(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននាំទៀនព្រះវស្សា និងទេយ្យវត្ថុជាច្រើន យកទៅប្រគេនព្រះសង្ឃគង់នៅវត្តទ្រី សុធារ៉ាមហៅវត្តសង្កែពីរ ស្ថិតក្នុងភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។

លោក សំ លាងទ្រី បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា ប្រទេសកម្ពុជាយើងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់ទីកន្លែង។ លោកថា ជាក់ស្តែងខេត្តព្រះវិហារយើងដែលជាខេត្តមួយជាប់ជាមួយព្រំដែនថៃ-ឡាវ ក៏មានការអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សំគាល់ផងដែរដូចជា ផ្លូវថ្នល់ខ្វាត់ខ្វែង សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម....ជាដើម ដែលសមិទ្ធិផលទាំងនេះកាលពីមុនមិនមានការរីកចម្រើនដូចសព្វថ្ងៃនេះទេ។

លោក សំ លាងទ្រី បានគូសបញ្ជាក់ថា ការរីកចម្រើនរបស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃនេះ ផ្តើមចេញពីកត្តាប្រទេសជាតិយើងមានសុខសន្តិភាពបរិបូរណ៍ពេញផ្ទៃប្រទេស ដែលករណីនេះលោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពដែលមានស្រាប់នេះឲ្យនៅគង់វង្សយូរអង្វែង ដោយមិនត្រូវជឿតាមការញុះញុងណាមួយ របស់ជនណាមួយឫក្រុមណាមួយ ដែលមានបំណងបំផ្លាញសុខសន្តិភាពនៅកម្ពុជានោះទេ។ ពិសេសត្រូវចូលរួមគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះ និងអាណត្តិក្រោយៗទៀត។

លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ៗគ្នា និងត្រូវអប់រំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ។ លោក សំ លាងទ្រី និងក្រុមការងារបានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ និងបានចែកជូននូវអំណោយដល់ ប្រជាពលរដ្ឋលោកយាយ លោកតាផងដែរ៕