(ត្បូងឃ្មុំ)៖ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា បន្ទាប់ពីមានការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងការលុបបំបាត់ប្រភពមូសខ្លា ជាភ្នាក់ងារ នៃជំងឺគ្រុនឈាម ពិសេសក្រោមការយកចិត្តទុកដាក់ពីលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានធ្វើឱ្យអត្រាអ្នកកើតជំងឺគ្រុនឈាម បានថយចុះមកវិញ។

ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម បានបន្តធ្វើជាលើកទី៣ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ នៅជុំវិញទីប្រជុំជនស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមន្ទីរសុខាភិបាលខេត្ត ដឹកនាំដោយលោក កែវ វណ្ណៈ រួមជាមួយអាជ្ញាធរស្រុកមេមត់ ព្រមទាំងក្រុមយុវជនស្រលាញ់សន្តិភាព ស.ស.យ.ក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បន្តចុះលុបបំបាត់ជម្រកមូសខ្លា ដាក់ថ្នាំអាបែតតាមអាងទឹក ពាងទឹក និងប្រភពដក់ទឹកនានា បាញ់ថ្នាំសំលាប់សត្វមូស និងចុះពន្យល់ណែនាំប្រជាពលរដ្ឋពាក់ព័ន្ធនឹងប្រភព និងផលប៉ះពាល់នៃជំងឺគ្រុនឈាម។

លោក កែវ វណ្ណៈ បានបញ្ជាក់ថា ទោះបីជាយ៉ាងនេះក្តី មន្ទីរសុខាភិបាលខេត្ត រួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតែបន្តចុះធ្វើយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម អោយបានផុសផុលគ្រប់ទីប្រជុំជនទូទាំងខេត្ត។

ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ឱ្យជួយសហការអប់រំ ទៅដល់អ្នកធ្វើអាជីវកម្ម ដែលពាកព័ន្ធ ជុំវិញការផ្ទុកសំបកកង់រថយន្ត កង់ម៉ូតូ ដែលជាប្រភពចម្លងយ៉ាងចម្បងបំផុត ជាភ្នាក់ងារចម្លងធំ ដែលបង្កើតជម្រកមូសខ្លា ហើយបង្កើតជាបញ្ហា នៃជំងឺគ្រុនឈាម ជាពិសេសដើម្បីរួមគ្នាការពារសុខភាពបង្ការ ការឈឺនិងស្លាប់ ដោយសារជំងឺគ្រុនឈាម ឱ្យកាន់តែមានប្រសិទ្ធភាព៕