(ភ្នំពេញ)៖ យោងតាមរបាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន២១លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់, របួសស្រាល១៩នាក់ និងរបួសធ្ងន់២៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង២១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន២២គ្រឿង, រថយន្តតូច១៣គ្រឿងហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់ឆ្វេងស្ដាំ, និងកត្ដាយាន។

សូមបញ្ជាក់ថា រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៦៥លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៧១នាក់ របួសធ្ងន់១៥៣នាក់ និងរបួសស្រាល១១០នាក់៕