(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរ ដោយថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បាននាំយកទេយ្យទាននិងទៀនព្រះវស្សា ប្រគេនព្រះសង្ឃ នៅវត្តចំនួន២១ ទូទាំងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលជាតិមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិ បានរីកចម្រើនលើគ្រប់វិស័យ នាំមកនូវក្តីសុខសាន្ត ជូនប្រជាពលរដ្ឋ មានជីវភាពធូរធារ មានឱកាសមកអង្គុយជួបជុំគ្នាធ្វើបុណ្យទានយ៉ាងសប្បាយរីករាយ ដោយមិនមានការបារម្ភភ័យខ្លាចទាំងបញ្ហាជីវភាព និងសន្តិសុខឡើយ។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមទៀតថា បុណ្យចូលព្រះវស្សា គឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័ក ប្រតិបត្តិដោយត្រូវគង់ចាំព្រះវស្សា នៅក្នុងទីវត្តអារាម ដើម្បីសិក្សាព្រះធម៌វិន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្តិ មានរយៈកាលបីខែចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែអាស្សុជ។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទាំងអស់ នៃមហាគ្រួសារអ្នកបន្ទាយមានជ័យ ដែលបានចូលរួមថែរក្សាសន្តិភាព ជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តការរីកចម្រើនទាំងអស់គ្នា។

ក្នុងឱកាសដ៏សប្បាយរីករាយជិតស្និទ្ធ និងងជ្រះថ្លាជាពុទ្ធសាសនិក នាយឧត្តមសេនីយ៍ បាននាំយកទេយ្យទាន និងទៀនព្រះវស្សា ប្រគេនដល់ព្រះសង្ឃដល់វត្តទាំង២១វត្ត ក្នុង១វត្ត ៗទទួលបាន៖ ទៀនវស្សា១គូ, សាដក់១ ទឹកត្រី៥យួរ, ទឹកស៊ីអ៊ីវ៥យូរ, មី៥កេស, អង្ករ៥០គីឡូក្រាម, ទឹកផ្លែឈើ២កេស, ទឹកសុទ្ធ៥កេស និងថវិកា១លានរៀល។

ក្នុងនោះ ក៏ប្រគេនព្រះសង្ឃ ក្នុងមួយអង្គៗ៥ម៉ឺនរៀល និងតាជី យាយជី ប្រជាពលរដ្ឋ ចូលរួម២០០នាក់ ក្នុង១ម្នាក់ៗ សារុង១ ថវិកា១ម៉ឺនរៀលផងដែរ៕