(ស្វាយរៀង)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន មិនចោលប្រជាជននោះទេ ទោះបីមានអ្នកនយោបាយខ្លះ ទៅស្រែកឲ្យបរទេសដាក់ទណ្ឌកម្មធ្វើបាបខ្មែរ។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារមណ្ឌលសុខភាពឈើទាល ស្ថិតក្នុងឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាថ្ងៃ ទី១២ ខែកក្កដា ឆ្នាំ២០១៩។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា សូមលោកយាយលោកតា ប្រជាពលរដ្ឋជឿទុកចិត្តចុះ គណបក្សប្រជាជនកម្ពុជា មិនចោលប្រជាជននោះទេ ទោះបីមានអ្នកនយោបាយខ្លះ ទៅស្រែកឲ្យបរទេសដាក់ទណ្ឌកម្មធ្វើបាបខ្មែរ ប៉ុន្តែប្រជាពលរដ្ឋត្រូវការសុខសន្តិភាព សេចក្តីសុខ និងមានជីវភាពរស់នៅកាន់តែទៅមុខ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា នៅតែឈរលើជំហរមួយ គឺដរាបណាប្រជាពលរដ្ឋ នៅតែគាំទ្រឲ្យគណបក្សប្រជាជនកម្ពុជា ឲ្យសម្តេចជួយដឹកនាំប្រទេស ឲ្យរដ្ឋាភិបាលមានឱកាសដឹកនាំបម្រើប្រជាពលរដ្ឋ គឺយើងនៅតែខិតខំបម្រើប្រជាពលរដ្ឋបន្តទៅទៀត។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «សុខសន្តិភាពយើង រក្សាបានគឺទាល់តែប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពដែលយើងកំពុងមាន ដែលផ្ដោតលើការកសាងជីវភាព កុំចាញ់ការញុះញង់របស់ខាងណាទាំងអស់»។

ឧត្តមសេនីយ៍ឯក បានបន្ដថា គោលការណ៍របស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិ គឺធ្វើយ៉ាងណាឲ្យប្រទេសមួយនេះ ក្លាយជាប្រទេសម្បូរសប្បាយ ប្រទេសមួយដែលមានសេចក្តីសុខ ឲ្យប្រជាជនរស់នៅមានសេចក្តីសុខ មានជីវភាពធូរធារ ។ យើងជោគជ័យហើយ ដែលយើងរួចផុតពីរបបប៉ុលពត ឲ្យយើងខិតខំកសាងប្រទេសតាំងពីដំណាក់កាលដ៏លំបាក ហើយយើងបានសុខសន្តិភាព និងការអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ននេះ។

ឧត្តមសេនីយ៍ឯក បន្ដទៀតថា ប្រជាពលរដ្ឋត្រូវការអភិវឌ្ឍដូចបច្ចុប្បន្ននេះ យើងមានវិនិយោគគិនមកពីក្រៅប្រទេស កូនចៅប្រជាពលរដ្ឋមានឱកាសរៀនសូត្រគ្រប់កន្លែង រាជរដ្ឋាភិបាលបង្កើតឱកាសការងារទាំងរដ្ឋ និងឯកជនដល់កូនចៅប្រជាពលរដ្ឋ។ លើសពីនេះ រាជរដ្ឋាភិបាលបានខិតខំដោះស្រាយ តម្រូវការរបស់ប្រជាពលរដ្ឋដែលមានចំនួនកាន់តែកើនឡើង។

«យើងបានខិតខំដោះស្រាយ អភិវឌ្ឍ និងបង្ខិតសាលារៀន ស្ពាន វត្តអារាម មន្ទីរពេទ្យ អគ្គិសនី រុញសេវា ប្រកបដោយគុណភាពឲ្យកៀកប្រជាពលរដ្ឋគ្រប់២៥ខេត្តក្រុង នេះជាតួនាទីរបស់ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន ទោះលោកមិនបានចុះមកផ្ទាល់នៅថ្ងៃនេះ ក៏លោកនៅតែធ្វើការតាមរយៈក្រុមការងារផ្សេងៗ ដើម្បីពិនិត្យទៅលើកង្វះខាតទាំងនោះ»។ នេះជាការបញ្ជាក់បន្ថែម របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា «យើងដោះស្រាយជាង៤០ឆ្នាំហើយ ប៉ុន្តែមិនមិនទាន់ចប់ទេ យើងនៅតែបន្តដោះស្រាយជូនតម្រូវការជូនប្រជាពលរដ្ឋ នឹងរក្សាសុខសន្តិភាពជូនកូនចៅ ប្រជាពលរដ្ឋជំនាន់ក្រោយកុំឲ្យលំបាកដូចមុនដរាបណាសម្តេចតេជោ ហ៊ុន សែន នៅដឹកនាំប្រទេស»។

ទន្ទឹមគ្នានោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឲ្យដឹងថា ប្រជាជនកូរ៉េ បានចាប់អារម្មណ៍ លើប្រទេសកម្ពុជា គឺទីមួយដោយសារប្រទេសយើង ជាប្រទេសដែលតស៊ូងើបពីសង្រ្គាម និងទីពីរ គឺប្រជាពលរដ្ឋយើងល្អ ខិតខំប្រឹងប្រែងទាំងបាតដៃទទេ ហើយអ្វីដែលសំខាន់ គឺការផ្តល់លទ្ធភាពក្នុងការកសាងប្រទេស។

លោកថា រាជរដ្ឋាភិបាលកូរ៉េ ដើរតួនាទីយ៉ាងសំខាន់ ទាំងការចូលក្នុងការវិនិយោគ ក្នុងវិស័យឯកជន និងសង្គមស៊ីវិលជួយដល់ប្រជាពលរដ្ឋ ហើយក៏សង្ឃឹមថាភាគីមិត្ត នៅតែបន្តជួយ ក្នុងការអភិវឌ្ឍប្រទេសជាតិ មួយនេះបន្ថែមទៀត ដើម្បីការងារមនុស្សជាតិទាំងមូល ការងារមនុស្សជាតិមិនថាជាខ្មែរ មិនថាជាជនជាតិកូរ៉េ មិនថាប្រទេសណាទេ គឺសុទ្ធសឹងតែជាជនជាតិតែមួយ ប្រជាជនតែមួយ មនុស្សលោកតែមួយ។

«ទ្រឹស្តីនេះ គឺល្អណាស់ ហើយប្រទេសកម្ពុជារបស់យើង ក៏មានភ័ព្វសំណាងដែលបានចាកចេញផុតពីភ្លើងសង្រ្គាម»។ នេះជាការគូសបញ្ជាក់បន្ថែម របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណចំពោះប្រជាជនកូរ៉េ តាមរយៈ Rotary Club សប្បុរសជន និងក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំឈើទាលដែលធ្វើឲ្យ ឃុំឈើទាល ស្រុកស្វាយជ្រំនេះ មានមណ្ឌលសុខភាពដ៏ធំស្កឹមស្កៃបែបនេះ ប្រែក្លាយជាកន្លែងដាច់ស្រយាលទៅជាកន្លែងមួយ មានមន្ទីរពេទ្យដើម្បីបម្រើសេវ៉ាជួយសង្រ្គោះជំងឺទូទៅ តាមតម្រូវការបស់ប្រជាពលរដ្ឋ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នេះគឺជាមោទនភាព សម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំឈើទាល ស្រុកស្វាយជ្រុំ និងក៏សូមអរគុណដល់លោកគ្រូពេទ្យអ្នកគ្រូពេទ្យទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច បម្រើប្រជាពលរដ្ឋ៕