(ក្រចេះ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានក្រើនរំលឹកដល់អាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងខេត្តក្រចេះ ឱ្យត្រៀមលក្ខណៈសម្បត្តិឱ្យបានខ្ពស់ទុកជាមុនក្នុងការដោះស្រាយ និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងខេត្ត ដែលអាចប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗដោយសារកត្តាធម្មជាតិមានដូចជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងទឹកជំនន់ជាដើមនៅក្នុងរដូវវស្សានេះ។

ការក្រើនរំលឹករបស់លោកទេសរដ្ឋមន្ត្រី បានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ចង្អុលបង្ហាញ និងណែនាំបន្ថែមលើការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៩ ជូនមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៩។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក វ៉ា ថន អភិបាលនៃអណៈអភិបាលខេត្តក្រចេះ មន្ត្រីពាក់ព័ន្ធមកពីតាមមន្ទីរនានា កងកម្លាំងប្រដាប់អាវុធ និងអង្កការដៃគូអភិវឌ្ឍន៍នៅក្នុងខេត្ត។

ក្នុងកិច្ចប្រជុំនោះ លោក វ៉ា ថន បានឱ្យដឹងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កំពុងធ្វើបច្ចុប្បន្នភាព ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្ននៅខេត្តក្រចេះឆ្នាំ២០១៩។ ផែនការនេះ នឹងត្រូវបោះពុម្ពដាក់ឱ្យប្រើប្រាស់នៅពេលខាងមុខនេះ ហើយនឹងប្រជុំណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង ស្រុក ឃុំសង្កាត់ ពង្រឹងយន្តការរបស់ខ្លួនជាប្រចាំ និងធ្វើបច្ចប្បន្នភាព ផែនការត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយដល់ថ្នាក់មូលដ្ឋាន និងសហគមន៍។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ខេត្តបានដាក់ចេញយន្តការគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានពង្រឹងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ក្រុមយុវជន កាកបាទក្រហម អ្នកស្ម័ក្រចិត្តកាកបាទក្រហម ក្រុមសង្រ្គោះបន្ទាន់ ក្រុមសហភាពសហព័ន្ធយុវជន ក្រុមយុវជនស្រលាញ់សន្តិភាព ក្រុមយុវជនក១៥៧ និងក្រុមកាយរិទ្ធជាដើម ដើម្បីត្រៀមចូលរួមសង្គ្រោះ និងឆ្លើយតបគ្រោះអាសន្នដែលអាចកើតឡើង។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានកើតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត ដែលបានត្រៀមលក្ខណៈសម្បត្តិក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ។ លោកទេសរដ្ឋមន្ត្រី ក៏បានកើតសរសើរផងដែរ ចំពោះមន្ត្រី និងកងកម្លាំងប្រដាប់អាវុធខេត្តក្រចេះ ដែលកន្លងមកតែងតែសហការគ្នាបានល្អ និងធ្វើការឆ្លើយតបទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើង។

បើទោះបីជាយ៉ាងណា អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរូបនេះ នៅតែបន្តជំរុញ និងក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ ត្រូវតែត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដូចជាដីទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋពេលមានទឹកជំនន់ បង្កើតបណ្តាញទទួល និងផ្តល់ព័ត៌មានសម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះ ព្រមទាំងការត្រៀមបម្រុងទុកនូវស្បៀងផ្សេងៗសម្រាប់ជនរងគ្រោះផងដែរ។

លោក គន់ គីម បានបញ្ជាក់ថា «ត្រូវតែមានស្មារតីយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតក្នុងការជួយសង្គ្រោះនេះ។ គ្រោះមហន្តរាយវាមិនប្រាប់យើងមុននោះទេ យើងត្រូវត្រៀមលក្ខណៈសម្បត្តិជួយដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ដូចជាពេលមានទឹកជំនន់ត្រូវរកទីទួលមានសុវត្ថិភាព ត្រូវជួយជម្លៀសពួកគាត់មករកទីទួលសុវត្ថិភាពធ្វើយ៉ាងណាកុំឱ្យរងគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគាត់»៕