(ភ្នំពេញ)៖ ទីបំផុត ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ឯក ប៉ូលីហ្វីល នៅរសៀល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ គង់ រ៉ៃយ៉ា ក្រោមការចោទប្រកាន់ពាក់ព័ន្ធ នឹងករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ នេះបើតាមមន្ត្រីជាន់ខ្ពស់ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
សូមជម្រាបថា កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចបញ្ជូនយុវជន គង់ រ៉ៃយ៉ា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ ខណៈដែលយុវជន ៣រូបទៀត ដែលត្រូវបានឃាត់ខ្លួនដំណាលគ្នានោះ ត្រូវបានដោះលែងវិញហើយ។ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ តំណាងអយ្យការ បានបន្តការសាកសួរលើលោក គង់ រៃយ៉ា នៅសាលាដំបូងរាជធានីភ្នំពេញផងដែរ។
យុវជន គង់ រ៉ៃយ៉ា និងបក្ខពួក៣នាក់ទៀត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួន កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពួកគេបានបោះពុម្ពទ្រឹស្ដីរបស់ លោកបណ្ឌិត កែម ឡី នៅលើអាវយឺតព័ណ៌ខ្មៅ និងស ដែលសមត្ថកិច្ចសង្ស័យថា មានខ្លឹមសារញុះញង់ឲ្យមានកំហឹងឈឺចាប់ ដើម្បីបំផុសបំផុលដោយភ្ជាប់នឹងថ្ងៃមរណភាព លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយឃាត់ខ្លួនយកទៅសាកសួរ សមត្ថកិច្ចបានសម្រេចឲ្យមនុស្ស៣នាក់ ទៅផ្ទះវិញដោយទុកតែឈ្មោះ គង់ រ៉ៃយ៉ា ម្នាក់ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ។
គួរជម្រាបដែរថា ជនត្រូវចោទរូបនេះ ក៏ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ ម្តងរួចមកហើយ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ដោយចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយសារតែយុវជននេះ បានប្រកាសឲ្យមហាជនចូលរួមធ្វើបដិវត្តន៍ពណ៌ តាមបណ្ដាញសង្គម Facebook ជាមួយនឹងរូបគេ កាលពីឆ្នាំ២០១៥។ កាលនោះ គង់ រ៉ៃយ៉ាង បានសរសេរយ៉ាងដូច្នេះថា៖ «តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»៕