(រតនគិរី)៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ សហការជាមួយកម្លាំងបរិស្ថានឧទ្យានជាតិអូរយ៉ាដាវ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ បានបន្តស្រាវជ្រាវរុករកគំនរឈើដែល ឈ្មួញគរលាក់ទុកក្នុងព្រៃភូមិសាស្ត្រស្រុកអូរយ៉ាដាវ។

លោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះថា កម្លាំងរបស់លោក និងកម្លាំងបរិស្ថានឧទ្យានជាតិអូរយ៉ាដាវ បានស្រាវជ្រាវរុករកប្រទះឃើញឈើលេខ១ (ពពេល) ចំនួន៩ដុំ ដែលឈ្មួញដឹកមកទម្លាក់ទុកចោលក្បែរ ផ្លូវភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

លោកមេបញ្ជាការអាវុធហត្ថមូលដ្ឋាន ស្រុកអូរយ៉ាដាវ ប្រាប់បន្តថា កម្លាំងរបស់លោក និងកម្លាំងសហការអង្គភាពផ្សេងៗទៀត នឹងបន្តស្រាវជ្រាវស្វែងរកធ្វើការបង្ក្រាបតាមបទបញ្ជាថ្នាក់លើ ពោលគឺកម្លាំងត្រៀមប្រចាំការ២៤ ម៉ោងលើ២៤ម៉ោង។

បច្ចុប្បន្នឈើលេខ (ពពេល) ចំនួន៩ដុំ នាំមករក្សាទុកនៅសាលាស្រុកអូរយ៉ាដាវ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី។

ប៉ុន្តែចំនួនឈើពិតប្រាដកមិនទាន់ដឹងចំនួនម៉ែត្រគូបនៅឡើយទេ ព្រោះមិនទាន់ធ្វើការវាស់វែង។

សូមបញ្ជាក់ថា ក្រោមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា កាលពីព្រលប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ក្រោមការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានដឹកនាំកម្លាំងដុតបំផ្លាញចោលរថយន្តឡង់គ្រីស័រច្នៃ២គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនឈើផងដែរ៕