំងអស់មិនមែនត្រូវចូលកំពង់ផែ ទើបត្រូវពិនិត្យលក្ខណៈបច្ចេកទេសនោះទេ គឺគ្រប់រថយន្តរត់នៅលើផ្លូវសារធារណៈក្នុងប្រទេសកម្ពុជា ត្រូវតែគោរពច្បាប់ឱ្យបានត្រឹមត្រូវ។ មិនមែនទាល់តែឡានចូលកំពង់ផែទើបក្រសួងអាចចាប់បាននោះទេ គឺចង់ចាប់ពេលណាក៏បានដែរ ឱ្យតែឡានរត់នៅលើផ្លូវហើយខុសច្បាប់ ដូចនេះហើយទោះជារថយន្តកុងតឺន័រទាំងអស់ចតចោលនៅតាមផ្លូវ ក៏ក្រសួងអាចចាប់បានដូចគ្នាដែរ»

ក្រៅពីបញ្ជាក់ជំហអនុវត្តន៍ច្បាប់ចំពោះរថយន្តដឹកទំនិញទាំងនេះទៅ លោក ស៊ុន ចាន់ថុល ក៏បានជំរុញក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ត្រូវតែចូលរូមគោរពច្បាប់ចររាចរណ៍ទាំងអស់គ្នា។ លោកបានលើកឡើងថា កាលណាមានបញ្ហាគ្រោះថ្នាក់ចរាចរកើតឡើងធ្ងន់ធ្ងរនៅតាមដងផ្លូវ នាំឱ្យក្រុមហ៊ុនខាតបង់ ខាតប្រយោជន៍សេដ្ឋកិច្ចជាតិ និងកិត្តិយសរបស់ជាតិផងដែរ។

«ចំពោះក្រុមហ៊ុនដឹកជញ្ជូនទំនិញសុំឱ្យបន្ទូរបន្ថយការអនុវត្តន៍ច្បាប់លើការត្រួតពិនិត្យរថយន្តធុនធំ តើត្រូវបន្ទូបន្ងយយ៉ាងមិច? ព្រោះច្បាប់ គឺជាច្បាប់ យើងត្រូវតែចូលរួមអនុវត្តន៍គោរពច្បាប់ទាំងអស់គ្នា។ គណៈកម្មាធិការសុវត្ថិភាពចររាចរណ៍ផ្លូវគោក មិនអាចអនុញ្ញាត និងបន្ធូបន្ថយដាច់ខាត នូវអ្វីដែលធ្វើឡើងឱ្យខុសនឹងច្បាប់ចររាចរណ៍ផ្លូវគោក»។ លោក ស៊ុន ចាន់ថុល បាននិយាយទៅកាន់ថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនដែលចូលរួមក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ត្រូវគោរពតាមលក្ខខណ្ឌ និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលមានដូចជា ក្រុមហ៊ុនមិនទាន់បានចុះបញ្ជី ត្រូវទៅចុះបញ្ជី, អ្នកបើកបរត្រូវមានបណ្ណបើកបរត្រឹមត្រូវតាមប្រភេទយានយន្ត, ត្រូវមានលក្ខណៈបច្ចេកទេសស្របតាមបទដ្ឋានដែលបានកំណត់, ត្រូវបិទផ្លាក Logo សម្គាល់ក្រុមហ៊ុនតាមរថយន្តអាជីវកម្មនីមួយៗ, ត្រូវមានលិខិតអនុញ្ញាតអាជីវកម្ម (ត្រូវសុំលិខិតអនុញ្ញាត/ហួសសុពលភាពត្រូវមកបន្ត), កុំផ្ទុកទំនិញ និងដឹកអ្នកដំណើរលើសកម្រិតកំណត់, ពេលបើកបរត្រូវគោរពច្បាប់ ប្រុងប្រយ័ត្នយោគយល់គ្នា (កុំវ៉ាជែង), កុំដឹកលើសទម្ងន់កម្រិតកំណត់, កុំប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន, សូមឲ្យបណ្តាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ចូលរួមសហការគោរព និងអនុវត្តចរាចរណ៍ទាំងអស់គ្នា ដើម្បីផលប្រយោជន៍រួម។

ក្នុងកិច្ចប្រជុំព្រឹកមិញនេះ ក៏បានសម្រេចដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការដឹកជញ្ជូនក្នុងកំលុងពេលរឹតបន្តឹងច្បាប់ចំពោះរថយន្តដឹកទំនិញផងដែរ។ វិធានការនោះរួមមាន៖ ការជួបជាមួយសមាគមរោងចក្រកាត់ដេរ និងសមាគមដឹកជញ្ជូន ដើម្បីក្តាប់ និងដោះស្រាយសំណូមពរនានា និងជំរុញការអនុវត្តច្បាប់, បន្តធ្វើការត្រួតពិនិត្យរឹតបន្តឹងច្បាប់នៅកំពង់ផែទាំងពីរ តាមវិធានការសមស្រប ដែលបានដាក់ចេញ, បើកការបង្រៀនអ្នកបើកបរមិនទាន់មានបណ្ណបើកបរចំនួន១០០នាក់ ដោយឥតគិតថ្លៃនៅកំពង់ផែស្វយ័តភ្នំពេញ ពីថ្ងៃចន្ទ ដល់សុក្រ ហើយប្រលងយកបណ្ណបើកបរនៅថ្ងៃសៅរ៍ (ជំហ៊ានបន្ទាប់នឹងអនុវត្តនៅកំពង់ផែស្វយ័តព្រះសីហនុ) និងដាក់រថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក)ចល័តចំនួន០២គ្រឿង នៅជិតកំពង់ផែស្វយ័តភ្នំពេញ ដើម្បីឆៀករថយន្ត ដែលរកឃើញថាមិនទាន់បានឆៀក៕