(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំបើកវគ្គតម្រង់ទិសស្តីពី ការគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ តាមបែបវិមជ្ឈការដល់សមាជិក ក្រុមប្រឹក្សាខេត្ត-ស្រុក-ក្រុង ដែលទើបជាប់ឆ្នោតថ្មី ក្នុងអាណត្តិ៣ នៅខេត្តស្វាយរៀង។

ពិធីបើកវគ្គនេះ ធ្វើឡើងក្រោមវត្តមានលោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីលោក ភិន ឆាំ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លី ពៅមនីរ័ត្ន អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងលោក លោកស្រីជាសមាជិកក្រុមប្រឹក្សាដែលទើបតែជាប់ឆ្នោតថ្មីជារូបផងដែរ។

នៅក្នុងឱកាសនោះដែរលោក រស់ ផារិទ្ធ បានថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាដែលជាសិក្ខាកាមដោយបានលើកឡើងថា វគ្គតម្រង់ទិសនាថ្ងៃនេះ ជាការអភិវឌ្ឍន៍សមត្ថភាព និងការផ្តល់នូវចំណេះដឹងបន្ថែមទៀត ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព វគ្គនេះមានរយៈពេលពីរថ្ងៃ សិក្ខាកាមដែលបានចូលរួមក្នុងវគ្គតម្រង់ទិសនេះ នឹងបានរៀនសូត្រនូវអ្វីដែលថ្មីៗ ដែលអាចអាចយកទៅប្រើប្រាស់ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ខ្លួន ដែលនឹងរួមចំណែកក្នុងការសម្រេចគោលដៅ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក រស់ ផារិទ្ធ ក៏បានជំរុញ និងលើកទឹកចិត្តដល់លោក លោកស្រីដែលជាសិក្ខាកាមត្រូវបើកចិត្តឱ្យទូលាយទទួលយកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលមានប្រយោជន៍ និងចូលរួមឱ្យបានសកម្មផុសផុលតាមរយៈសំណួរ និងចម្លើយ ចូលរួមចែករំលែកបទពិសោធន៍ពីគ្នា ទៅវិញទៅមក ហើយអ្នករៀនពូកែ ត្រូវប្រកបដោយអង្គ៤ សុ.ចិ.បុ.លិ.(ស្តាប់ គិត សួរ កត់ត្រា)។

លោកបានបញ្ជាក់ថា តួនាទីក្រុមប្រឹក្សាមានសិទ្ធអំណាចខាងប្រតិបត្តិ និងបញ្ញតិ និងមានមុខងារពីរជាជម្រើស ឬអាណត្តិទូទៅ និងមុខងារជាកាតព្វកិច្ច។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះ ក៏មានការបញ្ចាំងស្លាយ ដើម្បីបង្ហាញឱ្យសិក្ខាកាមបានស្វែងយល់ និងសិក្សារៀនសូត្រ អំពីតួនាទីភារកិច្ចរបស់ខ្លួន ជាក្រុមប្រឹក្សាត្រូវអនុវត្តន៍ការងារប្រកបដោយគណនេយ្យភាព និងតម្លាភាពនៅថ្នាក់មូលដ្ឋានផងដែរ៕