(ភ្នំពេញ)៖ ក្រុមហ៊ុន Davitra (Cambodia) Co., Ltd និងក្រុមហ៊ុនខ្មែរមហាសំណាង នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បានចាប់ផ្តើមសហការគ្នាបង្កើតយុទ្ធនាការតន្ត្រី អាហារូបករណ៍មហាសំណាង ដែលគ្រោងនឹងប្រគុំតន្រ្តីនៅទូទាំង ២៥រាជធានីខេត្ត ដើម្បីបញ្ជ្រៀបព័ត៌មានអំពីការប្រឹក្សាយោបល់អាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេស ដោយមិនគិតថ្លៃ ជូនសិស្សានុសិស្សទាំងអស់ និងដើម្បីផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាជនកម្ពុជា។

ពិធីបើកយុទ្ធនាការតន្រ្តីអាហារូបករណ៍មហាសំណាងនេះដែរ ធ្វើឡើងនៅទីស្នាក់ការកណ្តាល ក្រុមហ៊ុន Davitra ដែលមានការចូលរួមពីលោក អ៉ឹម ច័ន្ទបូរ៉ាជាតិ នាយកប្រតិបត្តិក្រុមហ៊ុន Davitra (Cambodia) Co., Ltd, កញ្ញា ជិន និកា ជាប្រធានទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនខ្មែរមហាសំណាង និងវាគ្មិនកិត្តិយស រួមទាំងអ្នកសិល្បៈជាច្រើនរូបផងដែរ។

លោក អ៉ឹម ច័ន្ទបូរ៉ាជាតិ បានលើកឡើងថា សមត្ថភាពនៃសិស្ស និស្សិតនៅកម្ពុជា មានការរីកចំរើនមិនចាញ់ សិស្ស និស្សិត នៅក្រៅប្រទេសឡើយ ហើយចំនួនសិស្សនៅកម្ពុជា ដែលបានទៅសិក្សានៅក្រៅប្រទេស ក៏មានការកើនឡើងយ៉ាងឆាប់រហ័ស។ ស្របពេលជាមួយគ្នានេះដែរ ដើម្បីធ្វើការសំរេចចិត្តយ៉ាងត្រឹមត្រូវពាក់ព័ន្ធនឹងការជ្រើសរើសមុខជំនាញ និងប្រទេសដែលជាគោលដៅសំរាប់ធ្វើការសិក្សា ដើម្បីពង្រីកនូវឱកាសក្នុងការទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសក្នុងក្តីស្រម៉ៃត្រូវទាមទារឱ្យមានការប្រឹក្សាយោបល់ ពីអ្នកដែលមានជំនាញច្បាស់លាស់ ដែលធ្លាប់បានទៅសិក្សានៅក្រៅប្រទេសពិតប្រាកដ។

លោក អ៉ឹម ច័ន្ទបូរ៉ាជាតិ បានបន្ថែមទៀតថា ដូច្នេះហើយទើបក្រុមហ៊ុន Davitra (Cambodia) Co., Ltd និងក្រុមហ៊ុនខ្មែរមហាសំណាង បានរួមគ្នាបង្កើតនូវយុទ្ធនាការអាហារូបករណ៍មហាសំណាង ដើម្បីធ្វើការផ្សព្វផ្សាយ ឱ្យសិស្សានុសិស្សកម្ពុជាបានយល់ដឹង និងត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់យកឱកាសទៅសិក្សានៅក្រៅប្រទេស។

កញ្ញា ជិន និកា ក៏បានលើកឡើងដែរថា ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានភាពទូលំទូលាយ និងរីកចំរើនបន្ថែមទៀត ក្រុមហ៊ុនខ្មែរមហាសំណាង និងក្រុមហ៊ុន Davitra បានផ្តួចផ្តើមគំនិតរួមគ្នា បង្កើតយុទ្ធនាការប្រឹក្សាពិគ្រោះយោបល់អាហារូបករណ៍ និងការសិក្សាក្រៅប្រទេសឥតគិតថ្លៃ ជូនសិស្សនិស្សិតចាប់ពីកំរិតវិទ្យាល័យ ដល់មហាវិទ្យាល័យ អំពីផែនការសិក្សាថ្នាក់អាហារូបករណ៍ ឱ្យចំគោលដៅមុខជំនាញ ជាមួយនឹងចំនូលចិត្ត ពីធម្មជាតិរបស់សិស្ស និស្សិត ប្រកបដោយប្រសិទ្ធិភាព ជាមួយអ្នកជំនាញផ្តល់ប្រឹក្សាប្រកបដោយចំណេះ ជំនាញ វិជ្ជាជីវៈ និងមានបទពិសោធន៍ខ្ពស់ផងដែរ។

ក្រុមហ៊ុន Davitra ជាក្រុមហ៊ុនប្រឹក្សាយោបល់អាហារូបករណ៍ និងការសិក្សាក្រៅប្រទេស ដែលមានជំនាញប្រកបដោយវិជា្ជជីវៈ និងបទពិសោធន៍ពិតប្រាកដទៅសិក្សានៅក្រៅប្រទេស និងអ្នកប្រឹក្សាសុទ្ធតែធ្លាប់បានទៅសិក្សានៅសកលវិទ្យាល័យលំដាប់កំពូលនានាលើពិភពលោក។ ក្រុមហ៊ុនបានចាប់ដៃគូជាមួយក្រុមហ៊ុនប្រឹក្សាយោបល់លំដាប់អន្តរជាតិរបស់ប្រទេសអូស្ត្រាលី Yes Education ដែលមានទីស្នាក់ការនៅទីក្រុងស៊ីដនី និងជាដៃគូរបស់សកលវិទ្យាល័យជាង ៣០០សកលវិទ្យាល័យលើពិភពលោក។ ក្រុមហ៊ុនខ្មែរមហាសំណាង ជាក្រុមហ៊ុនប្រតិបត្តិករឆ្នោតកំសាន្តផ្សងសំណាង ដែលទទួលបាននូវអាជ្ញាបណ្ណពីរាជរដ្ឋាភិបាលនៃកម្ពុជា ដើម្បីប្រតិបត្តិការលក់ឆ្នោតឡូតូ ៥ខ្ទង់ជាមួយរង្វាន់លួងចិត្ត ២ខ្ទង់ និង៣ខ្ទង់ ឆ្នោតកោសភ្លាម ឈ្នះភ្លាម និងមានសេវាកម្មឆ្នោតផ្សងសំណាងតាមរយៈទូរស័ព្ទដៃ។

សំរាប់ព័ត៌មានលំអិតទាក់ទងនឹងយុទ្ធនាការអាហារូបករណ៍មហាសំណាង សូមទំនាក់ទំនង លោក អ៉ឹម ច័ន្ទបូរ៉ាជាតិ តាមរយៈលេខទូរស័ព្ទ 093 362 655 ឫអ៉ីម៉ែល chanboracheat.im@davitra.net ឫ គេហទំព័រ Facebook របស់ក្រុមហ៊ុន: Davitra Consulting និង website : www.davitra.net ៕

Advertising