(ព្រៃវែង)៖ ពីលើទឹកដីខេត្តព្រៃវែងក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តបុញ្ញខេត្តារាម(ហៅវត្តថ្មី) ស្ថិតក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជាមានសុខសន្តិភាព ប៉ុន្តែស្ថេរភាពនយោបាយកំពុងរងការគំរាមកំហែង។

សម្តេចក្រឡាក្រហោម ស ខេង បានលើកឡើងថា បច្ចុប្បន្នសុខសន្តិភាពមិនមានការគំរាមកំហែងទេ ព្រោះមិនមានកម្លាំងប្រដាប់អាវុធណាចង់ធ្វើចលនាផ្តួលរំលំរាជរដ្ឋាភិបាលនោះឡើយ។ ប៉ុន្តែស្ថេរភាពនយោបាយរងការគំរាមកំហែង តាមរយៈការបំផុសបំផុលចលនាមហាប្រជាជនធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ឬចង់ទម្លាក់រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត។

សម្តេចក្រឡាហោម បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថេរភាពជាទូទៅយើងមាន ក៏ប៉ុន្តែកំពុងមានការគំរាមកំហែង។ នេះជាបញ្ហាប្រឈមដែលយើងត្រូវដោះស្រាយ គំរាមកំហែងតាមរយៈអ្នកចង់បំផុសបំផុលដឹកនាំកម្លាំងមហាជន ប្រជាជនធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ទម្លាក់រដ្ឋាភិបាលកើតចេញពីការបោះឆ្នោត។ អាហ្នឹងហើយជាការគំរាមកំហែងទៅលើស្ថេរភាពនយោបាយ»

កម្ពុជាជាប្រទេសជួបវិបត្តិភ្លើងសង្គ្រាមអស់រយៈពេលជិត៣ទសវត្សរ៍ដោយសារតែជម្លោះរវាងខ្មែរ និងខ្មែរគ្នាឯង។ កម្ពុជាទើបនឹងទទួលបានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញរយៈពេលប្រមាណ២០ឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ បន្ទាប់ពីភ្លើងសង្គ្រាមត្រូវបានបញ្ចប់ទៅវិញទាំងស្រុងនៅចុងឆ្នាំ១៩៩៨ តាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សុខសន្តិភាព និងស្ថេរភាពដែលរកបានមកដោយកម្រនេះហើយ ទើបធ្វើឱ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ខ្លួនឱ្យមានវឌ្ឍនភាពដូចពេលបច្ចុប្បន្ន។

សម្តេចក្រឡាហោម ស ខេង បានរំលឹកដល់អ្នកចង់បង្កវិនាសកម្មនៅកម្ពុជាថា កុំចង់បំបែកបំបាក់ខ្មែរជាថ្មី ព្រោះថាខ្មែរបើបែកបាក់ហើយមិនងាយនឹងបង្រួបបង្រួមគ្នាឡើងវិញនោះឡើយ។ សម្តេចក្រឡាហោម បានរំលឹកទៀតថា ឥឡូវនេះអ្វីដែលធ្វើបានហើយប្រឹងនាំគ្នាធ្វើបន្ត ហើយបើអ្វីធ្វើមិនទាន់បានត្រូវប្រឹងរួមគ្នាដោះស្រាយវាប្រសើរជាងរុះធ្វើសាជាថ្មី។

សម្តេចក្រឡាហោម ស ខេង បានរំលឹកដូច្នេះថា «បញ្ហានេះយើងមានមេរៀន បទពិសោធន៍ហើយវាអត់សុខទេ សាកមើលបើសុខ។ ខ្មែរយើងបែកបាក់គ្នាសារជាថ្មី ហើយមិនដឹងពេលណាយើងផ្គុំគ្នាបាន រួបរួមគ្នាបានឡើងវិញបានទេ។ ឥឡូវអ្វីដែលយើងធ្វើបាន ធ្វើទៅ អ្វីដែលធ្វើមិនទាន់ខំនាំគ្នាដោះស្រាយ វាគ្រាន់បើជាងរុះធ្វើសាថ្មី។ អ្នកចង់មកធ្វើចង់រុះធ្វើសាថ្មី វ៉ៃអាផ្ទះហ្នឹងចោល ធ្វើផ្ទះថ្មីអាហ្នឹងបានវាល្អ? ដូចជាមិនត្រូវទេ ទស្សនៈបែបនោះមិនត្រូវទាល់តែសោះ មិនត្រូវទាល់តែសោះ សូមមេត្តាកុំបំផ្លាញ បើមិនបានជួយចូកចែវ កុំយកជើងរាទឹក»