(ព្រះសីហនុ)៖ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ ជាពេលវេលាដែលអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានដឹកនាំមន្រ្តីរាជការទាំងអស់ និងប្រជាពលរដ្ឋរាប់សិបនាក់ បើកយុទ្ធនាការចុះសំអាតបរិស្ថាន និងប្រមូលកាកសំណល់ចេញពីក្រុងព្រះសីហនុ ដែលជាខេត្តដ៏មានសក្ដានុពលខាងផ្នែកសេដ្ឋកិច្ច និងទេសចរណ៍មួយនេះ។

កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ លោក គួច ចំរើន បានប្រកាសកំណត់យកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ ជាថ្ងៃបើកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្ត។

យុទ្ធនាការនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលលោក បានបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ប្រមូលសំរាម (KSWM) ក្នុងក្រុង និងផែនការយុទ្ធនាការសំអាតអនាម័យបរិស្ថាន ក្នុងក្រុងព្រះសីហនុ។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់រួមគ្នា សំអាតបរិស្ថាន អនាម័យ និងប្រមូលកាកសំណល់ផ្សេងៗ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពខេត្តទេសចរណ៍ របស់យើងមួយនេះ៕