(កំពង់ឆ្នាំង)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក យីវ ណារិន ប្រធានសាខា បានរួមសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យទំនិញនៅនៅផ្សាររមាសនិងតូបលក់ជុំវិញផ្សារស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយរកឃើញទំនិញហួសកាលបរិច្ឆេទមួយចំនួន ធ្វើកំណត់ហេតុ ដកហូតទុកដុតកម្ទេចចោល។

លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងឱកាសចុះអង្កេតផ្សាររមាសខាងលើ មន្រ្តីជំនាញបានធ្វើតេស្តបឋម ទៅលើត្រីងៀត, ត្រីឆ្អើរ, បន្លែស្ពៃខៀវ, ផ្ទីដូង,សណ្តែកបណ្តុះ ជាលទ្ធផលបឋម គឺយើងពុំមានឃើញសារធាតុគីមីឡើយ ។ យ៉ាងណាមិញ ក្រុមការងារ បានដកហូតភេសជ្ជៈចំរុះ ដែលហួសកាលបរិច្ឆេតប្រើប្រាស់ ចំនួន ១៦ដប ស្មើនិង ៦,៧ kgs យកមករក្សារទុកនៅសាខា ដើម្បីដុតកំទេចចោល។

មន្រ្តីកាំកុងត្រូលខេត្តកំពង់ឆ្នាំង ក៏បានណែនាំអាជីវករ ឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ទៅតាមប្រភេទ ទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយ ឡែកៗ ពីគ្នាចៀសវៀងការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់ផងដែរ។

ទន្ទឹមនឹងនេះដែរ ក្រុមការងារកាំកុងត្រូលខេត្តកំពង់ឆ្នាំង ក៏បានចុះតាមដាន និងពិនិត្យការលក់រាយនូវប្រេងឥន្ធនៈស្ថានីយ៍ចំនួន០៤ទីតាំង រីឯតម្លៃលក់រាយនោះ គឺសមស្របតាមតម្លៃដែល ក្រសួងបានកំណត់៕