(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពី «កិច្ចការពារអ្នកប្រើប្រាស់» ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងហើយនៅក្នុងកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តដោយគ្មានការកែប្រែនោះឡើយ។
លោកបន្តថា សេចក្ដីព្រាងច្បាប់ស្តីពី «កិច្ចការពារអ្នកប្រើប្រាស់»នេះ នឹងជួយបំពេញបន្ថែមដល់បណ្ដាច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានាលើកិច្ចការពារអ្នកប្រើប្រាស់រួមទាំងក្រមរដ្ឋប្បវេណី។
សេចក្តីព្រាងច្បាប់ស្ដីពី «កិច្ចការពារអ្នកប្រើប្រាស់»នេះ នឹងផ្ដល់នូវការការពារផលប្រយោជន៍អ្នកប្រើប្រាស់ ពីអំពោះ និងការអនុវត្តមិនសុចរិតរបស់ពាណិជ្ជករក្នុងសកម្មភាពពាណិជ្ជកម្ម។ ច្បាប់នេះ ក៏ការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់, គាំទ្រទីផ្សារឲ្យមានការប្រកួតប្រជែងទាំងតម្លៃ និងគុណភាពទំនិញ និងសេវា។
បង្កើតបរិយាកាសនៃការធ្វើពាណិជ្ជកម្ម ដែលសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ត្រូវបានការពារ និងធ្វើឲ្យពាណិជ្ជកម្មនោះ មានការប្រកួតប្រជែងដោយស្មើភាព។ អ្នកប្រើប្រាស់ និងពាណិជ្ជករធ្វើសកម្មភាពជាមួយគ្នាដោយទំនុកចិត្ត ដើម្បីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល។ បន្ថែមលើនេះច្បាប់នេះ នឹងជួយឲ្យក្រសួងពាណិជ្ជកម្មទទួលបានជំនាញឯកទេសជាក់លាក់ ប្រកបដោយវិជ្ជាជីវៈ ស្របតាមការកែទម្រង់ស៊ីជម្រៅ និងការកែសម្រួលភារកិច្ចការងារស្ថាប័នរបស់រាជរដ្ឋាភិបាល ដើម្បីកំណើនសេដ្ឋកិច្ច និងការលើលកម្ពស់ឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជាទៀតផង។
បើតាមលោក ផៃ ស៊ីផាន បានឱ្យដឹងថា ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបុគ្គលទាំងឡាយដែលធ្វើធុរកិច្ច ទោះបីរកប្រាក់ចំណេញ ឬមិនរកប្រាក់ចំណេញក្ដី រួមទាំងការលក់ទំនិញ ឬសេវាផ្សេងៗ ឬសិទ្ធិប្រត្យក្សលើអចលទ្រព្យ ឲ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា លើកលែងតែមានបទប្បញ្ញតិ្តដោយឡែកដែលចែងផ្សេងពីនេះ។
សេចក្ដីព្រាងច្បាប់ស្ដីពី «កិច្ចការពារអ្នកប្រើប្រាស់» ត្រូវបានតាក់តែងឡើងជាលើកដំបូងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១២ ក្រោមជំនួយឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ សេចក្ដីព្រាងច្បាប់នេះត្រូវបានបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី សម្រាប់កិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ និងបានបញ្ចប់កិច្ចពិភាក្សាលើសេចក្ដីព្រាងច្បាប់នេះក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់។
សេចក្តីព្រាងច្បាប់នេះ ក៏មានការជួយពិនិត្យកែសម្រួលដោយតំណាងជំនាញរបស់ក្រសួងយុត្តិធម៌លើបណ្ដាមាត្រាក្នុងជំពូកនីមួយៗ ពិសេសជំពូក៧ ជំពូក៨ ជំពូក៩ ជំពូក១០ ពាក់ព័ន្ធនឹងនីតិវិធី និងទោសប្បញ្ញតិ្ត ដើម្បីធានាឲ្យមានសង្គតិភាពជាមួយច្បាប់ជាធរមានដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា។
សព្វថ្ងៃមានប្រទេសជាច្រើនលើសកលលោក ដែលក្នុងនោះមានប្រទេសអាស៊ានចំនួន០៩ បាននិងកំពុងអនុវត្តច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។
សេចក្ដីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងមិនត្រឹមតែដើម្បីការពារអ្នកប្រើប្រាស់ពីអំពើមិនសុចរិត និងការអនុវត្តមិនសុចរិតរបស់ពាណិជ្ជករប៉ុណ្ណោះទេ ថែមទាំងចែងអំពីព័ត៌មានដែលត្រូវផ្ដល់ជូនអ្នកប្រើប្រាស់ និងអនុញ្ញាតឱ្យបញ្ញតិ្តករមានសមត្ថកិច្ចរៀបចំបទប្បញ្ញត្តិស្ដីពីបទដ្ឋានព័ត៌មាន ដែលពាណិជ្ជករត្រូវប្រតិបត្តិតាម៕