(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំវេទិកាជួបជុំមួយរវាងសាជីវកម្មជប៉ុន និងថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ ដើម្បីពិភាក្សាអំពីកិច្ចការ ដែលនឹងត្រូវបន្ដធ្វើ ស្ដាប់និងផ្ដល់យោបល់ផ្សេងៗ ដល់គ្នាទៅវិញទៅមក។

វេទិកានេះក៏មានការចូលរួមពីលោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី ព្រមទាំងសាជីវកម្មជប៉ុន និងកម្ពុជាជាច្រើនរូបទៀតផងដែរ។ លោក អ៊ិន ចាន់នី បានឲ្យដឹងថា ថ្ងៃនេះធនាគារ អេស៊ីលីដា ភីអិលស៊ី បានរៀបចំវេទិកាមួយ ដើម្បីឲ្យសារជីវកម្មជប៉ុនបានជួប ជាមួយថ្នាក់ដឹកនាំនៃស្ថាប័នទាំង២ ដើម្បីជម្រាបជូនអំពីកិច្ចការ ដែលត្រូវធ្វើបន្ដ និងស្ដាប់ពីអនុសាសន៍ផ្សេងៗទៀត។

លោក អ៊ិន ចាន់នី បានបន្ថែមថា «វេទិកានេះហៅថា បណ្ដាញគណនីបណ្ដាញប្រាស្រ័យទាក់ទង រវាងពាណិជ្ជករជប៉ុន ជាមួយធនាគារអេស៊ីលីដា និងភាគហ៊ុននិក ហើយនេះជាគោលបំណងសំខាន់ នៃវេទិកានាថ្ងៃនេះ»

លោកបន្ថែមថា ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា ធនាគារអេស៊ីលីដាបានចុះកិច្ចព្រមព្រៀង ជាមួយធនាគារ SMBC ជប៉ុនកាលពីខែកញ្ញា ឆ្នាំ២០១២ ដោយកិច្ចព្រមព្រៀងនេះ បានបង្កើតឲ្យ មានការិយាល័យ បម្រើអតិថិជនខ្នាតអន្ដរជាតិ។ ២ឆ្នាំក្រោយមក SMBC បានវិនិយោគជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយកាន់កាប់ភាគហ៊ុនចំនួន១២.២៥% ហើយឆ្នាំ២០១៧ ខែសីហា បានតម្លើងភាគហ៊ុនរហូតដល់១៨.២៥%។

លោកបានបន្ថែមថា ដោយសារ SMBC ជាភាគទុននិកសំខាន់មួយ ក្នុងចំណោមភាគហ៊ុនទុននិក របស់ធនាគារអេស៊ីលីដា ផ្នែកភាគទុននិកបរទេស ដូច្នេះយើងមានអតិថិជនខ្នាសាជីវកម្មរបស់ជប៉ុន ដែលមានប្រតិបត្តិការជាមួយធនាគារអេស៊ីលីដាយ៉ាងច្រើន។

លោក អ៊ិន ចាន់នី បានបញ្ជាក់ថា «ថ្ងៃនេះជាការជួបជុំលើកទី១ ជាមួយសាជីវកម្មជប៉ុនជាង១០០ ហើយជាសាជីវកម្មខ្នាតធំៗតែម្ដង ក្នុងនោះធនាគារ អេស៊ីលីដា ភីអិលស៊ី និងជម្រាបជូនគាត់ពី អ្វីដែលធនាគារអេស៊ីលីដាធ្វើជាមួយគាត់, ពិភាក្សាពីការគាំទ្រគ្នាទៅវិញទៅមកតាមកម្រិតណា និងស្ដាប់យោបលរបស់គាត់ ដើម្បីរកវិធីឆ្លើយតបនឹងតម្រូវការសាអាជីវកម្មទាំងអស់នោះវិញ»

Advertising