(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញបិទទិវាប្រជាជនពិភពលោក លើកទី៣០ នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ និងខួប២៥ឆ្នាំ នៃសន្និសីទអន្ដរជាតិស្ដីពីប្រជាជន និងការអភិវឌ្ឍ បានបញ្ជាក់ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តបន្ដគាំទ្រអនុវត្តកម្ម វិធីសកម្មភាព នៃសន្និសីទអន្ដរជាតិ ស្ដីពីប្រជាជន និងការអភិវឌ្ឍ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា រយៈពេល ២៥ឆ្នាំ ចាប់តាំងពីការអនុម័យកម្មវិធីសកម្មភាព នៃសន្និសីទអន្ដរជាតិ ស្ដីពីប្រជាជន និងការអភិវឌ្ឍ នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ឆ្នាំ២១៩៩៤ ដោយទទួលស្គាល់ថា សិទ្ធិ និងសុខភាពបន្ដពូជ និងការផ្ដល់ភាពអង់អាចដល់ស្ដ្រី និងយុវជន គឺជាមូលដ្ឋានគ្រឹះដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងប្រកបដោយបរិយាប័ន្ន ដែលមានដំណើរការវិវត្តជាច្រើនគួរឲ្យកត់សម្គាល់។

ប្រមុខដឹកនាំក្រសួងមហាផ្ទៃ របស់អះអាងថា បច្ចុប្បន្នស្ដ្រី និងយុវជន មានឱកាស និងជម្រើសច្រើនជាងមុន ហើយស្ដ្រីបានទទួលការអប់រំប្រសើរជាងមុន និងបានចូលរួមក្នុងការងារសង្គម សេដ្ឋកិច្ចច្រើនជាងមុនដូចគ្នា។ សំខាន់ជាងនេះ ស្ដ្រីអាចកំណត់អំពីចំនួនកូន និងគួរមានកូននៅពេលណា ដោយសារស្ដ្រីអាចទទួលបានព័ត៌មាន និងសេវាពន្យាកំណើត រួមទាំងការថែទាំសុខភាពក្នុងពេលមានផ្ទៃពោះ និងការសម្រាលកូនជាមួយឆ្មបមានជំនាញ កន្លែងដែលមានសុវត្ថិភាព។

សម្ដេចក្រឡាហោម ស ខេង បានរំលឹកថា នៅឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលបានបញ្ជាក់ច្បាស់ថា កម្មវិធីសុខភាពបន្ដពូជ គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាល ក៏នៅតែបន្ដទទួលស្គាល់ថា ការដែលស្ដ្រី និងក្មេងស្រីបានទទួលសិទ្ធិពេញលេញនេះហើយ ទើបរាជរដ្ឋាភិបាលសម្រេចគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាពបាននៅកម្ពុជា។

ទាំងអស់នេះ សុទ្ធតែបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទស្ដីពីប្រជាជន និងការអភិវឌ្ឍ តាមអ្វីដែលបានសន្យាកាលពី២៥ឆ្នាំមុន នៅទីក្រុងគែរ។ នេះជាអ្វីដែលសម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់។

ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់នូវការណែនាំមួយចំនួនផងដែរ ដោយឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្ដពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូល្អ ជាមួយដៃគូអភិវឌ្ឍន៍នានា អង្គការសង្គមស៊ីវិល ក្នុងការជំរុញការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្ដរជាតិ ស្ដីពីការប្រជាជន និងការអភិវឌ្ឍសម្ដៅសម្រេចបានជោគ័យ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដោយ «គ្មាននរណាម្នាក់ ត្រូវបានទុកចោល»។

សម្ដេច ស ខេង ក៏បានណែនាំឲ្យក្រសួងផែនការ តាមរយៈអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ ត្រូវបន្ដកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ជាពិសេស UNFPA រៀបចំទិវាប្រជាជនពិភពលោកនេះឲ្យបានទៀងទាត់ ដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រជាជន និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ជាពិសេសសុខភាពបន្ដពូជរបស់ស្ដ្រី និងក្មេងស្រី។

ជាមួយគ្នានេះ ទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ ក៏បានលើកឡើងដែរថា ដើម្បីធានាឲ្យបាននូវជោគជ័យ ក្នុងការបន្តការអនុវត្តផែនការសកម្មភាព នៃ សន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍសម្រាប់ពេលខាងមុខ ទាមទារឲ្យមានកិច្ចសហការ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងក្រសួង ស្ថាប័ន និងមន្ទីរជំនាញ និងអ្នកមានចំណែកពាក់ព័ន្ធទាំងអស់ សំដៅប្រែក្លាយគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ឲ្យទៅជាការអនុវត្តជាក់ស្តែង និងបន្តគាំទ្រ និងចូលរួមដោះស្រាយបញ្ហាប្រជាជន និងការអភិវឌ្ឍប្រកបដោយគុណភាព។

ទេសរដ្ឋមន្ដ្រី ឆាយ ថន ក៏សូមលើកទឹកចិត្ត និងអំពាវនាវដល់ UNFPA និងអង្គការសហប្រជាជាតិនានា ព្រមទាំងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តកិច្ចសហការ និងគាំទ្រដល់កម្ពុជា ហើយលោកមានការជឿជាក់ចំពោះសុឆន្ទៈក្នុងការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍ ឲ្យកាន់តែល្អប្រសើរ និងសកម្មថែមទៀត ដើម្បីគោលដៅរួមរបស់យើងទាំងអស់គ្នា គឺ «ការកសាងពិភពលោកមួយ ដែលគ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល»៕