(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មន្ទីរកសិកម្ម និងរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ រួមជាមួយនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន សសយក, កាកបាទក្រហម និងកាយរិទ្ធបងប្អូនប្រជាពលរដ្ឋ បានចូលរួមដាំកូនឈើនៅបរិវេណវត្តអូរត្រេះ ស្ថិតនៅក្នុងភូមិ ៦ សង្កាត់លេខ ៤ ក្រុងនៃខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញឲ្យប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជននានា ឲ្យចូលរួមយ៉ាងសកម្មក្នុងការដាំ និងថែរក្សាការពារព្រៃឈើ សំដៅប្រែក្លាយឱ្យមានភាពស្រស់បំព្រង និងអភិវឌ្ឍន៍ធនធានព្រៃឈើ ឲ្យកាន់តែសម្បូរឡើងសម្រាប់ធ្វើជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិ រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជាកិច្ចការពារបរិស្ថានសំដៅ ទប់ស្កាត់ការឡើង កំដៅនៃភពផែនដីនឹងភាពរាំងស្ងួតក៏ដូចជាទឹកជំនន់ជាដើម។ ដូចនេះហើយយើងទាំងអស់គ្នា ត្រូវចូលរួមប្រែក្លាយទៅជាចលនាមួយ ចូលរួមដាំដើមឈើតាមគ្រប់រូបភាព ឱ្យបានច្រើនជាអតិបរមានិងបណ្ដុះ នៅគំនិតស្រលាញ់ព្រៃឈើថែរក្សាការពារព្រៃឈើដើម្បីជាឧត្តមប្រយោជន៍របស់ជាតិយើង។

បើតាមលោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឲ្យដឹងថា ការប្រារព្ធពិធីបុណ្យរុក្ខទិវានៅក្នុងខេត្តព្រះសីហនុនាពេលនេះ មន្ទីរកសិកម្មដែល មានរដ្ឋបាលព្រៃឈើ ជាសេនាធិការបានដាំកូនឈើចម្រុះគ្រប់ប្រភេទមាន ដើមគគីរ គ្រញូង ឈើទាល សរុបចំនួន ២២០០ ដើម លើផ្ទៃដី ២ ហិកតាក្នុងបរិវេណវត្តអូរត្រេះស្ថិតនៅក្នុង ភូមិ ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ។

លោក នេន ចំរើន និយាយថា នឹងជំរុញការអនុវត្តការងារដាំដើមឈើឡើងវិញ នៅលើដីទំនេរ និងដីព្រៃលិចទឹកព្រមទាំងចលនាដល់វិស័យឯកជន និងប្រជាពលរដ្ឋដាំដើមឈើនៅគ្រប់ទីកន្លែង។

សម្រាប់ឆ្នាំនេះ មន្ទីរកសិកម្ម បានបណ្ដុះកូនឈើចម្រុះ គ្រប់ប្រភេទចំនួន៥២,៧៣៦ដើម ក្នុងនោះមានឈើហូបផ្លែនិង ដើមឈើរយៈពេលវែង សម្រាប់ធ្វើការចែកចាយជូនបងប្អូន ប្រជាពលរដ្ឋព្រះសង្ឃនិងស្ថាប័នអង្គភាពផ្សេងៗទៀតយកទៅដាំតាមកន្លែងរៀងខ្លួន៕