(ភ្នំពេញ)៖ ដើម្បីរួមចំណែកជួយសង្គ្រោះអាយុជីវិតរបស់កុមារ លោកឧកញ៉ា លី ហួរ ប្រធានក្រុមហ៊ុន លី ហួរ គ្រុប នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំបុគ្គលិកជាច្រើនរូប ដែលបម្រើការងារ ក្នុងក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លី ហួរ គ្រុប ចូលរួមបរិច្ចាគឈាម ជូនមន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងការបរិច្ចាគឈាមជួយដល់កុមារ ដែលមានត្រូវការឈាមមកព្យាបាល ក្នុងមន្ទីរពេទ្យគន្ធបុប្ផាទាំងលោកឧកញ៉ា លី ហួរ និងបុគ្គលិករបស់លោកជាច្រើននាក់ សុទ្ធតែបង្ហាញទឹកមុខរីករាយ ស្ម័គ្រចិត្តក្នុងសកម្មភាពមនុស្សធម៌នេះ។

ការបរិច្ចាគឈាមនេះ ដោយសារតែលោកឧកញ៉ា លី ហួរ មើលឃើញថា កុមារកម្ពុជាបច្ចុប្បន្ន បានមានជំងឺគ្រុនឈាមជិត៣ម៉ឺននាក់ គិតត្រឹមខែកក្កដា ២០១៩នេះ ហើយមន្ទីរពេទ្យគន្ធបុប្ផាកំពុងខ្វះខាតឈាម ក្នុងការសង្រោះកុមារទាំងនោះ។ កុមារខ្លះ មានជំងឺខ្វះឈាមក្រហម ត្រូវសម្រាកព្យាបាលរហូតដល់៧ខែ ហើយត្រូវបញ្ចូលជាប្រចាំ កុមារទាំងភាគច្រើនកូនអ្នកក្រីក្រ ឪពុកម្តាយខ្វះលទ្ធភាព មកពីបណ្តាខេត្ត។

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លី ហួរ គ្រុប រួមមាន ១៖ លី ហួរ អាគារប្តូរប្រាក់ និងរតនៈអលង្ការ ខូអិលធីឌី, ២៖ លី ហួរ ផនសប ខូអិលធីឌី, ៣៖ បុរីវិមានភ្នំពេញ, ៤៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី, ៥៖ ក្រុមហ៊ុន ទេពីអាក្រូ ខូអិលធីឌី, ៦៖ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី, ៧៖ ក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី, និង៨៖ ក្រុមហ៊ុន លីហួរ ធានារ៉ាប់រង ម.ក។

សូមជម្រាបថា លោកឧកញ៉ា លី ហួរ ដែលមានឈ្មោះល្បីនៅកម្ពុជា គេសង្កេតឃើញលោកតែងតែចួលរួម ក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដូចជាបរិច្ចាគថវិកាជួយកាកបាទក្រហមកម្ពុជា បរិច្ចាគថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា បរិច្ចាគថវិកាជូនដល់ជនរងគ្រោះដោយសារបាក់រលំអាគារ និងសកម្មភាពមនុស្សធម៌ជាច្រើនទៀត។

កម្មវិធិបរិច្ចាគឈាម ត្រូវបានសម្គាល់ថា ជាកម្មវិធីសប្បុរសធម៌ដ៏ល្អបំផុតមួយសម្រាប់សង្គមជាតិ ដោយហេតុថា មកទល់នឹងបច្ចុប្បន្ននេះ វិទ្យាសាស្ត្រមិនទាន់អាចផលិតគ្រាប់ឈាម បាននៅឡើយ រាល់ការបរិច្ចាគ គឺអាចជួយសង្គ្រោះជីវិតមនុស្ស បានដល់ទៅ៣នាក់ ដែលជាគុណតម្លៃមិនអាចកាត់ថ្លៃបាន៕