(ភ្នំពេញ)៖ អាជ្ញាធរចំរុះ នៃរដ្ឋបាលខណ្ឌចំការមន បានចុះធ្វើរដ្ឋបាលណែនាំដល់ប្រជាពលរដ្ឋ ដែលដាក់លក់ទំនិញរំលោភចិញ្ចើមផ្លូវ ដើម្បីរៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តោយផ្លូវមួយចំនួននៅក្នុងខណ្ឌ ដើម្បីសោភ័ណភាពទីក្រុង ក៏ដូចជារំដោះចិញ្ចើមផ្លូវសំរាប់អ្នកថ្មើរជើងធ្វើដំណើរ និងណែនាំដល់ម្ចាស់អាជីវកម្ម ឲ្យដោះស្លាកយីហោដែលសរសេរអក្សរបរទេសផងដែរ។

ការចុះធ្វើរដ្ឋបាល នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ ដឹកនាំដោយចៅសង្កាត់ទន្លេបាសាក់ លោក ខាត់ ណារិទ្ធ ដោយបានធ្វើរដ្ឋបាល នៅតាមផ្លូវមួយចំនួននៅក្នុងភូមិ១៤ តំបន់ខាងជើងស្ថានទូតរុស្សី និងតាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

លោក ខាត់ ណារិទ្ធ បានឲ្យដឹងថា ដោយមានការណែនាំផ្ទាល់ពីលោកអភិបាលខណ្ឌចំការមន លោក ថេង សុថុល ឲ្យលោកដឹកនាំក្រុមការងារ ដើម្បីចុះធ្វើរដ្ឋបាល ណែនាំប្រជាពលរដ្ឋពីបញ្ហាបរិស្ថាន និងអនាម័យ ជាពិសេសគឺ ការរំលោភយកចិញ្ចើមផ្លូវសាធារណៈសំរាប់អ្នកថ្មើរជើង ដាក់លក់សម្ភារនិងឥវ៉ាន់ផ្សេងៗ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងគ្មានផ្លូវសំរាប់ថ្មើរជើងធ្វើដំណើរផងដែរ។

លោកបន្តថា នៅក្នុងការចុះធ្វើរដ្ឋបាលនៅព្រឹកនេះ គឺបានធ្វើការដកហូតសម្ភារមួយចំនួន ដែលដាក់តាំងលក់ និងបានណែនាំម្ចាស់ទីតាំងមួយចំនួន ដែលបានដាក់ផ្លាកយីហោមានលក្ខណ ជាអក្សរបរទេសឲ្យធ្វើការផ្លាស់ប្តូរ ចេញជាបន្ទាន់ផងដែរ។ លោកចៅសង្កាត់ បានបន្ថែមថា ការចុះធ្វើរដ្ឋបាលនេះ នឹងបន្តធ្វើជារៀងរហូតដូចភ្លៀងរលឹម ដរាបណាលែងមាន ករណីរំលោភយកចិញ្ចើមផ្លូវ ដើម្បីប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន។

លោក ខាត់ ណារិទ្ធ បានបញ្ជាក់ថា ការបង្កើត ឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរនេះ គឺមិនអាចផ្តាច់បានពីការចូលរួម ពីបងប្អូនប្រជាពលរដ្ឋ និងអាជីវករបានឡើយ។

ខណៈដែលលោក ខាត់ ណារិទ្ឋ ដឹកនាំក្រុមការងារ ចុះរៀបចំសណ្តាប់ធ្នាប់ ជាក់ស្ដែង ២ថ្ងៃ នៅជុំវិញតំបន់ទូតរុស្ស៊ី និងផ្លូវសុធារស់ លោកបានឲ្យដឹងថា ស្ថានភាពសណ្ដាប់ធ្នាប់លក់ដូរ របស់បងប្អូនប្រជាពលរដ្ឋ តាមលំនៅឋាន និងតាមចិញ្ចើមផ្លូវនេះ ឃើញថា មានលក្ខណៈល្អប្រសើរច្រើន ដោយសារបងប្អូនប្រជាពលរដ្ឋ និងបងប្អូនអាជីវករ មានកិច្ចសហការល្អជាមួយកម្លាំងរបស់យើង។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៅលើឆាកអន្តរជាតិបានបង្ហាញ ពីការអភិវឌ្ឍ រីកចំរើន លើគ្រប់វិស័យរបស់កម្ពុជា ទន្ទឹមគ្នានោះ ប្រមុខដឹកនាំកម្ពុជា ក៏បានបង្ហាញនូវបញ្ហាប្រឈមចំនួន២ គឺសណ្តាប់ធ្នាប់ និងបញ្ហាចរាចរណ៍ ដែលទាមទារឲ្យអាជ្ញាធរមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់ ឲ្យបានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕