(ព្រៃវែង)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងពិភាក្សាអំពីការផ្សព្វផ្សាយ កម្មវិធីប្រព័ន្ធតេស្តសមត្ថភាព និងពង្រឹងសមត្ថភាពសិស្សថ្នាក់ទី១២ (http://bacii.moeys.gov.kh)។

ក្នុងនោះក៏មានការធ្វើបទបង្ហាញស្ដីពី ការប្រើប្រាស់ប្រព័ន្ធតេស្តសមត្ថភាព និងពង្រឹងសមត្ថភាពសិស្សថ្នាក់ទី១២ ដោយលោក ងន់ ម័រ សហស្ថាបនិក ក្រុមហ៊ុន Poscar Cambodia និងជាអ្នកជំនាញបង្កើតកម្មវិធីប្រព័ន្ធតេស្តសមត្ថភាព និងពង្រឹងសមត្ថភាពសិស្សថ្នាក់ទី១២ផងដែរ។

លោក យក់ ប៊ុនណា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះលោកគ្រូ-អ្នកគ្រូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកចូលរួមក្នុងកិច្ចប្រជុំនេះ ហើយក៏បានជំរុញ និងលើកទឹកចិត្តដល់លោកគ្រូ-អ្នកគ្រូ ទាំងអស់ឲ្យមានស្មារតីទទួលខុសត្រូវ និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលត្រូវប្រឡងថ្នាក់ទី១២ (បាក់ឌុប) ទាំងអស់ឲ្យខំប្រឹងយកចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីប្រឡងជាប់បាននិទ្ទេសល្អគ្រប់ៗគ្នា នាថ្ងៃខាងមុខនេះ។

គួរជម្រាបថា ប្រព័ន្ធតេស្តសមត្ថភាពសិស្សថ្នាក់ថ្នាក់ទី១២ ត្រូវបានបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រុមហ៊ុន POSCAR CAMBODIA ដើម្បីជាផ្នែកមួយ ក្នុងការជួយដល់សិស្សានុសិស្សអាចធ្វើការវាស់ស្ទង់សមត្ថភាពរបស់ខ្លួន មុននឹងឈានដល់ការប្រឡងមធ្យមសិក្សាទុតិយភូមិ នាពេលដ៏ឆាប់ខាងមុខនេះ។

ប្រព័ន្ធតេស្តសមត្ថភាពសិស្សថ្នាក់ទី១២នេះ ត្រូវបានសម្រិតសម្រាំងជាពិសេស ដែលមាន៥មុខវិជ្ជាដូចជា៖ គណិតវិទ្យា, រូបវិទ្យា, គីមីវិទ្យា, ជីវវិទ្យា និងប្រវត្តិវិទ្យា។

សិស្សានុសិស្សទាំងអស់ អាចចុះឈ្មោះ និងប្រើប្រាស់ប្រព័ន្ធនេះបានដោយសេរី តាមរយៈ៖ http://bacii.moeys.gov.kh