(ភ្នំពេញ)៖ លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ដែលជាគណៈកម្មការទី៤ នៃរដ្ឋសភា បានជំរុញគណៈគ្រប់គ្រងខេត្តមណ្ឌលគិរី ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។

ការជំរុញនេះ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ចើញចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តមណ្ឌលគីរី ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់ខេត្ត នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងសាលប្រជុំរបស់សាលាខេត្ត។

លោក ហ៊ុន ណេង បានលើកឡើងថា គណៈកម្មការទី៤នៃរដ្ឋសភា អញ្ជើញចុះមកនាពេលនេះ គឺក្នុងគោលបំណង សិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្រ និងការរស់នៅរបស់ប្រជាពលរដ្ឋ ការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ការងារវិមជ្ឈការ-វិសហមជ្ឈការ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការងារអន្តោប្រវេសន៍ ការងារទំនាក់ទំនង និងគ្រប់គ្រងអង្គការសង្គមស៊ីវិល ការងារគ្រប់គ្រងពន្ធនាគារ និងដំណើរការវាយតម្លៃលើទណ្ឌិតក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោស ។

លោកបន្តថា លើសពីនេះដើម្បីដឹងពីដំណើរការរបត់ការងារថ្មីតាមគម្រោងការងារនគរបាលនិងសហគមន៍ ការគាំពារសង្គមតាមរយៈដំណើរការអនុវត្តកម្មវិធីសង្គហទានសង្គមចំពោះស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំនៃគ្រួសារក្រីក្រ។

លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី ព្រមទាំងលោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានរាយការណ៍ជូន គណៈកម្មការទី៤រដ្ឋសភា អំពីសភាពការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើនព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តមណ្ឌលគីរី សម្រេចបានកន្លងមក និងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ព្រមទាំងបញ្ហាប្រឈមនឹងសំណូមពរនានា ដែលរដ្ឋបាលខេត្តមណ្ឌលគីរី បានជួបប្រទះកន្លងមក និងកំពុងបានខិតខំជំរុញការអភិវឌ្ឍន៍ជាប្រចាំផងដែរ។

ជាមួយនឹងឱកាសនោះដែរ លោកអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ក៏បានរាយការណ៍លម្អិតអំពីលទ្ធផល និងសមិទ្ធផលសំខាន់ៗពាក់ព័ន្ធវិស័យទទួលបន្ទុករបស់គណៈកម្មការទី៤នៃរដ្ឋសភាផងដែរ។

បន្ទាប់ពីបានស្តាប់នូវការាយការណ៍ យ៉ាងលំអិតរបស់ខេត្តរួចមក លោក ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ ក៏បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះខេត្តមណ្ឌលគីរី ដែលបានធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ ក៏ដូចជាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អ ដោយអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលសម្តេចបានណែនាំឲ្យមន្ត្រីរាជការទាំងអស់ ខិតខំបម្រើប្រជាពលរដ្ឋទ្វេរដង ឲ្យសក្តិសមនូវអ្វីដែលបងប្អូនប្រជាពលរដ្ឋផ្តល់សេចក្តីទុកចិត្តតាមរយៈការបោះឆ្នោតនាពេលកន្លងមក។

លោក ហ៊ុន ណេង ក៏បានជំរុញឲ្យអាជ្ញាធរខេត្ត បន្តការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្តទៀត ព្រមទាំងពង្រឹងសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ។

បន្ទាប់ពីបានបញ្ចប់ការងារនៅខេត្តមណ្ឌលគីរី គណៈកម្មការទី៤នៃរដ្ឋសភា និងត្រូវបន្តដំណើរទៅកាន់បណ្តាខេត្តជាប់ព្រំដែនប្រទេសឡាវ និងប្រទេសវៀតណាម បន្តទៀត មានដូចជា ខេត្តរតនគីរី ស្ទឹងត្រែង ក្រចេះ ត្បួងឃ្មុំ។

សូមជម្រាបថា គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា អញ្ជើញចុះបំពេញបេសកកម្មនៅខេត្តជាប់ព្រំដែនប្រទេសឡាវ និងប្រទេសវៀតណាម នាពេលនេះ មិនមែនត្រឹមតែជាការចុះសិក្សាស្វែងយល់ពីវិស័យការងារទទួលបន្ទុករបស់គណៈកម្មការតែប៉ុណ្ណោះទេ គឺគណៈកម្មការចុះប្រមូលព័ត៌មាន ពីស្ថានភាពរស់នៅ និងកិច្ចការការពារព្រំដែនរបស់កងកម្លាំងវារៈការពារព្រំដែននៃកងកម្លាំងនគរបាលជាតិ និងកងយោធពលខេមរភូមិន រួមទាំងកិច្ចសហការជាមួយកងកម្លាំងសមត្ថកិច្ចនៃប្រទេសជិតខាង តាមរយៈការផ្ដល់សញ្ញាជាមុនទាន់ពេលវេលា និងប្រព័ន្ធចែករំលែកព័ត៏មាន ស្ដីពីការផ្ទុះរាតត្បាតនៃជំងឺឆ្លង ការបំពុលបរិស្ថានឆ្លងកាត់ព្រំដែន និងការជួញដូរគ្រឿងញៀន និងបញ្ហាប្រឈមជាដើម។

គណៈកម្មកាទី៤នៃរដ្ឋសភា ត្រូវធ្វើបទបង្ហាញជូនដល់គណៈកម្មការពារជាតិ និងសន្តិសុខនៃរដ្ឋសភាកម្ពុជា ឡាវ វៀតណាុម។ គណៈកម្មការទី៤នៃរដ្ឋសភា នឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៤ គណៈកម្មការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាកម្ពុជា ឡាវ វៀតណាម នឹងប្រារព្ធធ្វើពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ ក្រោមប្រធានបទ «តួនាទី ភារកិច្ចក្នុងការពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាប្រទេសទាំងបី ក្នុងការកសាងសហប្រតិបត្តិការ និងអភិវឌ្ឍន៍ព្រំដែនមួយប្រកបដោយសន្តិភាព និងមិត្តភាព»