(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងចេញប្រតិបត្តិការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀន២នាក់ប្ដី-ប្រពន្ធ ដែលជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារកាលពីពេលថ្មីៗនេះ ក្នុងករណីជួញដូរគ្រឿងញៀន ដោយធ្វើការដកហូតបានថ្នាំញៀនចំនួន ៥កញ្ចប់ធំផងដែរ។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះល្វែងជួល ក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក យឹម សារ៉ាន់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅកន្លែងបង្ក្រាបថា ជនសង្ស័យឈ្មោះ ប៉ិច ប៊ុនសេង ហៅម៉ាប់ អាយុ៣០ឆ្នាំ ជាមុខសញ្ញាជួញដូរគ្រឿងញៀនចាស់ ដែលទើបតែចេញពីពន្ធនាគារ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ស្នាក់នៅផ្ទះជួលភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ប្រពន្ធ សុខ ធាវី អាយុ៥០ឆ្នាំ។

លោក យឹម សារ៉ាន់ បានបន្តទៀតថា បន្ទាប់ពីទទួលបានករណីជួញដូរគ្រឿងញៀនខាងលើនេះ លោកបានសុំបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការ ហើយបានដឹកនាំកម្លាំងជំនាញធ្វើការស៊ើប អង្កេតស្រាវជ្រាវ អស់រយៈពេល ៦ថ្ងៃ ទើបកំណត់មុខសញ្ញាច្បាស់លាស់ រួចក៏ឈានដល់បើកប្រតិបត្តិការចុះបង្ក្រាបភ្លាមៗតែម្ដង ដោយធ្វើការចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀន ២នាក់ប្ដីប្រពន្ធ និងបានធ្វើការដកហូតថ្នាំញៀនចំនួន ៥កញ្ចប់ធំផងដែរ។

លោកអធិការបានបន្តទៀតថា «មុខរបរច្រើនណាស់ដែលយើងត្រូវរក យើងមិនត្រូវប្រកបមុខរបរណាដែលប៉ះពាល់ទៅដល់សង្គម និងមុខរបរខុសច្បាប់នោះឡើយ យើងត្រូវចៀសឲ្យឆ្ងាយ សូមកុំប៉ះពាល់គ្រឿងញៀន ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន គ្រឿងញៀនបានបំផ្លាញសង្គម បំផ្លាញជាតិ បំផ្លាញធនធានមនុស្ស ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ប្រទេសជាតិយើង»។

តាមចម្លើយសារភាពរបស់ជនសង្ស័យ, ពួកគេទើបតែចេញពីពន្ធនាគារនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងករណីដែលខ្លួនប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន និងបានទទួលស្គាល់ថា គ្រឿងញៀនចំនួន ៥កញ្ចប់ធំនេះ គឺជារបស់ខ្លួនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យរួមទាំងគ្រឿងញៀន ត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញគ្រឿងញៀន នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យសួរនាំ និងកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ៕