(បាត់ដំបង)៖ ដើម្បីការពារសុខភាពជៀសផុត ពីការឆ្លងជំងឺគ្រុនឈាម ដោយសារមូសខ្លាញីខាំ និងការខាំរបស់សត្វមូស ពិសេសដើម្បីបង្ការការឈឺ និងស្លាប់ដោយសារជំងឺគ្រុនឈាម ឱ្យកាន់តែមានប្រសិទ្ធភាពនោះ លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ភ្ជាប់នូវគោលជំហរជាប្រជាជនគំរូមួយរូប «គឺខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំគ្មានដង្កូវទឹក»។

លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានឱ្យដឹងថា កន្លងមកមន្ទីរសុខាភិបាលខេត្ត បានសហការជាមួយមន្ត្រី និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សាខាខេត្តបាត់ដំបង បានចុះដាក់ថ្នាំអាបេត និងការបាញ់ថ្នាំសម្លាប់សត្វមូស នៅសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបងនាថ្ងៃនេះ។ ក្នុងចំណោមនោះខេត្តបាត់ដំបង មានជំងឺគ្រុនឈាមកើតឡើង ចំនួនជាង៧២៣ករណី និងមានការបាត់បង់ជីវិតអ្នកជំងឺចំនួន៥នាក់។

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់ដែរថា ការផ្ទុះជំងឺគ្រុនឈាមនេះ មិនមែនតែកើតមាននៅក្នុងខេត្តបាត់ដំបង ឬប្រទេសកម្ពុជានោះទេ តែនៅប្រទេសជិតខាងយើងក៏មានការផ្ទុះជំងឺនេះដូចគ្នាដែរ ហើយជំងឺគ្រុនឈាមនេះអាចទប់ស្កាត់បាន ដោយរួមគ្នាសំអាតបរិស្ថាន នៅជុំវិញលំនៅដ្ឋានឱ្យបានស្អាត និងដុត ឬកប់ចោលវត្ថុដែលអាចដក់ទឹក ដើម្បីបំបាត់ទីជម្រកសត្វមូសពងកូន ទើបអាចជៀសផុតពីការចម្លងជំងឺគ្រុនឈាម។

តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា គ្រុនឈាមគឺជាជំងឺរបស់មនុស្សគ្រប់វ័យ ដែលបង្កឡើង ដោយសត្វមូសខ្លាញីខាំបឺតឈាមចម្លងមេរោគគ្រុនឈាមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត បច្ចុប្បន្នស្ថានភាពជំងឺគ្រុនឈាមនេះ បាននឹងកំពុងតែផ្ទុះឡើង ក្នុងកំឡុងឆ្នាំ២០១៩នេះ មានការកើនឡើងគួរឱ្យកត់សំគាល់ ច្រើនជាងឆ្នាំ២០១៨ កន្លងទៅ៕