(ភ្នំពេញ)៖ នយោបាយបង្កើនពាណិជ្ជ និងវិនិយោគរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានធ្វើឱ្យកំណើនជនជាតិចិននៅលើទឹកដីកម្ពុជា មានចំនួនកាន់តែច្រើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វត្តមានជនជាតិចិនចូលមកទឹកដីកម្ពុជានាពេលបច្ចុប្បន្នមានទាំងអ្នកវិនិយោគ មានទាំងអ្នកបម្រើការលើវិស័យសំណង់ សេវាកម្មផ្សេងៗ ព្រមទាំងអ្នកទេសចរណ៍ផងដែរ។

អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ បានឱ្យដឹងមកដល់ពេលបច្ចុប្បន្ននេះ ជនជាតិចិនប្រមាណ ២លាននាក់ បានចូលមកទឹកដីប្រទេសកម្ពុជា ក្នុងចំណោមនោះមានជនជាតិចិនចំនូន២៥ម៉ឺននាក់ដែលកំពុងរស់នៅវិនិយោគ និងប្រកបអាជីវកម្មនៅក្នុងទឹកដីកម្ពុជា។
ក្រៅពីរស់នៅលាយឡំជាមួយនឹងអ្នកវិនិយោគ និងបម្រើការងារផ្សេងៗក៏មានជនជាតិចិនមួយចំនួនបានបន្លំខ្លួនចូលមកកម្ពុជា ដើម្បីធ្វើសកម្មភាពល្មើសច្បាប់ និងបានបង្កសកម្មភាពអសន្តិសុខដូចជាការវាយតប់ និងកាប់ចាក់គ្នាថែមទៀតផង។

យ៉ាងណាបញ្ហាបង្កបទល្មើសដោយជនបរទេស ក៏មិនមែនមានតែជនជាតិចិននោះឡើយ ជនបរទេសដទៃទៀតក៏បានបង្កបទល្មើសផ្សេងៗផងដែរ។ ជាការគួរឲ្យកត់សម្គាល់ករណីបទល្មើស ឬអំពើហិង្សារ គឺជនជាតិចិនធ្វើឡើងចំពោះតែជនជាតិចិនគ្នាឯងតែប៉ុណ្ណោះ។

ប្រសាសន៍លោក គៀត ចន្ទថារិទ្ធ៖ «និយាយពីរឿងបទល្មើសយើងទទួលស្គាល់ថាមាន ប៉ុន្តែចំនួនបទល្មើស និងចំនួនជនជាតិចិនដែលមករស់នៅកម្ពុជាគឺតិចតួចទេ បើប្រៀបធៀបជាមួយបទល្មើសជាទូទៅបើតាមទិន្នន័យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បើប្រៀបធៀបជនជាតិចិនប្រព្រឹត្តិបទល្មើសក៏មិនច្រើនដែរ។ ជាការកត់សម្គាល់ ជនណាក៏ដោយមិនដែលល្អបរិសុទ្ធទាំងអស់នោះទេ បើសូម្បីតែក្រុមគ្រួសារយើង សហគមន៍ណាមួយ ក៏តែងតែមានអ្នកខិលខូច អ្នកមិនល្អ ដូច្នេះជនជាតិចិនដែលមកស្នាក់នៅបណ្ដោះអាសន្នប្រមាណជាង២០ម៉ឺននាក់ ពិតជាមិនអាចល្អទាំងអស់នោះទេ។

ប៉ុន្តែខ្ញុំវាយតម្លៃថា សកម្មភាពប្រព្រឹត្តបទល្មើស ភាគច្រើនជាមួយជនជាតិគ្នាគាត់ មិនសូវហ៊ានប៉ះពាល់ជាមួយប្រជាពលរដ្ឋខ្មែរយើងទេ។ ហើយបទល្មើសដែលគាត់ប្រព្រឹត្តកើតឡើងនោះគឺ ទាកទងជីវភាពប្រចាំថ្ងៃ ការជំពាក់លុយកាក់ វាមិនមែនជាសកម្មភាពល្មើស ដែលហៅថាសកម្មភាពងងឹត ដែលមានអង្គការចាត់តាំង ឬពួកម៉ាស្យា ឬបងតូចបងធំ ដែលមានការចាត់តាំងគ្នា ហើយប្រព្រឹត្តបទល្មើសមិនមែនបែបនេះទេ»

ចំណែកឯរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជា និងជាមជ្ឈមណ្ឌលវប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ បានក្លាយជាទីតាំងទាក់ទាញខ្លាំងសម្រាប់ការវិនិយោគរបស់ចិន។ តាមរយៈការវិនិយោគនេះ មានជនជាតិចិនប្រមាណជា ១២ម៉ឺននាក់ កំពុងស្នាក់នៅសម្រាប់វិនិយោគ និងបម្រើការងារផ្សេងៗ រួមទាំងធ្វើទេសចរណ៍ផងដែរ។ បើទោះជាជនជាតិចិនបានចូលមករស់នៅច្រើនក្នុងរាជធានីភ្នំពេញក្ដី តែបទល្មើសមានតិចតួចប៉ុណ្ណោះ។ តួយ៉ាងរយៈពេល៦ខែ ក្នុងអាណត្តិគ្រប់គ្រងស្នងការរាជធានីភ្នំពេញរបស់លោកឧត្តមសេនីយ៍ ស ថេត មានបទល្មើស២ប៉ុណ្ណោះដែលបង្កឡើងដោយជនជាតិចិន ពាក់ព័ន្ធឧក្រិដ្ឋកម្មអ៉ីនធើណេត។

លោកឧត្តមសេនីយ៍ ស ថេត បញ្ជាក់យ៉ាងដូច្នេះថា៖ «នេះជាព័ត៌មានពីខាងក្រៅទេ ដែលម៉ៃថាឲ្យតែចិន គឺដឹងតែអាក្រក់ទាំងអស់ តែការពិតមិនមែនទេ។ ទោះបីថាអ្នកប្រព្រឹត្តបទល្មើសខុសច្បាប់មិនមែនតែជនណាមួយទេ គឺតែងតែមាននៅលើពិភពលោក គ្រាន់តែថា ក្នុងកម្រិតប៉ុណ្ណា ឬយ៉ាងមិចគឺតាមសភាពការជាក់ស្ដែង នៃភូមិសាស្រ្តប្រទេស។ នៅរាជធានីភ្នំពេញយើងក៏មានដែរ ប៉ុន្តែយើងឲ្យតួលេខដូចជាមិនទាន់សុក្រឹតទេ រីឯខុសពីប្រទេសទាំងនោះក៏មានប្រទេសផ្សេងៗទៀតផងដែរ ហើយយើងក៏បានចាត់ការតាមផ្លូវច្បាប់»

ក្រៅពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ជាខេត្តមានសក្ដានុពលខ្លាំងមួយក្នុងក្រសែភ្នែករបស់អ្នកវិនិយោគចិនសម្រាប់ការវិនិយោគ ព្រោះជាខេត្តតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលមានកំពង់ផែទឹកជ្រៅ ជាច្រកចេញចូលទំនិញដ៏សំខាន់សម្រាប់កម្ពុជា។ បច្ចុប្បន្នខេត្តព្រះសីហនុ មានជនបរទេសរស់នៅ និងវិនិយោគសរុបចំនួន៥៣សញ្ជាតិ ខណៈជនជាតិចិនបានមករស់នៅ និងវិនិយោគច្រើនជាងគេ ដែលមានចំនួនជាង ៧ម៉ឺននាក់ បន្ទាប់មកទៀតគឺជនជាតិឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានទទួលស្គាល់ថា គ្រប់តំបន់អភិវឌ្ឍន៍តែងតែមានបទល្មើសផ្សេងៗ។ លោកស្នងការ ចាត់ទុកនេះជារឿងធម្មតាមួយ។ បើតាមលោក ជួន ណារិន្ទ សម្រាប់បទល្មើសដែលកើតមានឡើងនៅក្នុងខេត្តព្រះសីហនុ មិនមែនសុទ្ធតែបង្កឡើងដោយជនជាតិចិននោះដែរ។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងខេត្តព្រះសីហនុយើងនេះ ចំណូលបុគ្គលិកកម្មករ និងកម្មករជំនាញរបស់ប្រជាជនកម្ពុជា ចំណាកស្រុក និងចំណាកពីប្រទេស ដែលខ្លួនទៅធ្វើកម្មករក៏ចូលមកច្រើនដែរបច្ចុប្បន្ននេះ ជនបរទេសជាង៥០សញ្ជាតិក៏ចូលមករស់នៅដែរ។ អីចឹងវិធានការទី១ គឺយើងអប់រំផ្សព្វផ្សាយណែនាំឲ្យគាត់បានយល់អំពីផ្លូវច្បាប់ ដែលច្បាប់នៅកម្ពុជាមានស្រាប់ ទី២អនុវត្តវិធានការជំនាញ ហើយវិធានការជំនាញរបស់យើងគឺមាន២ ទី១គឺយើងល្បាតចំហរ ទប់ស្កាត់ ដើម្បីឲ្យដឹងថាខេត្តនេះគឺមានសមត្ថកិច្ចគ្រប់គ្រាន់ អីចឹងរាល់ជនណាដែលចង់ធ្វើបញ្ហាអី គឺគាត់គិតថាប្រសិនធ្វើរត់រួចឬអត់? ទី២ បើយើងទប់ស្កាត់មិនបាន ហានិភ័យកើតឡើងហើយគឺយើងមានវិធានការជំនាញមួយ ដើម្បីស្រាវជ្រាវបង្រ្កាបឲ្យខានតែបាននេះគឺជាចំណុចទី២ ចំណុចទី៣ ដើម្បីបង្ការទប់ស្កាត់ ឲ្យគេដឹងថាកម្ពុជាមានច្បាប់ អីចឹងទេអនុវត្តឲ្យតឹងរឹងបំផុតអំពីផ្លូវច្បាប់»។ សកម្មភាពល្មើសច្បាប់ និងការបង្កបញ្ហាអសន្តិសុខផ្សេងៗពី សំណាក់ជនជាតិចិន នាំឱ្យមានការទោមនស្ស និងផ្ទុះការរិះគន់ជាខ្លាំងផងដែរពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ស្រុក។ មានប្រជាពលរដ្ឋខ្លះទៀត បារម្ភខ្លាចជនជាតិចិនទាំងនេះ បង្កអសន្តិសុខកាន់តែខ្លាំងអាចហួសពីសមត្ថកិច្ចក្នុងការគ្រប់គ្រងសកម្មភាពល្មើសច្បាប់ និងការបង្កអសន្តិសុខរបស់ជនជាតិចិន ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជានេះ។

យ៉ាងណាមិញករណីប្រព្រឹត្តបទល្មើសរបស់ជនជាតិចិន នៅក្នុងប្រទេសកម្ពុជា ត្រូវបានលោកនាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អះអាងថាបទល្មើសទាំងនោះកម្ពុជាអាចគ្រប់គ្រងបាន ព្រោះកម្ពុជា មានការសហការណ៍យ៉ាងស្អិតរមួត ជាមួយរដ្ឋាភិបាលចិន ក្នុងការបង្រ្កាបជនខិលខូចជនជាតិចិន ដើម្បីបញ្ជូនត្រឡប់ទៅកាន់ប្រទេសចិនវិញ។

លោក គៀត ចន្ទថារិទ្ធ៖ យ៉ាងណាក៏សូមជម្រាបជូនថាក្រសួងមហាផ្ទៃមានកិច្ចសហប្រតិបត្តិការណ៍ជិតស្និតល្អ ជាមួយក្រសួងសន្តិសុខសាធារណៈ របស់ចិន ជារៀងរាល់ឆ្នាំក្រសួងមានផែនការប្រតិបត្តិការណ៍។ ហើយចុងខែ៣កនុ្លងទៅសម្ដេចក្រឡាហោមក៏បានដឹកនាំប្រតិភូទៅពិនិត្យវាយតម្លៃកិច្ចសហប្រតិបត្តិការណ៍ ឆ្នាំ២០១៨ ចុះផែនការកិច្ចសហប្រតិបត្តិការណ៍បន្ត ប៉ុន្តែបានចុះអនុសរណៈលើកិច្ចសហប្រតិបត្តិការណ៍ចំនួន៣បន្ថែមទៀត។

ទី២ អនុសរណៈសម្រាប់កិច្ចសហប្រតិបត្តិការណ៍រយៈពេល៥ឆ្នាំ ទី២ អនុសរណៈស្ដីពីការប្រយុទ្ធប្រឆាំងនិងបទល្មើស តាមប្រព័ន្ទទូរគមនាគមន៍ និងទី៣ចុះហត្ថលេខាលើផែនការស្ដីពីកិច្ចសហប្រតិបត្តិការណ៍ឆ្នាំអនុវត្តន៍ច្បាប់ ឆ្នាំនេះគឺក្រសួងទាំង២ ក្រសួងមហាផ្ទៃ ក្រសួងសន្តិសុខសាធារណៈចិន គឺមានផែនការច្បាស់លាស់ ហើយចាត់ទុកជាឆ្នាំសហប្រតិបត្តិការណ៍នៃការអនុវត្តន៍ច្បាប់។ បានជាត្រូវអនុសរណៈបែបនេះក៏ព្រោះយើងមើលឃើញថា មានករណីបទល្មើសកើតឡើងបែបនេះឯង ដែលយើងត្រូវការ ការសហប្រតិបត្តិការណ៍ដើម្បីវាយបង្រ្កាបរាល់បទល្មើសទាំងអស់ ជាពិសេសករណីជនជាតិចិន»។

សម្រាប់ស្នងការនគរបានលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ មិនមែនធ្វើសម្រាប់ ជនជាតិចិនទេ គឺគ្រប់ជនបរទេស និងជនជាតិខ្មែរទាំងអស់ដែលប្រព្រឹត្តបទល្មើស គឺត្រូវតែបង្រ្កាប និងទប់ស្កាត់ ដើម្បីរក្សាសន្តិសុខក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូល។ ចំណែកជនបរទេសប្រព្រឹត្តបទល្មើសកម្រិតស្រាល កម្ពុជានឹងចាប់បញ្ជូនទៅកាន់ប្រទេសកំណើតវិញ។
ជាងនេះទៅទៀតរាល់ជនបរទេសទាំងឡាយដែលប្រព្រឹត្តបទល្មើសនៅប្រទេសកម្ពុជា ដែលមានស្ថានទំងន់ទោស នឹងត្រូវកាត់ទោសនៅកម្ពុជាផ្ទាល់តែម្ដង ទើបបញ្ជូនត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។

លោកឧត្តមសេនីយ៍ ស ថេត បញ្ជាក់យ៉ាងដូច្នេះថា៖ «កន្លងទៅយើងក៏បានជួបជាលក្ខណៈ Private ឬជាផ្លូវការក្ដី គាត់ក៏បានសុំណូមពរដែរ គាត់ថាឲ្យជួយមើលជនជាតិរបស់ខ្លួនដែលចូលមកជាទេសចរណ៍ក្ដី ជាវិនិយោគក្ដី ជាការប្រកបនូវមុខរបរផ្សេងៗក្ដី ក៏ប៉ុន្តែគាត់ក៏បានបញ្ជាក់មកខាងយើងដែរថា ចំពោះអ្នកដែរខិលខូច ដែលមកបង្កបទលើ្មសនៅប្រទេសកម្ពុជា យើងត្រូវតែអនុវត្តតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះក៏ជួយគាំទ្រដល់ អ្នកដែលល្អដែរ ដែលជួយមកវិនិយោគ រកស៊ីនៅកម្ពុជារបស់យើង ដើម្បីធ្វើឲ្យកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាយើង មានឱកាសកើនឡើងជារាងរាល់ឆ្នាំ យើងគាំទ្រ។ ប្រទេសណាក៏ដោយដូចកម្ពុជាទៅចិន ទៅប្រទេសដទៃ តែប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសរបស់គេ គឺគេនឹងអនុវត្តច្បាប់នៅទីនោះ អីចឹងគាត់មិនបានមកការពារអ្នកប្រព្រឹត្តខុសច្បាប់នៅកម្ពុជានោះទេ។ គ្រាន់តែឲ្យជួយការពារនូវអ្នកវិនិយោគិន អ្នករកស៊ីផ្សេងៗនៅកម្ពុជារបស់យើង ហើយគាត់ក៏បាននិយាយថាមិនត្រូវការពារអ្នកដែលខិលខូចដែរ»

សម្រាប់ខេត្តព្រះសីហនុវិញ លោកស្នងការ ជួន ណារិន្ទ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨កន្លងទៅ បទល្មើសដែលបង្កឡើងដោយជនជាតិចិន មានចំនួន១០៦ករណី ហើយត្រូវសមត្ថកិច្ចខេត្តបង្រ្កាបបានទាំងស្រុងចំនួន១០៤ករណី និង២ករណីទៀតកំពុងសុំដីការពីតុលាការដើម្បីឃាត់ខ្លួន។ ស្មារតីនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសបង្កឡើងដោយជនជាតិចិននៅក្នុងប្រទេសកម្ពុជានេះ មិនមែនត្រឹមតែសមត្ថកិច្ចរបស់កម្ពុជានោះទេ ភាគីរដ្ឋាភិបាលចិត្ត ក៏បានយកចិត្តទុកដាក់ផងដែរ។

លោកស្រី Zuo Wenxing ទីប្រឹក្សានយោបាយនៃស្ថានទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា តាំងពីដើមរៀងមក ភាគីចិនតែងអំពាវនាវដល់ប្រជាជនចិន ដែលមកដល់កម្ពុជាឲ្យប្រកាន់ខ្ជាប់តាមបទបញ្ញត្តិ និងច្បាប់ទម្លាប់ គោរពទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុកម្ចាស់ប្រទេស ចៀសឆ្ងាយសកម្មភាពទាំងឡាយណា ដែលបង្កជាបទល្មើសខុសច្បាប់ហើយពង្រឹងការណែនាំបន្ថែមដល់ពួកគេទៀតផង។

លោកស្រីភារធារីស្ថានទូតចិន បានបន្តអះអាងថា ចំពោះបញ្ហាប្រជាជនចិននៅកម្ពុជាមួយចំនួនបានប្រព្រឹត្តបទល្មើសផ្សេងៗ ភាគីចិនមានការយកចិត្តទុកដាក់ខ្ពស់និងប្រើប្រាស់វិធានការណ៍ជាច្រើន ដើម្បីជាការឆ្លើយតបយ៉ាងម៉ត់ចត់ ដោយបានសហការជាមួយកម្លាំងសមត្ថកិច្ចកម្ពុជាក្នុងការប្រឆាំងការពារយ៉ាងម៉ឺងម៉ាត់។

លោកស្រី បានបញ្ជាក់ដូច្នេះ «ឆ្នាំ២០១៩ គឺជាឆ្នាំសហប្រតិបត្តិការអនុវត្តន៍ច្បាប់រវាងចិននិងកម្ពុជា ក្នុងអំឡុងឆ្នាំនេះ សមត្ថកិច្ចចិន និងកម្ពុជាបានចាត់វិធាន ការណ៍បំពេញបេសកម្មរួមគ្នា ចាប់ខ្លួន និងបញ្ជូនត្រលប់ជនល្មើសនិងកម្ពុជាបានចាត់វិធានការណ៍បំពេញបេសកម្មរួមគ្នាចាប់ខ្លួន និងបញ្ជូនត្រលប់ជនល្មើសជនជាតិចិន ចំនួន៥២៥នាក់ ដែលបានបង្ហាញអំពីការព្រមានយ៉ាងខ្លាំងក្លាចំពោះក្រុមជនល្មើស។

ស្ថានទូតចិនជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំ ប្រទេសទាំងពីរ រួមជាមួយកិច្ចសម្របសម្រួលរវាងស្ថាប័នអនុវត្តច្បាប់ប្រទេសទាំងពីរ បញ្ហាបទល្មើសឆ្លងដែនដែលពាក់ព័ន្ធទាំងឡាយនឹងទទួលបាន ដំណោះស្រាយជាមិនខាន ហើយកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ដើម្បីសន្តិសុខ ប្រទេសទាំងពីរនឹងបន្តឈានឡើងមួយកម្រិតថ្មីទៀត ដែលនឹងផ្តល់ជាការធានាគាំពារយ៉ាងរឹងមាំមួយសម្រាប់កិច្ចអភិវឌ្ឍន៍ទំនាក់ទំនងប្រទេសទាំងពីរ ជាមួយនឹងការរួមគ្នាកសាង ខ្សែក្រវាត់ និងផ្លូវ ផងដែរ»

ជាការគួរឲ្យកត់សម្គាល់ ទំនាក់ទំនងល្អយ៉ាងស្អិតរមួតរវាងកម្ពុជា និងចិន បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ធារាសាស្រ្ត ជាពិសេសនៅពេលបច្ចុប្បន្ននេះ វិស័យអចលនៈទ្រព្យនៅកម្ពុជា ត្រូវបានធុរកិច្ចជនចិន ចាប់អារម្មណ៍ និងចូលរួមយ៉ាងសកម្មនៅកម្ពុជា។ ដោយគិតត្រឹមខែមេសា ឆ្នាំ២០១៨ ការវិនិយោគចិននៅកម្ពុជា មានទឹកប្រាក់១៧ប៊ីលានដុល្លារ ខណៈដែរអគ្គលេខាធិការ CDC ប្រឹងប្រែងទាក់ទាញវិនិយោគិន ឲ្យវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។

ការវិនិយោគរបស់វិនិយោគិនចិន ជាផ្នែកមួយក្នុងការចូលរួមគាំទ្រគោលនយោបាយអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យក្នុងការ ជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្ម ផ្អែកលើជំនាញ ត្រឹមឆ្នាំ២០២៥៕