(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រឈមការភ័យខ្លាច ដោយមិនហ៊ានបញ្ចេញឈ្មោះនោះ បានលួចខ្សឹប និងចង្អុលបង្ហាញអំពីទីតាំងបនល្បែងហ្គេមបាញ់ត្រីចំនួន ២កន្លែង ដែលកំពុងបើកដំណើរការលេង ទទួលភ្ញៀវទាំងយប់ទាំងថ្ងៃយ៉ាងរលូន។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ដើម្បីឲ្យជួយផ្សព្វផ្សាយបញ្ជូនដំណឹងមួយនេះទៅកាន់លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ និងលោក គល់ យី អធិការនគរបាលខណ្ឌ, ប្រជាពលរដ្ឋទាំងនោះ បានសុំឲ្យថ្នាក់ដឹកនាំខណ្ឌ ជួយចាត់វិធានការបង្ក្រាបឲ្យខាងតែបានផង? ឬមួយបានដឹងដែរ តែមិនបង្ក្រាប តើមកពីមូលហេតុអ្វីឲ្យប្រាកដ? ខណៈល្បែងហ្គេមបាញ់ត្រីចំនួន ៤ទីតាំងផ្សេងទៀត ដែលនៅក្បែរៗគ្នានោះ គេសង្កេតឃើញថា ត្រូវបានលោកបញ្ជាមន្ត្រីឲ្យចុះធ្វើកិច្ចសន្យា និងប្រកាសបញ្ជាឲ្យបិទជាស្ថាពររួចមកហើយ។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរបនល្បែងហ្គេមបាញ់ត្រីទាំង ២កន្លែងនេះ បានបង្ហើបប្រាប់ឲ្យដឹងថា ទីតាំងនេះបានបើកដំណើរការលេងទទួលភ្ញៀវយ៉ាងគគ្រឹកគគ្រេងនេះមានម្ចាស់ឈ្មោះ យាយម៉ៅ ប្រសិនបើលោក ជា ពិសី អភិបាលខណ្ឌ និងលោក គល់ យី អធិការខណ្ឌ ពិតជាបង្ក្រាបប្រាកដមែន គឺមិនពិបាករកទីតាំងនោះទេ? ក្នុងការដោះស្រាយសំណូមពរចាំបាច់ចំពោះមុខ ជូនប្រជាពលរដ្ឋ ក៏ដូចជាការកាត់បន្ថយបទល្មើសលួច ឆក់ ប្លន់ នានា ដែលជាអំពើចោរកម្ម ដើម្បីអនុវត្តនូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។

ប្រជាពលរដ្ឋបានអះអាងថា ទីតាំងទី១-ចុះពីផ្លូវជាតិលេខ៥ ចូលតាមក្លោងទ្វារសាលាបឋមសិក្សាចំរើនរដ្ឋ ពោលគឺចូលក្នុងសាលា ពីកើតទៅលិច រហូតដល់ផ្លូវបេតុងទាល់មួយ ហើយបត់ស្ដាំទៅខាងជើងបន្តិច និងឃើញនៅខាងស្ដាំដៃ មានច្រកឌឿងហែមផ្លូវបេតុងទី១-២-៣ និងផ្លូវបេតុងទី៤ ហើយបត់ស្ដាំចូលប្រហែល ១០០ម៉ែត្រប៉ុណ្ណោះ ប្រាកដជាឃើញទីតាំងហ្គេមបាញ់ត្រី នៅខាងឆ្វេងដៃ ដែលមានសញ្ញាសម្គាល់លេខ៦៨ ពណ៌ក្រហម មិនខានឡើយ បើទោះបីជាបិទទ្វារ ប៉ុន្តែមានភ្ញៀវកំពុងលេងយ៉ាងស្ងាត់ស្ងៀមនៅខាងក្នុង ស្ថិតនៅក្នុងក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក។

ប្រជាពលរដ្ឋ បានអះអាងទៀតថា ទីតាំងទី២-កាន់តែងាយរកឃើញទៀត ព្រោះនៅក្បែរផ្លូវជាតិលេខ៥ គឺនៅទល់មុខស្ថានីយ៍ទូរទស្ស CTN មានផ្លូវបេតុងច្រកចូលផ្សារគីឡូម៉ែត្រលេខ៦ (ហៅផ្សារឆេកូ) ដែលចូលទៅប្រហែល២០ ឬ៣០ម៉ែត្រប៉ុណ្ណោះ និងឃើញនៅខាងស្ដាំដៃមានច្រកឌឿងហែមមួយ និងមានសញ្ញាសម្គាល់បាញ់ថ្នាំពណ៌ក្រហម លេខ៦៨ ដូចគ្នា ដែលជាផ្លូវរួមតូចចង្អៀត តែបើចូលទៅប្រហែល ២០ម៉ែត្រតាមច្រកនេះ និងឃើញនៅខាងស្ដាំដៃ គឺជាទីតាំងហ្គេមបាញ់ត្រី (ពោលគឺស្ថិតនៅខាងកើតជាប់ផ្សារគីឡូម៉ែត្រលេខ៦តែម្ដង) និងមានបំពាក់ទៅដោយកាមេរ៉ាសុវត្ថិភាពនៅនិងផ្លូវ បើទោះបីជាបិទទ្វារ ប៉ុន្តែមានភ្ញៀវកំពុងលេងយ៉ាងស្ងាត់ស្ងៀមនៅខាងក្នុងស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមានសង្ឃឹម និងជឿជាក់ថា លោក ជា ពិសី អភិបាលខណ្ឌ និងលោក គល់ យី អធិការខណ្ឌ ប្រាកដជាបង្ក្រាបល្បែងហ្គេមបាញ់ត្រីចំនួន ២ទីតាំងនេះ ទៅតាមសំណូមពររបស់ពួកគាត់ផង។ បាននន័យថា កន្លងមកក្រោយពីអាជ្ញាធរមានសមត្ថកិច្ច ទទួលបានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ ដើម្បីស្នើឲ្យជួយបង្ក្រាបល្បែងស៊ីសងហ្គេមបាញ់ត្រី នៅត្រង់ចំណុចណាមួយនោះ គឺតែងតែចុះប្រតិបត្តិការបង្ក្រាបនៅកន្លែងផ្សេងទៅវិញ ក្រៅពីចំណុចដែលប្រជាពលរដ្ឋចង់បាន ជាមូលហេតុនាំឲ្យកើតមានការក្ដៅក្រហាយ។

គួររំលឹកផងដែរថា នៅមុនពេលដែលលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ក្នុងការដាក់ចេញវិធានការក្តៅ ដើម្បីបង្ក្រាបបទ ល្មើសល្បែងស៊ីសងគ្រប់ ប្រភេទ នៅទូទាំង១៤ ខណ្ឌក្នុងរាជធានី តាមសំណូមពរប្រជាពលរដ្ឋ សម្រាប់ការរស់នៅគ្មានការភ័យខ្លាច និងទទួលបានភាពកក់ក្ដៅកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

កន្លងទៅថ្មីៗនេះ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ បានប្រកាសសម្រេចបង្កើតក្រុមការងារចម្រុះមួយ ដើម្បីបង្រ្កាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសលើបញ្ហាគ្រឿងញៀនខុសច្បាប់ នៅតាមមូលដ្ឋាន ដែលជាដើមចមនៃបទល្មើសចោរកម្មកើតឡើងជាអំពើ លួច ឆក់ ប្លន់ ដើម្បីឲ្យមានប្រសិទ្ធភាព ចំពោះការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕