(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានព្រមានដាក់ទោសដល់មន្ត្រីណា ដែលប្រព្រឹត្តបទល្មើសគ្រឿងញៀន នឹងចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន ហើយខេត្តត្បូងឃ្មុំ នឹងបង្កើតមណ្ឌលកែប្រែក្នុងពេលខាងមុខ ប្រយោជន៍ដើម្បីជួយបន្សាប ដល់ជនរងគ្រោះដោយសារធាតុគ្រឿងញៀន ហើយឈានក្លាយជាពលរដ្ឋល្អក្នុងសង្គម។

លោកថ្លែងបែបនេះ ក្នុងឱកាសលោក និងអភិបាលរងខេត្ត ព្រមទាំង មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុងសួង សិស្សានុសិស្ស ប្រជាពលរដ្ឋ រួមគ្នាប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០១៩ ក្រោមប្រធានបទ សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទីលានបាល់ទាត់វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

លោកថ្លែងសង្កត់ធ្ងន់ថា «សូមកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវតឹងរឹងបំផុតចៀសវាងឱ្យបានជាដាច់ខាត នូវកុំ៤ គឺ កុំពាក់ព័ន្ធ, កុំនៅពីក្រោយធ្វើជាបង្អែក, កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន»

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានថ្លែងទៅកាន់ក្មួយៗសិស្សានុសិស្ស ពិតជានឹងក្លាយជាយុវជនគំរូ និងជាជនបង្គោលដ៏សំខាន់ នៅក្នុងដំណើរការអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមរយៈការថែទាំខ្លួនឲ្យស្អាតស្អំ មិនប៉ះពាល់ជាមួយនឹងគ្រឿងញៀន និងជួយអប់រំណែនមិត្តភក្តិ និងគ្រួសារឲ្យចៀសឲ្យឆ្ងាយពីគ្រឿងញៀន ខុសច្បាប់គ្រប់ប្រភេទ។

បើតាមរបាយការណ៍ លោក គន់ សុភា អភិបាលរងខេត្ត និងលោឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការខេត្តបានបញ្ជាក់ឲ្យដឹងថា យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាល បានបង្ហាញថា បច្ចុប្បន្នខេត្តត្បូងឃ្មុំ មានអ្នកកំពុងប្រើគ្រឿងញៀន សរុបប្រមាណ ៨៩៦នាក់ ពិសេសនៅក្នុងសហគមន៍ខ្មែរឥស្លាម។ ចំនួននេះគួរឲ្យព្រួយបារម្ភ បើធៀបនឹងចំនួនអ្នកប្រើប្រាស់គ្រឿងញៀន ដែលបានស្ម័គ្រចិត្តចូលមកទទួលសេវ៉ាព្យាបាលបឋម នៅមណ្ឌលសុខភាពនៅមូលដ្ឋាន ប្រមាណគឺស្មើនឹង២,១២%ប៉ុណ្ណោះ, ធៀបនឹងចំនួនប្រើប្រាស់គ្រឿងញៀន ដែលទទួលសេវាព្យាបាល នៅតាមប្រព័ន្ធមណ្ឌលសុខភាពនានា ចំនួនត្រឹមតែ ១៩នាក់៕