(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា គណនី Facebook ទាំងឡាយណាដែលប្រឌិតព័ត៌មានអាក្រក់លើស្ថានភាពសុខភាពរបស់នាយករដ្ឋមន្ត្រីនៅក្នុងតំណែងនាំឱ្យមានការជ្រួលច្របល់មតិសាធារណៈប៉ះពាល់ដល់សន្តិសុខជាតិ គឺជាការប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះ «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើគណនីហ្វេសប៊ុកណាមួយប្រឌិតបំភ្លៃព័ត៌មាន (Fake News) ដែលធ្វើឱ្យមានការជ្រួលច្របល់មតិសាធារណៈជាហេតុផលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដោយប្រឌិតស្ថានភាពអាក្រក់ពីសុខភាពរបស់នាយករដ្ឋមន្រ្តី នៅក្នុងតំណែង គឺជាបទល្មើសព្រហ្មទណ្ឌ។ រាជរដ្ឋាភិបាល និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ចំពោះសកម្មភាពឧក្រិដ្ឋនេះ»។
ជាការកត់សម្គាល់ការដាក់ចេញវិធានការច្បាប់ចំពោះជនបំភ្លៃព័ត៌មានពាក់ព័ន្ធសុខភាពរបស់នាយករដ្ឋមន្ត្រីនេះ បានធ្វើឡើងបន្ទាប់ពីមានជនទុច្ចរិតមួយចំនួននៅលើបណ្តាញសង្គម Facebook តែងតែបង្ហោះព័ត៌មានប្រឌិត និងប្រមាថមកលើអាយុជីវិតរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាក់ស្តែងកាលពីសប្តាហ៍កន្លងទៅនេះ គ្រាន់តែសម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញចេញទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរី មានក្រុមជនទុច្ចរិតលើបណ្តាញសង្គមបង្ហោះព័ត៌មានបំភ្លៃការពិតជាច្រើនពាក់ព័ន្ធសុខភាពរបស់សម្តេច។ ការបង្ហោះសារប្រឌិតរបស់ក្រុមជនទុច្ចរិតនេះ ត្រូវបានគេចាត់ទុកជាការប្រមាថដល់អាយុជីវិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងត្រូវបានមើលឃើញថា មានចេតនាបង្កឱ្យមានភាពចលាចលនៅក្នុងប្រទេសផងដែរ៕