(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពី «ពាណិជ្ជកម្មប្រព័ន្ធអេឡិចត្រូនិច» ដែលជាច្បាប់ថ្មីមួយទៀតផ្តោតការយកចិត្តទុកដាក់ជាសំខាន់ ក្នុងការគ្រប់គ្រងលើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច នោះ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តរួចរាល់ហើយ នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយគ្មានការកែប្រែនោះឡើយ។
លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ថា ច្បាប់ស្ដីពី «ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» នឹងផ្ដល់វិធានជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ក្នុង និងក្រៅប្រទេសប្រកបដោយទំនុកចិត្ត តាមរយៈការទទួលស្គាល់សុពលភាព អនុភាព ភាពអាចអនុវត្តបាន និងភាពអាចទទួលយកបាននៃទំនាក់ទំនងអេឡិចត្រូនិក កំណត់ត្រាអេឡិចត្រូនិក និងកិច្ចសន្យាតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងមានការទទួលស្គាល់យថាភូតភាពនៃកំណត់ត្រាអេឡិចត្រូនិក និងហត្ថលេខាអេឡិចត្រូនិក ដែលកំណត់ដោយបច្ចេកវិទ្យា និងគ្រប់គ្រងដោយស្ថាប័នរដ្ឋរបស់យើង។
ច្បាប់នេះ ក៏នឹងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដោយហេតុថាក្របខណ្ឌច្បាប់ និងបទដ្ឋាន គតិយុត្តនានា ដែលគាំទ្រដល់សកម្មភាព និងប្រតិបត្តិការតាមប្រព័ន្ធ អេឡិចត្រូនិក និងឌីជីថល ចាំបាច់ត្រូវរៀបចំ និងធ្វើបច្ចុប្បន្នភាព ដើម្បីអាចបង្កើតសេដ្ឋកិច្ចឌីជីថលរឹងមាំមួយ ព្រមទាំងត្រៀមទទួលយកនូវការឈានមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤។ ជាងនេះទៅទៀត ច្បាប់នេះនឹងផ្ដល់លទ្ធភាពឱ្យសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជាអាចភ្ជាប់ខ្លួនទៅនឹងខ្សែសង្វាក់ផលិតកម្ម និងទីផ្សារក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាជំរុញឱ្យ មានច្នៃប្រឌិត និងការបង្កើតទំនិញ និងសេវាថ្មីៗបន្ថែមទៀតផងដែរ។
បើតាមលោក ផៃ ស៊ីផាន ច្បាប់ស្ដីពី «ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច» នេះផ្តល់សារៈប្រយោជន៍សំខាន់ៗចំនួន៥រួមមាន៖
១៖ សម្រួល និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទាំងក្នុងប្រទេស និងអន្តរជាតិតាមរយៈការបង្កើតភាពប្រាកដប្រជា ផ្នែកគតិយុត្ត និងការទទួលស្គាល់យថាភូតភាព សុក្រឹតភាព និងភាពអាចជឿទុកចិត្តបាន នៃទម្រង់អេឡិចត្រូនិក និងទំនាក់ទំនងអេឡិចត្រូនិកសម្រាប់ការធ្វើពាណិជ្ជកម្មកម្ពុជា និងជាមួយអន្តរជាតិ, ការលុបបំបាត់របាំង និងលក្ខខណ្ឌតម្រូវមិនចាំបាច់ទាំងឡាយ ដែលជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ការបង្កើនទំនុកចិត្តដល់អន្តរការី បុគ្គលផ្ដល់សេវា ពាណិជ្ជករ និងអ្នកប្រើប្រាស់ ក្នុងការធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកប្រកបដោយសុវត្ថិភាព និងអាចជឿទុកចិត្តបាន។
២៖ បង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពីសំណាក់ក្រសួង-ស្ថាប័នរដ្ឋតាមប្រព័ន្ធអេឡិចត្រូនិក និងសម្រួលដល់ប្រជាពលរដ្ឋក្នុងការចុះបញ្ជី ការបង្កើត ឬការរក្សាទុកក្នុងទម្រង់អេឡិចត្រូនិកជាមួយក្រសួង ស្ថាប័នរដ្ឋ តាមរយៈការទទួលស្គាល់សកម្មភាព និងប្រអេឡិចត្រូនិក។
៣៖ លើកកំពស់ទំនុកចិត្តដល់សាធារណជនក្នុងការប្រើប្រាស់ទំនាក់ទំនងអេឡិចត្រូនិកក្នុងសកម្មភាព និងប្រតិបត្តិការនានា តាមរយៈការទទួលស្គាល់សុពលភាព អានុភាពគតិយុត្ត និងភាពអាចអនុវត្តបាននៃទម្រង់អេឡិចត្រូនិក កំណត់ត្រាអេឡិចត្រូនិក ភស្តុតាងអេឡិចត្រូនិក ហត្ថលេខាអេឡិចត្រូនិក និងធានាដល់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកបានឆាប់រហ័ស និងមានសុវត្ថិភាព។
៤៖ លើកកំពស់កិច្ចការពារអ្នកប្រើប្រាស់នៅក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការការពារព័ត៌មានឯកជនដល់អ្នកប្រើប្រាស់ និងការទទួលបានព័ត៌មានច្បាស់លាស់ និងគ្រប់គ្រាន់អំពីទំនិញ ឬសេវាដាក់លក់តាមប្រព័ន្ធអេឡិចត្រូនិក។
៥៖ រារាំងការប្រព្រឹត្តអំពើទាំងឡាយ ដែលបង្កឱ្យមានការប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។
ច្បាប់នេះត្រូវអនុវត្តលើសកម្មភាព ឯកសារ និងប្រតិបត្តិការពាណិជ្ជកម្ម និងរដ្ឋប្បវេណីទាំងអស់ដែលធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក លើកលែងតែសកម្មភាព ឯកសារ និងប្រតិបត្តិការទាក់ទងនឹង៖ ១. កាបង្កើត ឬការអនុវត្តលិខិតប្រគល់សិទ្ធ, ២. ការបង្កើត ឬការចុះហត្ថលេខាលើមតកសាសន៍ ឬបញ្ហាផ្សេងៗទៀត ទាក់ទិននឹងសន្តតិកម្ម, ៣. រាល់កិច្ចសន្យាសម្រាប់ការលក់ ការផ្ទេរ ឬការបោះបង់សិទ្ធលើអចលនទ្រព្យ ឬផលប្រយោជន៍ផ្សេងៗទៀតនៅក្នុងទ្រព្យនោះ, ៤. ការផ្ទេរអចលនវត្ថុ ឬផលប្រយោជន៍ណាមួយដែលពាក់ព័ន្ធនឹងអចលនវត្ថុនោះ និង៥. ករណីលើកលែងផ្សេងទៀតដែលត្រូវកំណត់ដោយអនុក្រឹត្យ។
សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពី «ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច» នេះ ត្រូវបានរៀបចំតាក់តែងឡើងដំបូងដោយក្រុមការងាររបស់ក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមអ្នកជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមានការជួយឧបត្ថម្ភពីអ្នកជំនាញការរបស់ធនាគារពិភពលោក(World Bank) ក្នុងឆ្នាំ២០១២ និងពីជំនាញការជាតិ ក្នុងឆ្នាំ២០១៤ ផងដែរ។ ដោយសេចក្ដីព្រាងច្បាប់នេះ មានលក្ខណៈបច្ចេកទេសខ្ពស់ និងមានតម្រូវការចាំបាច់ត្រូវពិនិត្យផ្ទៀងផ្ទាត់ជាមួយច្បាប់គំរូជាច្រើនរបស់អង្គការសហប្រជាជាតិ កិច្ចព្រមព្រៀង និងត្រូវធានាសង្គតិភាពជាមួយសន្ធិសញ្ញាអន្តរជាតិផងដែរនោះ ទើបនៅឆ្នាំ២០១៦កន្លងទៅ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់ជំនួយបច្ចេកទេស និងជំនាញការឱ្យជួយផ្ដល់យោបល់ លើសេចក្ដីព្រាងច្បាប់នេះជាបន្តបន្ទាប់។
សេចក្ដីព្រាងច្បាប់នេះត្រូវបានបញ្ជូនមកទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧កន្លងទៅ ហើយទទួលបានការជួយពិនិត្យ និងកែសម្រួលពីក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្នុងអង្គប្រជុំកម្រិតបច្ចេកទេសជាច្រើនលើក និងបានទទួលការយល់ព្រមទាំងស្រុង កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។ បន្ទាប់មកសេចក្ដីព្រាងច្បាប់នេះបានដាក់ឆ្លងអង្គប្រជុំអន្តរក្រសួង កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ និងទទួលការយល់ព្រម កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ លើកលែងតែជំពូកស្ដីពីទោសប្បញ្ញត្តិ ដែលត្រូវពិនិត្យ និងកែសម្រួលពីក្រសួងយុត្តិធម៌។
ក្រុមការងារអន្តរក្រសួង-ស្ថាប័ន និងក្រុមជំនាញតាក់តែងទោសប្បញ្ញត្តិ នៃក្រសួងយុត្តិធម៌បានប្រជុំចង្អៀតចំនួន០២(ពីរ)លើកក្រោមការដឹកនាំសម្របសម្រួលរបស់ឯកឧត្តម តឹករ៉េន សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០៥ និងទី១៧ ខែមិថុនា ឆ្នាំ២០១៩ ដោយបានដោះស្រាយបញ្ហានៅសេសសល់ទាក់ទងនឹងទោសប្បញ្ញត្តិ និងពិនិត្យលើធាតុចូលបន្ថែមមួយចំនួនរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបំពេញបន្ថែមនូវចំណុចខ្វះខាតនានា ដើម្បីធានាឱ្យមានសង្គតិភាព ជាមួយនឹងច្បាប់ជាធរមានដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា៕
<