(ត្បូងឃ្មុំ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា ការធ្វើកំណែទម្រង់វិស័យការពារជាតិកម្ពុជាកន្លងមក បានបង្កើនប្រសិទ្ធភាព ក្នុងការពង្រឹងដល់សន្តិសុខ និងស្ថិរភាពប្រទេសកម្ពុជា និងក្នុងតំបន់។

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងយ៉ាងដូច្នេះនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីរំលឹកខួប ២៦ឆ្នាំ នៃការបង្កើតស្ថាប័នរបស់ខ្លួន នៅក្នុងទឹកដីខេត្តត្បូងឃ្មុំ។

សម្តេចពិជ័យសេនា បានថ្លែងថា បច្ចុប្បន្នការពង្រឹងវិស័យសន្តិសុខការពារជាតិ កំពុងវិវត្តន៍ទៅមុខ បត់បែន ផ្លាស់ប្តូរស្ថានភាពមួយ ដែលខ្វះស្ថិរភាពទៅកាន់ការអភិវឌ្ឍគ្រប់វិស័យ ស្របទៅតាមសភាពការណ៍សន្តិសុខពិភពលោក។

សម្តេចបញ្ជាក់យ៉ាងដូច្នេះថា៖ «ដូចនេះ នយោបាយកែទម្រង់វិស័យសន្តិសុខការពារជាតិ កំពុងក្លាយជាគោលការណ៍ ដ៏មានប្រសិទ្ធភាពសម្រាប់លើកស្ទួយទំនាក់ទំនង និងកិច្ចសហការរវាង កម្លាំងប្រដាប់អាវុធ ជាមួយមជ្ឈដ្ឋានសង្គមស៉ីវិល ព្រមទាំងការបង្កើនប្រសិទ្ធភាព នៅក្នុងការពង្រឹងសន្តិសុខ ស្ថិរភាពរបស់ប្រទេសជាតិ និងតំបន់»

បើតាមសម្តេចពិជ័យសេនា, ឆ្នាំ២០១៩ ស្ថានការណ៍ពិភពលោក នឹងបន្តប្រែប្រួលយ៉ាងជ្រាលជ្រៅ ស្មុគស្មាញ ឆាប់រហ័ស និងពិបាកប៉ាន់ស្មានបាន។ ការប៉ះទង្គិចគ្នារវាងផលប្រយោជន៍ របស់មហាអំណាច បានធ្វើឲ្យតំបន់មួយចំនួនកើនឡើងកម្តៅ ហើយពេលខ្លះស្ទើរផ្ទុះសង្គ្រាមពិភពលោក។

សភាពការណ៍ បានប្រែប្រួលពីការលក់ប្រជែងសព្វាវុធ ទៅជាសង្គ្រាមពាណិជ្ជកម្ម។ ស្របពេលជាមួយគ្នានេះដែរ នាពេលបច្ចុប្បន្ន សន្តិសុខប្រព័ន្ធអ៉ិនធើណែត បានក្លាយជាបញ្ហាចោទដ៏ធំមួយ សម្រាប់គ្រប់ប្រទេសទាំងអស់ ក្នុងពេលដែលបដិវត្តន៍ឧស្សាហកម្មទី៤ បានធ្វើឲ្យប្រែប្រួលយ៉ាងលឿននូវទម្លាប់ របៀបរបបរស់នៅទាក់ទងនឹងការងារ ក៏ដូចជាការធ្វើពាណិជ្ជកម្ម ផលិតកម្ម ការសិក្សា ដែលអាចធ្វើឲ្យមានការប៉ះពាល់នៅទូទាំងពិភពលោក ផ្នែកសេដ្ឋកិច្ច និងសណ្តាប់ធ្នាប់ ប៉ុន្តែកម្ពុជាត្រូវឆក់យកឱកាសប្រកបដោយភាពវៃឆ្លាត ដែលអាចធ្វើទៅបាន ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ នេះបើតាមសម្តេចពិជ័យសេនា។

សម្តេចបានបញ្ជាក់បន្តថា ចំណុចសំខាន់បំផុតនោះគឺ ត្រូវថែរក្សាឲ្យបាននូវស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម ពង្រឹងបាននីតិរដ្ឋ និងប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ ដូចដែលបានដំណើរការបោះឆ្នោត ជាបន្តបន្ទាប់កន្លងមកនេះ។

សម្តេចបញ្ជាក់បន្ថែមថា ការបន្តកើតឡើងនូវបទល្មើសផ្សេងៗ ដូចជាការកាប់ព្រៃឈើ ការចាប់សត្វព្រៃ ការកាប់ទន្ទ្រានយកដីរដ្ឋ ការរុករករ៉ែខុសច្បាប់ ការជួញដូរគ្រឿងញៀន ព្រមទាំងសកម្មភាពបទល្មើសផ្សេងៗទៀត គឺជាវិញ្ញាសារ ដែលត្រូវដោះស្រាយ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ នៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

សម្តេចបញ្ជាក់បន្ថែមទៀតថា ជាមួយគ្នានេះ ចលនាឧទ្ទាមរបស់ពួកក្បត់ជាតិ ដែលមានបរទេសនៅពីក្រោយខ្នង នៅតែមិនបោះបង់នូវមហិច្ឆតាប៉ុនប៉ងបង្កអស្ថិរភាពដល់ប្រទេសជាតិ ដូចនេះនាយទាហាន និងពលទាហាន នៃកងរាជអាវុធហត្ថ នៅមានភារកិច្ចជាច្រើនទៀត ដែលត្រូវបំពេញ ដើម្បីធានាភាពសុខសាន្តជូនប្រជាពលរដ្ឋ និងធានាឲ្យបាននូវបរិយាកាសសន្តិសុខល្អប្រសើរ៕