(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានដាក់ចេញនូវវិធានការមួយចំនួន ដល់សមត្ថកិច្ចគ្រប់ប្រភេទ គ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរក្រុង ស្រុក ត្រូវទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនគ្រប់ប្រភេទ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធិភាព។

ការលើកឡើងរបស់លោកអភិបាលខេត្តព្រះវិហារបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញ ចូលរួមក្នុងពិធីអបអសាទរខួបលើកទី៣២ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦ មិថុនា ក្រោមប្រធានបទសុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងក៏មានការចូលរួមពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជនសសយកខេត្តជាច្រើនរូបនៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៩នេះ។

លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអបអរសារទរខួបលើកទី៣២ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦ មិថុនា ក្រោមប្រធានបទ «សុខភាពដើម្បីយុត្តិធម៌-យុត្តិធម៌ដើម្បីសុខភាព»។

នៅក្នុងឱកាសនោះដែរ អភិបាលខេត្តព្រះវិហារ បានដាក់ចេញបន្តវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាព ហើយណែនាំដល់សមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ត្រូវ តែចៀសវាងឱ្យបានជាដាច់ខាតនូវ កុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន។ ត្រូវធានាថា គ្មានគ្រឿងញៀននៅក្នុងគ្រប់អង្គភាពរួមមាន៖ វត្តអារាម សាលារៀន ទីតាំងអាជីវកម្ម ក្លឹបកំសាន្ត មូលដ្ឋាន ភូមិឃុំសង្កាត់ជាដើម។

លោកអភិបាលខេត្ត ប្រាក់ សុវណ្ណ បានកោតសសើរដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្រុង ស្រុក មន្ទីរជុំវិញខេត្ត ដែលបានសហការយ៉ាងជិតស្និតទប់ស្កាត់ និងបង្ក្រាបបានជាបន្តបន្ទាប់នូវបទល្មើសគ្រឿងញៀន ក្នុងខេត្តបានយ៉ាងជោគជ័យ។

ទន្ទឹមនឹងនោះលោកអភិបាលខេត្ត បានស្នើសុំឲ្យបន្តខិតខំបន្ថែមទៀត និងបានដាក់ចេញនូវវិធានការបង្កាទប់ស្កាត់គ្រឿងញៀន ឲ្យបានម៉ឹងមាត់បំផុតចំនួន០៨ចំណុចរួមមាន៖ គ្រប់សមត្ថកិច្ច អាជ្ញាធរក្រុង ស្រុក ត្រូវសហការបន្តស្រាវជ្រាវត្រួតពិនិត្យ និងបំផ្លញចោលគ្រឿងញៀនដែលកំពុងចរាចរ ក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសការពង្រឹងត្រួតពិនិត្យតាមបណ្តាច្រកទ្វារព្រំដែន លើបទល្មើសគ្រឿងញៀននេះឲ្យបានខ្លាំងក្លាបំផុត។

បន្ថែមពីនេះទៀតលោកអភិបាលខេត្តព្រះវិហារ ក៏បានអំពាវនាវ និងស្នើសុំឲ្យលោកគ្រូ អ្នកគ្រូ មាតា បិតាសិស្ស ព្រះសង្ឃ ចូលរួមផ្សព្វផ្សាយណែនាំពីគ្រោះថ្នាក់បណ្តាលមកពីគ្រឿងញៀន ដែលតែងតែបំផ្លាញអាយុជិវិត អនាគតដល់យុវជនយើងឲ្យមានការយល់ដឹងថែមទៀតផង ពិសេសកុំនៅជិតនៅក្បែរនិងចង់សាកល្បងគ្រឿងញៀនអោយសោះ៕