(រតនគិរី)៖ ដោយមានបទបញ្ជាពីលោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងទទួលផែន ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកវ៉ើនសៃ និងកម្លាំងនគរបាលស្រុកវ៉ើនសៃ បានចុះរឹបអូសឈើកកោះចំនួន៣២សន្លឹក និងឈើធ្នង់ចំនួន១០៨ដុំ។
លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្រោយពីទទួលព័ត៌មានរួចមក លោកបានដឹកនាំកម្លាំងនគរបាលជំនាញ ចុះរុករកប្រទះឃើញគំនរឈើកកោះចំនួន៣២សន្លឹក ដែលក្រុមឈ្មួញគរលាក់ទុកក្នុងព្រៃ ស្ថិតក្នុងភូមិប៉ុង ឃុំប៉ុង ស្រុកវ៉ើនៃ កាលពីថ្ងៃទី៩ ខែកក្កដា ម្សិលមិញ។
លោកឧត្តមសេនីយ៍ស្នងការរងរូបនេះ ប្រាប់បន្តថា លុះព្រឹកឡើងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងរបស់លោកសហការជាមួយកម្លាំងនគរបាលស្រុកវ៉ើនសៃ បានចុះឆែកឆេរទីតាំងស្តុកឈើមួយកន្លែង ស្ថិតក្នុងភូមិប៉ុង ឃុំប៉ុង ដែលមានម្ចាស់ឈ្មោះ ស៊ីង ប៊ុតស៊ី អាយុ៣០ឆ្នាំ ជនជាតិឡាវ រឹបអូសឈើធ្នង់បានចំនួន១០៨ដុំ។
បច្ចុប្បន្នវត្ថុតាងទាំងអស់ ដឹកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវើនសៃ រួចបានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើចាត់ការបន្ត។ យ៉ាងណាក៏ដោយ ចំនួនឈើពិតប្រាកដមិនទាន់ដឹងចំនួនម៉ែត្រគូបនៅឡើយទេ ពោលគឺជំនាញរដ្ឋបាលព្រៃឈើ មិនទាន់ធ្វើការវាស់វែង។
គួរបញ្ជាក់ផងដែរថា ទោះបីសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធធ្វើការបង្ក្រាបជាហូរហែយ៉ាងណាក៏ដោយ ក៏ក្រុមឈ្មួញនៅតែឆ្លៀតឱកាសដឹកជញ្ជូនឈើដោយពុំខ្លាចច្បាប់នោះទេ៕