(ព្រៃវែង)៖ គិតត្រឹមពីខែមករា ដល់សប្ដាហ៍ទី២ ខែកក្កដា ឆ្នាំ២០១៩នេះ អ្នកកើតជំងឺគ្រុនឈាម មានរហូតដល់ទៅ ២១,១៣០នាក់ ស្លាប់២៥នាក់ (អត្រាស្លាប់ ០.១២%) ក្នុងនោះខេត្ដចំនួន៩កំពុងប្រឈម (ឡើង,ចុះ) និង១៦ខេត្ដទៀតមានការថយចុះ។

នេះបើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសលោកស្រី អញ្ជើញចុះពិនិត្យស្ថានភាពជំងឺគ្រុនឈាម នៅតាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកអ្នកលឿង មន្ទីរពេទ្យខេត្ដព្រៃវែង និងចុះអប់រំសិស្សានុសិស្សពីជំងឺគ្រុនឈាម នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមសមាគម ។

លោកស្រីរដ្ឋលេខាធិការបានថ្លែងបញ្ជាក់ទៀតថា «ខេត្ដដែលកំពុងប្រឈម ឡើងចុះនៃជំងឺគ្រុនឈាមនេះ រួមមាន៖ ខេត្ដព្រៃវែង សៀមរាប ព្រះវិហារ កំពង់ស្ពឺ កណ្ដាល កែប កំពត មណ្ឌលគិរី និងក្រចេះ។ ដូច្នេះហើយ ទើបថ្ងៃនេះ យើងចុះមកពិនិត្យមើលពីស្ថានភាព និងណែនាំដល់គ្រូពេទ្យយើងបន្ថែមទៀត ទាំងការលើបច្ចេកទេសព្យាបាល និងការទប់ស្កាត់ជំងឺគ្រុនឈាម»

ជាពិសេសនោះ នៅក្នុងថ្ងៃនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានកំពុងតែចុះពិនិត្យស្ថានភាពជំងឺគ្រុនឈាម នៅមន្ទីរពេទ្យគន្ធបុប្ផា សៀមរាប មន្ទីរពេទ្យខេត្ដ និងតាមមណ្ឌលសុខភាពផងដែរ ។សម្រាប់មន្រ្តីថ្នាក់ដឹកនាំមួយចំនួនទៀត ក៏កំពុងតែចុះទៅពិនិត្យស្ថានភាព នៅតាមខេត្តដែលកំពុងប្រឈម ទាំង៩ខេត្តនេះផងដែរ។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបន្ដថា «បើគិតមកត្រឹមសប្ដាហ៍ទីពីរ ខែកក្កដា ឆ្នាំ២០១៩នេះ អ្នកជំងឺគ្រុនឈាម ទូទាំងខេត្ដព្រៃវែង មានជិត៦០០នាក់ ដោយ១៤៨នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យខេត្ដព្រៃវែង និង៤៥៨នាក់ (ស្លាប់ម្នាក់) ទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ។ ក្នុងនោះស្រុកដែលប្រឈមខ្ពស់ជាងគេនឹងជំងឺគ្រុនឈាម ក្នុងខែព្រៃវែង គឺនៅស្រុកកញ្ជៀច ដែលមានរហូតដល់ទៅ៥៨ករណី ក្នុងចំណោមស្រុកទាំង១២ ក្នុងខេត្ដព្រៃវែង»

លោកស្រីក៏បានអំពាវនាវ និងជំរុញលើកទឹកចិត្តដល់មន្រ្តីរបស់ខ្លួន បន្តខិតខំប្រឹងប្រែងយកចិត្តទុក្ខដាក់ជាប់ជានិច្ច ដើម្បីព្យាបាលសង្គ្រោះជីវិតពលរដ្ឋយើងឱ្យទាន់ពេលវេលា និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមលុបបំបាត់ជម្រកមូសខ្លា ដោយគ្មានដង្កូវទឹក គ្មានមូសខ្លា, គ្មានមូសខ្លា គ្មានភ្នាក់ងារចម្លងជំងឺគ្រុនឈាម ដល់ក្រុមគ្រួសាររបស់លោកអ្នកនោះឡើយ៕