(ព្រះវិហារ)៖ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីស្តង់ដារសហគមន៍ទេសចរណ៍កម្ពុជា

និងស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន ដោយមានការគាំទ្រ និងសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍។

ក្នុងសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោក តុប សុភក្រ័ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីលោក លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ព្រមទាំងតំណាងសហគមន៍ទេសចរណ៍ និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបទៀតផងដែរ។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារបានឲ្យដឹងថា អង្គសិក្ខាសាលានេះ គឺមានទិសដៅ ដើម្បីលើកកម្ពស់គុណភាពផលិតផលទេសចរណ៍ នៅតាមសហគមន៍ ដែលជាគោលដៅទេសចរណ៍នៅក្នុងខេត្ត និងដើម្បីចូលរួមប្រឡងប្រណាំង សហគមន៍ទេសចរណ៍គំរូលើកទី២។

លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានបញ្ជាក់ថា «ចំពោះការវិវឌ្ឍន៏រីកចម្រើន នៃវិស័យទេសចរណ៍នៅក្នងខេត្ត ពិសេសលើសក្តានុពលទេសចរណ៍ ដែលមានច្រើននៅតាមសហគមន៍នានា របស់ខេត្តដែលយើងចាំបាច់ត្រូវគ្រប់គ្រង និងអភិវឌ្ឍន៍ឲ្យមាននិរន្តរភាព និងប្រកបដោយគុណភាព សម្រាប់ទាក់ទាញទេសចរណ៍»។

លោក តុប សុភក្រ័ ក៏បានថ្លែងទៅកាន់មន្ទីរទេសចរណ៍ខេត្តផងដែរថា ត្រូវប្រតិបត្តិករទេសចរណ៍ ជាមួយដៃគូអភិវឌ្ឍន៍ព្រមទាំមន្ទីរអង្គភាពពាក់ព័ន្ធ បន្តរួមសហការគ្នា ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍សហគមន៍ និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដើម្បផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរ ឲ្យមកទស្សនាកាន់តែច្រើនទៀត ក្នុងនេះក៏ត្រូវបន្តយកចិត្តទុកដាក់បដិសណ្ឋារកិច្ចភ្ញៀវឲ្យបានល្អ ម្ហូបអាហារមានអនាម័យ និងតម្លៃសមរម្យ។

ទាក់ទងដល់ព្រឹត្តិការណ៍ទេសចរណ៍នេះ លោកអនុរដ្ឋលេខាធិការក៏បានបញ្ចាក់ថា ក្រុមការងារត្រូវសិក្សាបន្ថែម ដើម្បីសិក្សាលទ្ធភាពក្នុងការរៀបចំឲ្យមានការរត់ម៉ារ៉ាតុនឬ ជឹះកង់ នៅក្រុងព្រះវិហារ និងការរៀបចំដំណើកម្សាន្តឡើងភ្នំត្បែងផងដែរ៕