(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងម៉ូណាកូ បានបង្កើតទំនាក់ទំនងជាផ្លូវការជាមួយគ្នាហើយ។ ការបង្កើតទំនាក់ទំនងជាផ្លូវការនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីមានការចុះហត្ថលេខាដោយតំណាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ភាគីរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានចុះហត្ថលេខាដោយលោកបណ្ឌិត ចែម វិឌ្យ៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំនៅប្រទេសបារាំង រីឯរាជរដ្ឋាភិបាលម៉ូណាកូ ត្រូវបានចុះហត្ថលេខាដោយ លោក គ្រឹសតូហ្វ ស្នើណើរ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ម៉ូណាកូ ប្រចាំនៅបារាំង។

ក្នុងសេចក្តីថ្លែងការណ៍រួមដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានគូសបញ្ជាក់ថា ការបង្កើតទំនាក់ទំនងនេះ ក្នុងគោលបំណងជំរុញការយោគយល់គ្នាទៅវិញទៅមក និងដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរ ដោយឈរលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ជាពិសេសក្នុងគោលបំណងគោរព និងលើកកម្ពស់សន្តិភាព និងសន្តិសុខអន្តរជាតិ សមភាពរវាងរដ្ឋនិងរដ្ឋ អធិបតេយ្យភាពជាតិ ឯករាជ្យភាព កិច្ចព្រមព្រៀងអន្តរជាតិ បូរណភាពទឹកដី និងការមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរដ្ឋដទៃ។

សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជា មានទំនាក់ទំនងការទូតជាមួយប្រទេសជាមិត្តចំនួន ១៧២ប្រទេស និងមានស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសសរុបចំនួន៦០។ គិតត្រឹមឆ្នាំ២០១៨ កម្ពុជា បានចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការជាមួយ ៣៤ប្រទេស៕