(កណ្តាល)៖ បន្ទាប់មានករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិក នៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជាចិញ្ជឹមជ្រូក កំពុងឆ្លងមានជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅតាមខ្នងផ្ទះ និងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន ចំពោះការទិញសាច់ជ្រូកមកទទួលទាន។

សូមបញ្ជាក់ថា គិតត្រឹមវេលាម៉ោងប្រមាណ ១១ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ មានជំងឺប៉េស្តជ្រូកអាហ្វ្រិកកើតឡើងនៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល រហូតធ្វើឲ្យជ្រូកងាប់ ជាង ៥០០ក្បាល។

មន្ត្រីជំនាញអះអាងថា ការឆ្លងជំងឺនេះ ដោយសារឈ្មួញនាំជ្រូកមានជំងឺប៉េស្តជ្រូកអាហ្វ្រិក ពីប្រទេសជិតខាងចូលមកកាន់ទីផ្សារកម្ពុជា ហើយអ្នកបរិភោគទិញសាច់យកទៅបរិភោគ រួចចម្លងជំងឺទៅសត្វជ្រូករបស់គាត់នៅ និងផ្ទះបណ្តាលឱ្យសត្វជ្រូកនោះ ទទួលចម្លងជំងឺនោះងាប់ជាបន្តបន្ទាប់តែម្តងទៅ។

បន្ទាប់មានករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិចនេះ លោកបណ្ឌិត ម៉ៅ ភិរុណ បានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ជ្រូករងគ្រោះដល់ទីតាំង ឬតាមខ្នងផ្ទះ។
ប៉ុន្មានថ្ងៃនេះលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង និងមន្ត្រីជំនាញ នៃមន្ទីរពាក់ព័ន្ធជុំវិញសាលាខេត្តកណ្តាល និងបានចុះបាញ់ថ្នាំសម្លាប់ និងការពារមេរោគតាមទីតាំងចិញ្ចឹម ជ្រូកមួយចំនួនផងដែរ៕