(ស្វាយរៀង)៖ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីចុះបញ្ជិកា និងនីតិវិធីអធិការកិច្ចវិស័យពិការភាពដល់វិស័យឯកជនស្ថិតក្នុងខេត្តស្វាយរៀង។ សិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការដល់វិស័យឯកជនឱ្យអនុវត្តកាតព្វកិច្ចដូចដែលបានប្បញ្ញត្តិក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមានជាពិសេសមកចុះបញ្ជិកាជាមួយក្រសួង/មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគម្រោង A2J និងតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ថ្លែងនៅក្នុងឱកាសនោះ លោក សែម សុខា ក៏បានលើកឡើងដោយផ្តល់អនុសាសន៍មួយចំនួនក្នុងនោះក៏មានទាក់ទងនឹង រដ្ឋបាលសិទ្ធិជនពិការផងដែរ។ លោកបានបញ្ជាក់ថា រដ្ឋបាលសិទ្ធិជនពិការត្រូវបន្តសហការជាមួយមូលនិធិជនពិការ ដើម្បីបន្តចុះជំរុញការអនុវត្តច្បាប់ហើយរដ្ឋបាលសិទ្ធិជនពិការបន្តស្រង់ស្ថិតិជនពិការចូលបម្រើការងារតាមក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជនឱ្យមុនថ្ងៃទី៣ធ្នូទិវាសិទ្ធិជនពិការដើម្បីធ្វើជារបាយការណ៍ជូនរាជរដ្ឋាភិបាលផងដែរ។

លោក សែម សុខា បានបន្ថែមថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាជូនជនពិការប្រកបដោយប្រសិទ្ធភាពជំរុញឲ្យសង្គមមួយដែលគ្មានឧបសគ្គសម្រាប់ជនពិការហើយជនពិការអាចរស់នៅប្រកបដោយស្មើភាពគ្មានការរើសអើងដូចជាប្រជាពលរដ្ឋទូទៅដែរ។

លោក សែម សុខា បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាដាក់ឲ្យអនុវត្តនូវច្បាប់ស្តីពីការកំណត់អត្រាជនពិការឲ្យចូលបម្រើការងារ និងលើកទឹកចិត្តទាំងវិស័យរដ្ឋនិងឯកជនឲ្យជ្រើសរើសជនពិការចូលបម្រើការងារជាលទ្ធផលយើងមើលឃើញថាចំនួនជនពិការចូលបម្រើការងារមានការកើនឡើង។ ជាក់ស្តែងក្នុងឆ្នាំ២០១៨ជនពិការចូលបម្រើការងារ ក្នុងក្រសួងស្ថាប័នរដ្ឋ ចំនួន៤០មានជនពិការចំនួន ២៨៣៩នាក់ក្នុងនោះស្រ្តីពិការចំនួន ៧៥៦នាក់ និងជនពិការកម្រិតធ្ងន់ ចំនួន១៤៧៨នាក់ ស្មើនឹង៤៤៧១នាក់ បើគិតជាភាគរយ ១,៩៣%។

ដោយឡែក វិស័យឯកជន ស្ថិតិក្រសួងបានសាកល្បងលើរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប លើ៧៧អង្គភាព គឺមានជនពិការចូលបម្រើការងារ ចំនួន៣០៥៥នាក់ក្នុងមានស្រ្តី១៩៤៧នាក់កម្រិតធ្ងន់ចំនួន៤២០នាក់សរុបគឺស្មើ ៣៤៧៥នាក់ សរុបទាំងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេសទាំងមូល មានចំនួនជនពិការ ៥៨៦៨នាក់។

លោកស្រី ឯក សុវណ្ណភារៈអភិបាលរងខេត្តស្វាយរៀងបានលើកឡើងថា ការងារពិការភាពនៅទូទាំងខេត្ត គឺជាអម្រែកមួយដ៍ធ្ងប់ធ្ងរដែលត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ពីព្រោះថា ការងារពិការភាពគឺជាកិច្ចការពហុវិស័យដែលទាមទារឲ្យយើងទាំងអស់គ្នា យកចិត្តទុកដាក់ ដើម្បីការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព។ ជនមានពិការភាព គឺជាប្រភពធនធានមួយដ៏សំខាន់ក្នុងការចូលរួមគ្រប់សកម្មភាពសង្គមដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

លោកស្រីបន្តថា អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាពគួបផ្សំលិខិតបទដ្ឋានជាតិ អន្តរជាតិពាក់ព័ន្ធវិស័យពិការភាព គឺរដ្ឋបានលខេត្តស្វាយរៀងបានដាក់បញ្ចូលការងារពិការភាពជាអាទិភាពទៅក្នុងផែនការសកម្មភាពខេត្ត ហើយត្រូវបានបង្កលក្ខណៈដល់មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តរដ្ឋបាល ស្រុក ឃុំ សង្កាត់ អង្គការដៃគូពិសេសមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដោយផ្តោតលើកិច្ចការសំខាន់ៗ ដើម្បីចូលរួមចំណែកអនុវត្តសកម្មភាពនានារួចចំណែកផ្តល់សេវា ក៏ដូចជាបង្កើនមុខរ បរ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ជនពិការបានសមស្របសំដៅកាត់បន្ថយភាពក្រីក្រ របស់ជនពិការនៅខេត្ត។

លោក សែម សុខា បានបញ្ជាក់ថាក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបន្តជំរុញ និងអនុវត្តអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទជ្រើសរើសជនពិការឲ្យចូលបម្រើការងារទាំងក្នុងក្រសួងស្ថាប័នរបស់រដ្ឋ និងក្នុងវិស័យឯកជនដែលមានកាតព្វកិច្ចជ្រើសរើសជនពិការតាមរយៈរដ្ឋបាលសិទ្ធិជនពិការជាយន្តការអធិការកិច្ច៕