(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោក Amphay KINDAVONG ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ពាក់ព័ន្ធនឹងវិស័យកសិកម្ម។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្ម និងព្រៃឈើឡាវ តាមរយៈការចុះអនុស្សារណៈយោគយល់គ្នា ស្តីពីការខ្ចីសត្វដំរីឡាវ សម្រាប់ការបង្ហាញសិល្បៈ និងផ្លាស់ប្តូរវប្បធម៌ នៅសួនសត្វសាហ្វារី នៅរាជធានីភ្នំពេញ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសឡាវ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។

លោករដ្ឋមន្ត្រី វេង សាខុន សង្ឃឹមនិងជឿជាក់ថា លោកឯកអគ្គរដ្ឋទូត នឹងជួយគាំទ្រនិងជ្រោមជ្រែងដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរថែមមួយកម្រិតទៀត តាមរយៈការធ្វើទស្សនកិច្ចផ្លូវការ និងការផ្លាស់ប្តូរបទពិសោធន៍ លើការងារកសិកម្មចំរុះ ជាពិសេសនៅតំបន់ខ្ពង់រាប ការងារអភិរក្ស និងអភិវឌ្ឍនវិស័យព្រៃឈើ និងជលផល។

នាឱកាសនេះ លោកឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ក៏បានធ្វើការកោតសរសើរចំពោះល្បឿន នៃការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយក៏បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពសំខាន់ៗ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបាននាពេលកន្លងមក និងបច្ចុប្បន្ន។

ពាក់ព័ន្ធនឹងការខ្ចីដំរីឡាវ សម្រាប់ការបង្ហាញសិល្បៈ និងផ្លាស់ប្តូរវប្បធម៌ នៅសួនសត្វសាហ្វារី នៅរាជធានីភ្នំពេញ លោកបានបញ្ជាក់ថា ភាគីឡាវបានចុះពិនិត្យស្ថានភាពរបស់ដំរីទាំង៩ ដែលខ្ចីមក ហើយពិតជារីករាយចំពោះស្ថានភាព សុខភាព និងការមើលថែទាំដំរីទាំងនោះពីភាគីកម្ពុជា។

ទន្ទឹមនឹងនេះ លោកសន្យាថា នឹងព្យាយាមអស់លទ្ធភាព ធ្វើយ៉ាងណាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ស្របតាមការលើកឡើងរបស់លោករដ្ឋមន្ត្រី៕

Advertising