(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានត្រូវគ្រប់គ្រងជនបរទេស អន្តោប្រវេសន៍ឲ្យបានច្បាស់លាស់ ដើម្បីធានាបានស្ថេរភាព សណ្ដាប់ធ្នាប់ សន្តិសុខ សង្គមជាតិយើងឲ្យបានល្អប្រសើរ។

លោកអភិបាលខេត្ត បានថ្លែងជំរុញដូច្នេះ ខណៈពេលចូលរួមជាអធិបតី ជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ចាម ក្នុងពិធីប្រជុំ បិទបញ្ចប់ឱសានវាទ ការអនុវត្តអនុ ក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៧ របស់រាជរដ្ឋាភិបាលស្ដីពី ការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់នៅខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងបន្តថា «បច្ចុប្បន្នក្នុងខេត្តកំពង់ចាម មានជនបរទេសជាច្រើនសញ្ជាតិកំពុងរស់នៅធ្វើការ ក្នុងខេត្តនឹងមកវិនិយោគទុនផងដែរ ក្នុងនោះ មានជនជាតិបង់ក្លាដេស ជនជាតិវៀតណាម និងជនជាតិចិនជាដើម ដូច្នេះដើម្បីរក្សាស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់បានល្អប្រសើរដល់សង្គមជាតិរបស់យើងនោះ គឺស្ថិតនៅលើអាជ្ញាធរ ក្រុង-ស្រុក ពិសេស អាជ្ញាធរឃុំ-សង្កាត់ ត្រូវអនុវត្តភារកិច្ចគ្រប់គ្រង ជនអន្តោប្រវេសន៍ឲ្យបានច្បាស់លាស់ និងផ្តល់ជាទំនុកចិត្តដល់ប្រជាពលរដ្ឋផងដែរ»។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រូវគាំទ្រ អនុវត្តវិធានការ របស់ថ្នាក់លើឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាគឺទប់ស្កាត់កុំឲ្យមាន ជនអន្តោប្រវេសន៍ខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់យើង ដែលប្រការនេះជាផ្នែកមួយក្នុងការចូលរួមការទប់ស្កាត់ កុំឲ្យមានបញ្ហា អសន្តិសុខ ឬបទល្មើសនានា ដែលកើតឡើងដោយជនអន្តោប្រវេសន៍ ខុសច្បាប់នេះ។

លោកឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងថា មន្ត្រីប៉ុស្តិ៍រដ្ឋបាល មានតួនាទីសំខាន់ណាស់ ក្នុងការត្រួតពិនិត្យ ទៅលើជនអន្តោ ប្រវេសន៍ខុសច្បាប់ ពោលគឺនៅពេលដែលមានជនបរទេសរស់នៅក្នុងមូលដ្ឋាន មន្ត្រីប៉ុស្តិ៍រដ្ឋបាល និងមន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវសហការគ្នាចុះសង្កេត និងសួរនាំជនបរទេសនោះ ដើម្បីបញ្ជាក់បានថា ពួកគេមករស់នៅស្របច្បាប់ ឬក៏ខុសច្បាប់។ ប្រសិនបើរកឃើញថា ជនបរទេសនោះរស់នៅដោយខុសច្បាប់ ត្រូវមានវិធានការឃាត់ខ្លួន និងអនុវត្តទៅតាមនីតិវិធី៕