(ភ្នំពេញ)៖ ក្រុមចោរឆក់ដ៏សកម្មចំនួន ៣នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនជាតិចិនបានសម្រេច នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ភូមិក្បាលដំរី២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ។ ភ្លាមៗនោះត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលកាកាបទី២ បានតាមចាប់ក្រុមជនសង្ស័យទាំងនេះ រហូតធ្វើការក្របួចជាប់ជនសង្ស័យចំនួន ២នាក់ ដកហូតម៉ូតូ ខណៈបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួនរួច។

លោក ភា ប្រុស នាយប៉ុស្តិ៍កាកាបទី២ បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់រួមមាន៖

*ទី១៖ ឈ្មោះ អ៊ី លឹមងួន អាយុ៣១ឆ្នាំ មុខរបរជាងម៉ាស៊ីនដេរ ស្នាក់នៅភូមិអង្គស្លែង សង្កាត់ឱឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក CLick ពណ៌ខៀវបិទស្កុតសពាក់ស្លាកលេខ 1HD-2850
*ទី២៖ ឈ្មោះ ឆេង ពេជ្រ អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេច៨០បុរីចំការដូង ខណ្ឌដង្កោ ជិះស្កូបពីពណ៌ខ្មៅពាក់ស្លាកលេខ 1GS-5846។

លោក ភា ប្រុស បានបន្តថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូចំនួន៣គ្រឿង ស្កុបពី និងCLICK ចំនួន២គ្រឿង ខណៈមកដល់ចំណុចមុខគ្លីនិកសម្ភពស័ង្កម៉ារី ស្រាប់តែជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក Iphone 8 plus ទៅលើជនជាតិចិន បានសម្រេចរួចព្យាយាមរត់គេចខ្លួន។

លោក ភា ប្រុស បានបន្តទៀតថា ភ្លាមៗក្រោយពេលជនសង្ស័យបានធ្វើសកម្មភាពឆក់បានសម្រេចហើយនោះ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការជាមួយនឹងកម្លាំងប៉ុស្តិ៍បានធ្វើការដេញជនសង្ស័យ រហូតចាប់ខ្លួនបានចំនួន២ នាក់ដល់ក្រោយវត្តសំរោងអណ្តែត ក្នុងខណ្ឌសែនសុខ និងដកហូតម៉ូតូ ២គ្រឿង ខណៈម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រម៉ោល ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍កាកាបទី២ កំពុងសួរនាំតាមជំនាញ និងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមផ្លូវច្បាប់៕