(ព្រៃវែង)៖ ក្រុមអាជីវករលក់សាច់ជ្រូក នៅផ្សារអ្នកលឿង ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង បានត្អូញត្អែរថា ការលក់សាច់ជ្រូកអេ (សល់) រាល់ថ្ងៃ ដោយអ្នកដើរទិញ គេនិយាយថា មិនទិញសាច់ជ្រូកយកទៅហូប ដោយសារជ្រូកកើតជំងឺប៉េស្តជ្រូកអាហ្វ្រិក។

ក្រុមអាជីវករបានឲ្យដឹងថា បើទោះបីជាជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនទាន់ផ្ទុះកើតនៅក្នុងទឹកដីខេត្តព្រៃវែងក៏ពិតមែន ប៉ុន្តែឥទ្ធិពលរបស់វបានគ្របដណ្តប់លើសតិអារម្មណ៍ ប្រជាពលរដ្ឋទូទៅ និងធ្វើឲ្យប្រជាពលរដ្ឋ លែងហ៊ានបរិភោគសាច់ជ្រូកថែមទៀតផង។

ក្រុមអាជីវករបានបន្ថែមថា កត្តានេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ទៅលើក្រុមអាជីវករលក់សាច់ជ្រូកដូចពួកគាត់ផងដែរ។ ចំណែកអ្នកលក់បាយលក់បបរសាច់ជ្រូក ក៏នាំគ្នាត្អូញត្អែរគ្រប់ៗគ្នា ថាបបរសាច់ជ្រូក បាយសាច់ជ្រូក គេមិនហូបនោះទេ ទើបម៉ូយធ្លាប់ទិញសាច់ជ្រូកគេឈប់ទិញ។

ក្រុមអាជីវករលក់សាច់ជ្រូក ក្នុងផ្សារអ្នកលឿង បានលើកឡើងថា កន្លះខែមកនេះសាច់ជ្រូករបស់ពួកគាត់លក់អេ (សល់) រាល់ថ្ងៃ ម៉ូយលក់បាយ លក់បបរលក់អត់ដាច់គេបន្ថយការទិញ ចំណែកអ្នកស្រុកតាមផ្ទះ គេមកទិញ តែ មាន់ ទា ត្រី យកទៅហូប ចំណែកសាច់ជ្រូកគេលែងទិញព្រោះខ្លាចឆ្លងជំងឺ។

បើទោះបីជាពួកគាត់ អះអាងថា សាច់ជ្រូក ដែលពួកគាត់ដាក់លក់ធានាថា សាច់សុទ្ធ សុទ្ធល្អ គ្មានផ្ទុកនូវជំងឺ ឬមេរោគអីទេ នឹងមានការពិនិត្យច្បាស់លាស់ ពីមន្រ្តីជំនាញបសុពេទ្យ បោះត្រាលើសាច់ជ្រូកក៏ដោយ ក៏គេមិនហ៊ានទិញយកទៅហូបដែរ។

អាជីវករបន្តថា មួយខែមុន ធ្លាប់លក់ដាច់ មួយថ្ងៃលើសពី១០០គីឡូសាច់ មិនគិតដល់ លក់ ឆ្អឹងជំនី ឆ្អឹងជើង និងមានការកាម្មង់ទិញខាងក្រៅ តែឥឡូវ មួយថ្ងៃ លក់ ទាំងសាច់ ទាំងឆ្អឹងជំនី ឆ្អឹងជើង ក្បាល ពោះ បូកទាំង កាម្មង់ទិញខាងក្រៅ មួយថ្ងៃ លក់៤០គីឡូក្រាម សរុបទាំងអស់ ក៏លក់មិនអស់ដែរ ។

ជាមួយគ្នានេះ ក្រុមអាជីវករទាំងអស់ បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជួយទិញសាច់ជ្រូក យកទៅទទួលទានវិញផង ព្រោះសាច់ជ្រូកដែលពួកគាត់លក់ ពុំមានជំងឺអ្វីទេ ហើយក៏បានឆ្លងកាត់ ការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ ពីមន្រ្តីជំនាញពេទ្យសត្វផងដែរ។

ពាក់ព័ន្ធនិងករណីនេះ លោក ចិន វិសាល ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង បានឲ្យដឹងថា បញ្ហានេះមន្ទីរកសិកម្មខេត្ត ក៏បានយកចិត្តទុក្ខដាក់ខ្លាំងផងដែរ ដោយបានចាត់ឲ្យមន្រ្តីជំនាញ ការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះផ្សព្វផ្សាយនៅតាមភូមិឃុំ និងនៅតាមទីផ្សារសំខាន់ៗ ជុំវិញខេត្ត ធ្វើការណែនាំប្រជាពលរដ្ឋ កុំឲ្យមានការយល់ច្រឡំ ហើយងាកមកទទួលទានសាច់ជ្រូក ដូចធម្មតាវិញ។

លោកបន្ដថា ជាមួយបញ្ហានេះ លោកកំពុងចុះផ្សព្វផ្សាយដល់កសិករ នៅផ្សារកំពង់ត្របែក បន្តចុះផ្សព្វផ្សាយ នៅផ្សារស្រុកស៊ីធរកណ្តាល ហើយនឹងបន្តធ្វើនៅតាមផ្សារជាច្រើនទៀត នៅទូទាំងខេត្តព្រៃវែង ជាពិសេស នៅតាមបណ្តាស្រុក ដែលមានព្រំប្រទល់ជាប់និងខេត្ត ដែលមានផ្ទុះកើតជំងឺប៉េសជ្រូកអាហ្វ្រិក ( ត្បូងឃ្មុំ ស្វាយរៀង) នេះតែម្តង៕