(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ដោយសហការជាមួយគណៈកម្មការមូលបត្រកម្ពុជា និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំនូវសិក្ខាសាលាស្តីពី ការវិនិយោគសម្រាប់ វិនិយោគិនសញ្ជាតិចិន នៅកម្ពុជា ជាលើកដំបូងបំផុត ក្រោមប្រធានបទ «ឱកាសនៃការវិនិយោគមូលបត្រនៅកម្ពុជា» នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅអាគារផ្សារមូលបត្រកម្ពុជា។

សិក្ខាសាលានេះ បានទាក់ទាញការចាប់អារម្មណ៍ និងទទួលបានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ជនជាតិចិនជិត១០០នាក់ ដែលក្នុងនោះភាគច្រើនជាសហគ្រិន ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាក្រុមហ៊ុននានា និងជាវិនិយោគិន។

ដោយផ្អែកលើភាពជោគជ័យ នៃការរៀបចំសិក្ខាសាលាមុនៗនៅបរទេស ពិសេសនៅទីក្រុងសិនជិន នៃប្រទេសចិន កាលពីខែមេសា ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់វិនិយោគិនសញ្ជាតិចិន មកលើផ្សារមូលបត្រកម្ពុជា ក៏បានរៀបចំសិក្ខាសាលាក្នុងស្រុកនេះឡើង សម្រាប់វិនិយោគិនសញ្ជាតិចិន ដែលមានសក្តានុពល ដែលស្ថិតនៅក្នុងប្រទេសកម្ពុជាផ្ទាល់ ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅ នូវឱកាសវិនិយោគមូលបត្រនៅកម្ពុជា។

ក្នុងអំឡុងពេលសិក្ខាសាលា វាគ្មិនបានធ្វើបទបង្ហាញអំពីបេសសកម្ម និងយុទ្ធសាស្ត្រអភិវឌ្ឍរបស់ផ្សារមូលបត្រកម្ពុជា ក៏ដូចជាផ្តល់ជូនវិនិយោគិន នូវព័ត៌មានសំខាន់ៗ រួមមាន ប្រភេទផលិតផលវិនិយោគ ដែលមានស្រាប់លើទីផ្សារ ព័ត៌មានទាក់ទងនឹងក្រុមហ៊ុនចុះបញ្ជី ច្បាប់និងបទបញ្ញាតិសម្រាប់ការជួញដូរ ការលើកទឹកចិត្តផ្នែកពន្ធ និងមិនមែនពន្ធ លក្ខខណ្ឌ និងនិតិវិធីនៃការបោះផ្សាយ លក់មូលបត្រជាសាធារណៈលើកដំបូង និងមគ្គទេសក៍នៃការចុះបញ្ជីក្នុង ផ.ម.ក ។

ក្នុងឱកាសនាសិក្ខាសាលានេះដែរ ផ.ម.ក ក៏បានប្រកាសដាក់ឲ្យប្រើប្រាស់ នៅមុខងារជាភាសាចិន ដែលទើបតែបានបន្ថែមថ្មី ទៅលើប្រព័ន្ធជួញដូរចល័ត MTS ពីលើភាសាខ្មែរ និងអង់គ្លេស ដែលមានស្រាប់ដើម្បីសម្រួល ដល់វិនិយោគិនសញ្ជាតិចិន ក្នុងការប្រើប្រាស់ប្រព័ន្ធ MTS។ បន្ថែមពីលើនេះ សិក្ខាសាលាក៏បានផ្តល់ជាទីកន្លែងសម្រាប់អ្នកចូលរួម និងក្រុមហ៊ុនមូលបត្រ ដើម្បីជួប និងពិគ្រោះពិភាក្សាអំពីនិតិវិធី ក្នុងការធានាទិញមូលបត្រ និងសេវាកម្មឈ្មួញជើងសារមូលបត្រផងដែរ៕